NEWS UPDATED: ជ្រូក៨៩ក្បាល នៃជ្រូក១៤៦ក្បាល សង្ស័យមកពីវៀតណាម ត្រូវពិន័យត្រឹម២៥លានរៀល!

(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀងថា សមត្ថកិច្ច ចម្រុះបានចាប់ឃាត់រថយន្តដឹកជ្រូក៣គ្រឿងកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅស្រុករមាសហែក និងក្រុងស្វាយរៀង ដែលសង្ស័យនាំចូលពីប្រទេសវៀតណាមនោះ មន្ត្រីជំនាញបានយកឈាមជ្រូកទៅពិនិត្យនៅក្រសួងរួចរាល់ហើយ ជាលទ្ធផលឈាមវិញពុំមានវីរុសទេ។

លោក ថាច់ រតនា បានបញ្ជាក់ឲ្យ Swift News ដឹងថា មន្ត្រីបានផាកពិន័យក្រុមហ៊ុនស៊ីភី(CP) ជ្រូក១៥ក្បាល ពិន័យជាប្រាក់១៥លានរៀល និងរថយន្តមួយគ្រឿងដឹកជ្រូក៣៤ក្បាល ពិន័យជាប្រាក់១០លានរៀល។ «បើក្រសួងពិន័យលើសហ្នឹង យើងនឹងហៅមកពិន័យបន្ថែមទៀត ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ដូចជាទី១ ដឹកកុំឲ្យខុសទិសដៅ ខុសផ្លូវ។ ទី២ តម្រូវឲ្យរថយន្តពាក់ស្លាកលេខឲ្យបានត្រឹមត្រូវ ដើម្បីចេញលិខិតបញ្ចាក់ដឹកត្រូវនឹងរថយន្ត និងទី៣ ដឹកជ្រូកមិនឲ្យ លើសចំនួនឡើយ»។ រីឯរថយន្តមួយគ្រឿងទៀតដែលទិញជ្រូកគ្មានប្រភពច្បាស់លាស់ទិញតាមម៉ូតូ សង្ស័យទិញជ្រូកវៀតណាមក៏ឲ្យធ្វើកិច្ចសន្យាដែរ ។

លោក ថាច់ រតនា បានបញ្ចាក់ថា៖  លោកអភិបាលខេត្តស្វាយរៀង បានចាត់វិធានការយ៉ាងតឹងរឹងបំផុត តម្រូវឲ្យសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ នៅខេត្តស្វាយរៀង ត្រូវទទួលខុសត្រូវបើហ៊ានអនុញ្ញាតឲ្យជ្រូកចូលមកទឹកដីខេត្តស្វាយរៀង ហើយក្នុងនោះក៏បានណែនាំដល់លោកមេឃុំ មេប៉ុស្តិ៍ ត្រូវតាមដាន និងស្រង់ព័ត៌មានឲ្យបានច្បាស់រាល់ការចិញ្ចឹមជ្រូករបស់ពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅជិតព្រំដែនវៀតណាម ដែលចិញ្ចឹមជ្រូកខ្លាចមានការបន្លំចូលនាំជ្រូកមកស្តុកទុក ហើយនាំមកលក់ក្នុងស្រុក និងនាំទៅចែកចាយក្រៅក្នុងប្រទេសកម្ពុជា៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង