សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ទៅ​កម្សាន្ត នៅ​ថ្ងៃ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃទី​១៤-១៦ មេសា​

(​ភ្នំពេញ​)៖ «​ខ្ញុំ​ស្រឡាញ់​ខេត្ត​ព្រះសីហនុ I Love Preah Sihanouk Province​។ សូម​អញ្ជើញ​មក​កំសាន្ត​នៅក្នុង​ថ្ងៃ​សង្ក្រាន្ត​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ពីថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ២០១៩ ខាងមុខនេះ​!» នេះ​គឺជា​សារ​អំពាវនាវ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩​។​

​អមដោយ​រូបថត​ជាច្រើន បង្ហាញ​ពី​ទេសភាព​ដ៏​ត្រកាល​នៃ​ទឹកដី​សមុទ្រ​ខេត្ត​ព្រះសីហនុ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា «​សង្ក្រាន្ត​សមុទ្រ​ខេត្ត​ព្រះសីហនុ​ I Love Preah Sihanouk Province​។ ខេត្ត​ព្រះសីហនុ សព្វថ្ងៃ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រោះ​មាន​ឆ្នេរសមុទ្រ​ធម្មជាតិ​ស្រស់ស្អាត​។ បច្ចុប្បន្ននេះ ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក៏​កាន់តែ​ងាយស្រួល ដោយសារ​ផ្លូវថ្នល់ និង​ស្ពាន​របស់​យើង​ធំ​ទូលាយ​ល្អ​»​។​

​សម្តេច​បន្តថា «​នៅពេល​ចូលឆ្នាំ​ខាងមុខនេះ ខេត្ត​ព្រះសីហនុ នឹងមាន​រៀបចំ​សង្ក្រាន្ត​សមុទ្រ ចាប់ពី​ថ្ងៃទី​១៤ -១៦ មេសា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី សង្ឃឹមថា បងប្អូន​នឹង​ទៅ​កំសាន្ត​នៅទីនេះ​ច្រើន​ជាមិនខាន​»​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា «​បងប្អូន​អាជីវករ ជាពិសេស​ផ្ទះសំណាក់ និង​សណ្ឋាគារ សុំ​កុំ​តម្លើងថ្លៃ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​បានមក​ស្នាក់នៅ​កំសាន្ត និង​ប្រើប្រាស់​សេវាកម្ម​នៅទីនេះ​បាន​ដូច​ធម្មតា​»៕​

អត្ថបទដែលជាប់ទាក់ទង