អត្ថាធិប្បាយ​: កម្ពុជា​កំពុង​ត្រៀមខ្លួន ដើម្បី​ចូលក្នុង​សេដ្ឋកិច្ច ឌីជីថល​

(​ភ្នំពេញ​)៖ កម្ពុជា កំពុង​ត្រៀមលក្ខណៈ​សម្រាប់​ឧស្សាហ៍កម្ម​ទី 4.0 និង​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ទីផ្សារ​មួយ​ផ្តោតជាសំខាន់​លើ​បច្ចេកវិទ្យា​ឌីជីថល ហើយ​ដែល​អ្នកជំនាញ​បាន​និយាយថា ដើម្បី​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ចូលរួម​ការអភិវឌ្ឍ​ប្រទេស ជាពិសេស​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល​នេះ យុវជន​ខ្មែរ​ត្រូវតែ​ពង្រឹងសមត្ថភាព​ជំនាញ​ដោយ​ខ្លួនឯង ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច​ថ្មី​មួយ​នេះ​នាពេល​អនាគត​។​

​យុវជន​កម្ពុជា​ភាគច្រើន នៅតែ​យល់​ច្រ​លំ​ថា ទាល់តែ​ធ្វើការ​ក្នុង​វិស័យ​ពត៌មាន​វិទ្យា IT ទើប​ពួកគេ​ទៅ​រៀន​មុខវិជ្ជា​ឌីជីថល​។ ឥឡូវនេះ សម័យ​ឧស្សាហ៍កម្ម​ទី 4.0 និង​សេដ្ឋកិច្ច​ឌីជីថល វិស័យ​ឧស្សាហ៍កម្ម កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម និយាយ​រួម​គ្រប់​វិស័យ​ទាំងអស់ រួមទាំង​វិស័យ​រដ្ឋបាល សុទ្ធតែ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព​ការងារ​។

ថ្មីៗ​នេះ មា​នស​ន្និសិទ​ថ្នាក់ជាតិ​មួយ ស្តីពី​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅកាន់​ឧស្សាហ៍កម្ម​ទី 4.0» ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ភ្នំពេញ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ សម្តេច​តេ​ជោ បានលើកឡើង​ពី​ផលប្រយោជន៍ និង​ផលប៉ះពាល់​ផ្សេងៗ ដែល​កើតមាន​ក្នុងការ​អភិវឌ្ឍ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​នេះ​។

​សម្តេច​បាន​លើកឡើងថា «​សេដ្ឋកិច្ច​ឌីជីថល វា​មានគុណ​សម្បត្តិ​របស់​វា ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេចគុណ​វិបត្តិ​ដែលជា​បញ្ហា​ប្រឈម​នៅក្នុង​យុគសម័យ​ថ្មី ដែល​អ្វីៗ​ត្រូវ​ជំនួស​ដោយ​គ្រឿងយន្ត ដែល​ប៉ះពាល់​ដល់​បញ្ហា​ការងារ​ធ្វើ​»​។ ឧស្សាហ៍កម្ម​ទី 4.0 គឺជា​និន្នាការ​ស្វ័យប្រវត្តិកម្ម និង​ការផ្លាស់ប្តូរ​ទិន្នន័យ​នៅក្នុង​បច្ចេកវិទ្យា​ផលិតកម្ម ឬ​ការផ្លាស់ប្តូរ​របៀប​ផលិត ដោយ​ពឹងផ្អែក​ខ្លាំង​លើ​បច្ចេកវិទ្យា​ជា​កម្លាំងចលករ ឌីជីថល​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទៅមុខ​លឿន​ជាង​មុន​។​

ប៉ុន្តែ​មាន​ហានិភ័យ​ខ្ពស់​នៅក្នុង​រយៈពេល​មួយ ដែល​យ៉ាងតិច​ពីរ​ទសវត្ស​ន៍​ខាងមុខ​នោះ​គឺ ហានិភ័យ​នៅក្នុង​ការបាត់​បង់ការ​ងារ ប៉ុន្តែ​ឱកាស​ការងារ​ថ្មីៗ​ក៏បាន​កើតឡើង​ដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន​ជាច្រើន នៅ​ប្រទេស​កម្ពុជា បាន​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​កាន់តែខ្លាំង​ឡើងៗ ដើម្បី​សម្រួល​ដល់​អាជីវកម្ម​របស់ខ្លួន​។ ប្រទេស​កម្ពុជា កំពុង​ដើរ​នៅលើ​ផ្លូវ​ត្រឹមត្រូវ​ហើយ ដោយបាន​ចាប់យក​ឧស្សាហ៍កម្ម​ទី 4.0 ទាន់ពេល​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ក្នុងការ​ពង្រឹង​ជំនាញ​បច្ចេកវិទ្យា​របស់​យុវជន ពង្រឹង​ជំនាញ​ឌីជីថល​នៅតាម​សាលារៀន វិទ្យាល័យ និង​សាកលវិទ្យាល័យ​។​

​របាយការណ៍​ទស្សនៈវិស័យ​ការងារ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ បង្ហាញថា ឱកាស​ការងារ​បាន​កើនឡើង​ខ្លាំង គឺ​ទាក់ទង​នឹង​ពត៌មាន​វិទ្យា កុំព្យូទ័រ​ក្នុង​វិស័យ​វិស្វកម្ម ។ ការពង្រីក​ចំណេះដឹង ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ឌីជីថល សម្រាប់​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល ជា​បញ្ហាសំខាន់​ណាស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឲ្យ​បាន​លឿន​ទៅមុខ ហើយ​យើង​មិនអាច​និយាយថា កម្ពុជា ដើរ​ពីក្រោយ​គេ​ទៀត​ទេ ពីព្រោះ​យុគសម័យ​ឧស្សាហ៍កម្ម​ទី 4.0 និង​សេដ្ឋកិច្ច​ឌីជីថល ទើបតែ​ចាប់​ផ្តើមឡើង​។

​ជាមួយនឹង​ការត្រៀមខ្លួន ដើម្បី​ចូលទៅក្នុង​សេដ្ឋកិច្ច​ឌីជីថល ដែល​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន និង​កំពុង​អភិវឌ្ឍ​កំណែទម្រង់​ជា​កញ្ចប់ ដែលមាន​ភាព​មុត​ស្រួច​។

​នៅ​ថ្ងៃទី​២៩ ខែមីនា នៅក្នុង​វេទិកា​នៃ​រាជរដ្ឋាភិបាល និង​ឯកជន សម្ត​ច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់ចេញ​វិធានការ​កំណែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ចំនួន ១៧​ចំណុច ដែល​កំណែទម្រង់​នេះ អាចធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​អាច​ឲ្យ​កម្ពុជា​ឈរ​ដោយ​ខ្លួនឯងបាន​។ វិធានការ​ទាំងនោះ រួមមាន គឺ​ការ​កាត់​ន្ថ​យ​ការចំណាយ​របស់​ក្រុមហ៊ុន​ឯកជន ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា ក្នុងនោះ រួមមាន ការកែសម្រួល​ស្ថាប័នគយ ការដក​កាំ​កុង​ត្រូវ​ចេញពី​តាម​ច្រកព្រំដែន និង​ការ​លុបចោល​នូវ​ភ្នាក់ងារ​កម្ពុជា នាវាចរណ៍​ហៅ​កាត់​ថា កាំសាប ការកាត់បន្ថយ​ថ្លៃ​លើកដាក់​ទំនិញ​នៅ​កំពង់ផែ ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន ការកាត់បន្ថយ​ថ្លៃ​ស្កេ​ន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យជាតិ ការកាត់បន្ថយ​ការចុះ​ធ្វើ​អធិការកិច្ច​នៃ​ស្ថាប័ន​ចម្រុះ​ឲ្យ​មក​នៅ​ក្រោម​​ស្ថាប័ន​តែមួយ រួមទាំង​ការលើកលែង និង​កាត់បន្ថយ​ការចំណាយ​លើ​សេវាកម្ម​ផ្សេងៗ​ទៀត ជាដើម ការដក​ត្រឡប់​មកវិញ​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន និង​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស ដើម្បី​ជំរុញ​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ប្រើប្រាស់​អស់​លទ្ធភាព និង​សក្តានុពល ដែលមាន​។

​ការដាក់ចេញ​កញ្ចប់​វិធានការ​កែទម្រង់​នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ក្នុង​គោលដៅ​ធានា​ចីរភាព​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន មាន​ភាព​ធុន​សម្រាប់​រយៈពេល​វែង និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព ឲ្យ​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រជាជន​កម្ពុជា​។​

​ជាការ​ពិតណាស់ ក្នុងពេលដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​តែមាន​ការវិវត្ត​យ៉ាង​លឿន ហើយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​​​​ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​រឹងមាំ ក្នុងចំណោម​បណ្តា​ប្រទេស​ចម្រើន​ជឿនលឿន​ដទៃទៀត យុវជន​កម្ពុជា​គ្រប់រូប គួរតែ​បង្កើន​ការសិក្សា និង​ពង្រឹង​ជំនាញ ចំណេះដឹង​ឌីជីថល ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ដើម្បី​តាម​ឲ្យ​ទាន់ និង​ឲ្យ​បាន​មុនគេ​ឧស្សាហ៍កម្ម​ទី 4.0 និង​ទីផ្សារ​សេដ្ឋកិច្ច​ឌីជីថល​សម័យថ្មី​នេះ​៕ កញ្ញា ថ្ម ដា​

អត្ថបទដែលជាប់ទាក់ទង