ចង់ដឹងអាចសាកបាន! លោកអភិបាលខេត្តស្វាយរៀង នឹងអនុវត្តអភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន​ សែន បើរកឃើញថា អាជ្ញាធរណាឲ្យឈ្មួញទុច្ចរិតដឹកជ្រូកចូលកម្ពុជាដោយខុសច្បាប់!

(ស្វាយរៀង)៖ ក្រោយពីផ្ទុះរឿងចាប់បានឡានដឹកជ្រូកចេញពីប្រទេសវៀតណាមរួច លោកអភិបាលខេត្តស្វាយរៀងនឹងអនុវត្តអភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន​ សែន បើរកឃើញថាអាជ្ញាធរណាឲ្យឈ្មួញទុច្ចរិតដឹកជ្រូកដោយខុសច្បាប់។

លោក ម៉ែន វិបុល ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងាត្រីមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង/ស្រុក កងកម្លាំងទាំង៣ និងទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្តជាច្រើនរូបទៀត ។

លោកអភិបាលខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា៖ ត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះបញ្ហាឈ្មួញទុច្ចរិត លួចដឹកជ្រូកចូលមកតាមច្រកនានាពីប្រទេសវៀតណាម។ ក្នុងករណីមានការលួចដឹកជ្រូកចូលតាមច្រកណាមួយ ហើយមិនបានអនុវត្តន៍ ចាត់វិធានការទៅលើឈ្មួញទុច្ចរិតទាំងនោះទេ ប្រធានវីរៈព្រំដែន ឫអ្នកកាន់នៅតំបន់នោះនឹងត្រូវទទួលនូវវិន័យ គឺអភិក្រមទី៥ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លោកបាន ផ្ដាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវរួបរួមគ្នា សាមគ្គីភាពផ្ទៃក្នុងដើម្បីចូលរួមបង្ក្រាបរាល់ មុខសញ្ញាដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ប្រសិនបើជ្រូកនៅតែមានលួចដឹកចូលមកកម្ពុជាដោយខុសច្បាប់ទៀត តាមមូលដ្ឋានណា អ្នកគ្រប់គ្រងមូលដ្ឋាននោះជាអ្នកទទួលសូខត្រូវ លោកនឹងអនុវត្តន៍អភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងច្បាប់៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង