អភិបាលខេត្តកំពង់ធំ ចែកអំណោយដល់គ្រួសាររលំផ្ទះដោយខ្យល់កន្រ្តាក់ និងពលរដ្ឋខ្វះខាត៣០គ្រួសារ

(កំពង់ធំ)៖ ឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ និងលោកស្រី ឌុក ស៊ីដា នាយិការកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងប្រតិភូអមដំណើរ បានចុះចែក អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ និងពលរដ្ឋក្រីក្រ សរុប៣០គ្រួសារ ស្ថិតនៅភូមិនីពេជក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

 

ប្រជាពលរដ្ឋដែលបានមកទទួលអំណោយពីកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ នាពេលនេះមានខ្នងផ្ទះដែលត្រូវបានដួលរលំដល់ដីមាន៣គ្រួសារ ផ្ទះដែលត្រូវខ្យល់វាយប៉ើងដំបូល៨គ្រួសារ និង១៩គ្រួសារទៀត គឺជាគ្រួសារខ្វះខាត មានជីវភាពលំបាក។ ដោយមួយគ្រួសារទទួលបាន តង់០១ អង្ករ៣០គ.ក មី០១កេស  ត្រីខ០១យួរ ធុងចំរ៉ោះទឹក០១ ធុងដាក់ទឹកចំណុះ០៨L ០១ កន្ទេល០១ ឆ្នាំងបាយ០២ និងថវិកា១០ម៉ឺនរៀល ក្នុងនោះ ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ  បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសារដែលផ្ទះរលំបាក់ខ្ទេចដល់ដី៣គ្រួសារ ក្នុងមួយគ្រួសារ១០០ដុល្លា ដែលជាថវិកាផ្ទាល់ខ្លួន។

 

សកម្មភាពចុះចែកអំណោយ ត្រូវបានចុះដល់ទី តាំងផ្ទាល់របស់គ្រួសាររងគ្រោះ ក្រោយពីបានផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះ ឯកឧត្តម អភិបាលខេត្ត បានឲ្យកងកម្លាំង ចំម្រុះដែលមានប៉ូលិស ប៉េអ៉ឹម ទាហាន និងប្រជាការពារ រួមគ្នា រុះរើផ្ទះដែលរលំ ដើម្បីរៀបចំទុកដាក់ គ្រឿងផ្ទុះឲ្យបានសមរម្យ ងាយស្រួលសាងសង់ លំនៅដ្ឋានថ្ងៃក្រោយ។

 

ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានសម្តែងនូវការសោកស្តាយ និងយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនិងគ្រោះមហន្តរាយ ម្តងហើយម្តងទៀត ពីគ្រោះធម្មជាតិ នារដូវប្រាំងនេះ និងបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ពេលមានភ្លៀងធ្លាក់ អាចនឹងមានផ្គររន្ទះ ត្រូវរកកន្លែងសុវត្ថិភាព ដើម្បីបញ្ជៀសគ្រោះជាយថាហេតុ។

 

ឯកឧត្ដម សុខ លូ បានមានប្រសាសន៍ថា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ត ស្រុក ចុះជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យរងគ្រោះដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ! ទីណាមានទុក្ខ ជួបនឹងគ្រោះមហន្តរាយ ទីនោះមានសាខាកាកបាទក្រហមកម្ពុជា ជួយបានទាន់ពេលវេលា ទីណាបានទុក្ខ ទីនោះមានអ្នកស័្មគ្រចិត្តកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច៕ (SN-សុផាត)

អត្ថបទដែលជាប់ទាក់ទង