AFC U23 2020: គ្រាន់តែការប្រកួតជម្រុះថ្ងៃដំបូងមានគ្រាប់កើតឡើងជាង៩០គ្រាប់

(អាស៊ី)៖ ការប្រកួតជម្រុះបាល់ទាត់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំសម្រាប់ឆ្នាំ២០២០នៅប្រទេសថៃបានចាប់ផ្តើមប្រកួតកាលពីម្សិលមិញ ដោយក្រុមទាំង៤៣ប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក រហូតដល់មានគ្រាប់បាល់កើតឡើងដល់ទៅ៩៣គ្រាប់ឯណោះ។ ពោលគឺមួយប្រកួតជាមធ្យមជាង៤គ្រាប់។

បើប្រៀបធៀបទៅនឹងការប្រកួតជម្រុះឆ្នាំ២០១៨ ឃើញថាលើកនេះមានការស៊ុតបញ្ចូលទីគ្នាច្រើនបំផុត វាស្មើជិតពាក់កណ្តាលពេញការប្រកួតជម្រុះទាំងមូលកាលនោះ។ តំបន់ដែលស៊ុតបញ្ចូលទីច្រើនជាងគេគឺនៅអាស៊ីខាងកើតមានរហូតដល់ទៅជាង
៥០គ្រាប់ឯណោះ។

ការប្រកួតក្នុងពូល A អូម៉ង់ឈ្នះណេប៉ាល់១ទល់នឹង ០និងកាតាឈ្នះអាហ្កានីស្ថាន ២ទល់នឹង០។ ពូលB ប៉ាឡេស្ទីនឈ្នះស្រីលង្កា ៩ទល់នឹង០ និងបារ៉ែនឈ្នះបង់ក្លាដេស ១ទល់នឹង០។ ពូលC យុវជនអ៊ីរ៉ាក់ឈ្នះយេមែន ៥ទល់នឹង០ និងអ៊ីរ៉ង់ឈ្នះទែកមេនីស្ថាន៣ទល់នឹង១។ ពូលD អារ៉ាប់រួមឈ្នះលីបង់ ៦ទល់នឹង១ និងអារ៉ាប៊ីសាអូឌីតឈ្នះម៉ាល់ឌីវ ៦ទល់នឹង០។ ពូលE ស៊ីរីឈ្នះគីជីហ្សស្ថាន២ទល់នឹង០ និងហ្សក់ដានីឈ្នះគុយវ៉ែត ២ទល់នឹង១។ ពូលF ដែលមានតែបីក្រុម ឥណ្ឌាចាញ់អ្នកការពារតំណែងជើងឯក អូសបែកគីស្ថាន ០ទល់នឹង៣។

សម្រាប់លទ្ធផលនៅអាស៊ីខាងកើតពូលG ហុងកុងស្មើសិង្ហបុរី ១ទល់នឹង១ និងកូរ៉េខាងជើងឈ្នះម៉ុងហ្គោលី ១ទល់នឹង០។ ពូលH កូរ៉េខាងត្បូងឈ្នះឆាយនីសតៃប៉ិ ៨ទល់នឹង០ និងអូស្ត្រាលីឈ្នះកម្ពុជា ៦ទល់នឹង០។ ពូលI ជប៉ុនឈ្នះម៉ាកាវ ៨ទល់នឹង០ និងសហភាពមីយ៉ាន់ម៉ាឈ្នះទីម័រខាងកើត ៧ទល់នឹង០។ ពូល J ចិនឈ្នះឡាវ ៥ទល់នឹង០ និងម៉ាឡេស៊ីឈ្នះហ្វីលីពីន៣ទល់នឹង០។ ចំនែកពូលKថៃឈ្នះឥណ្ឌូនេស៊ី ៤ទល់នឹង០ និងវៀតណាមឈ្នះប៊្រុយណេ៦ទល់នឹង០។

ការប្រកួតជម្រុះថ្ងៃទី២គ្រប់ពូលទាំងអស់នឹងលេងនៅថ្ងៃទី២៤ ខែមីនាស្អែកនេះ។ អ្នកតាមដានបាល់ទាត់មានជំនឿថាអាចនឹងមានគ្រាប់បាល់ច្រើនបន្ថែមទៀតដោយសារតែការប្រកួតជម្រុះនេះ ក្រុមចូលរួមច្រើនរហូតដល់ទៅ៤៣ក្រុម នឹងយកក្រុមឡើងតែ១៦ក្រុមបូកទាំងម្ចាស់ផ្ទះ។

ក្រុមទាំងឡាយណាដែលបញ្ចប់ការប្រកួតជម្រុះទាំងបីថ្ងៃ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល(១១ពូលស្មើក្រុមលេខ១ ១១ក្រុម) និងក្រុមលេខ២ល្អបំផុត៤ក្រុមបានឡើងទៅជុំចុងក្រោយប្រទេសថៃឆ្នាំ២០២០។ តែបើថៃ(ម្ចាស់ផ្ទះឡើងដោយស្វ័យប្រវត្តិ) ឈរនៅលេខ១ និងលេខ២ល្អបំផុត ក្រុមលេខ២ល្អបំផុតទី៥ត្រូវឡើង។

ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំ២០២០ នឹងដំណើរការប្រកួតនៅខែមករា ឆ្នាំ២០២០នៅប្រទេសថៃ។ ក្រុមលេខជាជើងឯក លេខ២ និងលេខ៣ បានកៅទៅលេងអូឡាំពិករដូវក្តៅ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង