គណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៉ី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ គណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តមសេនីយ៍ អូឡែក សាលយូកូវ (OLEG SALYUKOV) អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពសហព័ន្ធរុស្សី នៅក្រសួងការពារជាតិរុស្សី នៃរដ្ឋធានីម៉ូស្គូ។

នៅក្នុងឱកាសនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានពិភាក្សាការងារ ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ អូឡែក សាលយូកូវ បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកនៅទីក្រុងមូស្គូ សហព័ន្ធរុស្សី។

លោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ចំណែក កងទ័ពជើងគោកសហព័ន្ធរុស្សី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ អូឡែក សាលយូកូវ អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពសហព័ន្ធរុស្សី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-រុស្សី។

ចំណែកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជាជាយូរណាស់មកហើយ។

ក្នុងថ្ងៃដដែលនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៃសហព័ន្ធរ៉ុស្ស៊ី នៅទីលានក្រហមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង