រថយន្តដឹកស្រាបៀរអង្គរ បុករថយន្តដឹកស្រាបៀរកម្ពុជា ព្រោះគេចពីរថយន្តក្រុងដែលឈប់កណ្តាលផ្លូវ!

(កំពង់ធំ)៖ រថយន្តដឹកស្រាបៀរនៃក្រុមហ៊ុនល្បីៗរបស់កម្ពុជា២គ្រឿង សំរុកដឹកស្រាបៀរ យកទៅស្តប់ទុកតាមដេប៉ូបោះដុំ នៃបណ្តាខេត្តនានា សម្រាប់ផ្តត់ផ្គងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ហើយបានបុកគ្នាយ៉ាងពេញទំហឹងលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកព្រះវិហារ សៀមរាប ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

រថយន្តទាំង២ត្រូវបានគេដឹងថា ជារថយន្តដឹកស្រាបៀរក្រុមហ៊ុនអង្គរ បុកជាមួយរថយន្តដឹកស្រាបៀរកម្ពុជា នាវេលាម៉ោង១០:២៥នាទី ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩។ ករណីគ្រោះថ្នាក់ចរាចរនេះ រថយន្តទាំង២ គឺបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់០១នាក់ និងខូចខាតរថយន្ត០១គ្រឿង។

 

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចរាចរណ៍  នៃអធិការដ្ឋានស្រុកកំពង់ស្វាយថា ករណីនេះ គឺបង្ករឡើងដោយ រថយន្តម៉ាកហីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 3A-2009 របស់ក្រុមហ៊ុនស្រាបៀរអង្គរ (បើកបរទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ សេង ដែន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអំពៅឌៀប ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប (មុខរបរបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរ)(របួសធ្ងន់)។

 

ចំណែករថយន្តហីយ៉ានដាយ ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-2158 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា(បើកបរពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល(ដោយការភ័យខ្លាច តាមទំលាប់អ្នកបើកបរដែលគ្មានការទទួលខុសត្រូវ បើទោះជាត្រូវក្តី ខុសក្តី ឃើញសភាពថាមិនស្រួលហើយ គឺរត់គេចខ្លួន!)។

 

រីឯសាច់រឿងដែលបង្ករមកពីអ្នកបើកបររថយន្តស្រាបៀរអង្គរ បើកបរជៀស រថយន្តក្រុងដែលឈប់លើផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តដឹកស្រាបៀរកម្ពុជា ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា។ សូមបញ្ជាក់ថា ចំណុចផ្លូវបំបែកនេះបានបង្ករគ្រោះថ្នាក់ជាច្រើនករណីមកហើយ ដោយសារតែចំណុចនេះ ជាបេនឡានអានាធិបតេយ្យ ចាប់ម៉ូយប្រសេចប្រសាច ឈប់រថយន្តដោយគ្មានសណ្តាប់ធ្នាប់ ចំណែករថយន្តក្រុង រថយន្តតូរីស និងរថយន្តរត់តាក់ស៊ីជាច្រើនទៀតឈប់ស្ទើរតែកណ្តាលថ្នល់ ក្នុងនោះក៏ពុំមានសមត្ថកិច្ចណា អើពើចាត់វិធានការ ឬលុបបំបាត់បេនឡានអាណាធិបតេយ្យនេះបានដែរ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់រៀងមក!៕ (SN-សុផាត)

 

អត្ថបទដែលជាប់ទាក់ទង