Top News៖ ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស បើកចំហរ ទទួល​ការវិនិយោគ​ពី​បរទេស​គ្រប់ទិសទី​!

(​ខេត្តកំពង់ស្ពឺ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យ៉ាងច្បាស់ជាថ្មីម្តងទៀត​​ថា កម្ពុជា​ត្រូវការ​ការវិនិយោគ​ពី​គ្រប់​ទីកន្លែង ឲ្យ​តែ​មក​វិនិយោគ​នៅ​កម្ពុជា មិន​ថា ចិន ឬ​ប្រទេស​ដៃគូ​ណា​នោះទេ ដោយ​កម្ពុជា​មិន​បដិសេធ និងមិន​មានការរើស​អើ​ង​​ឡើយ​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ២០០០ លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា « យើង​កំពុង​ត្រូវការ​ទុន​បន្ថែមទៀត ពី​ដៃគូ​អភិវឌ្ឍន៍​របស់​យើង ដែល​ក្នុងនោះ គឺ​មិត្ត​ចិន ក៏​ក្លាយជា​ចំណុច ជា​ទុន​មួយ ដែល​សម្រាប់​ផ្តល់​ឲ្យ​យើង​។ ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ ខ្ញុំ​សូមបញ្ជាក់​ជាមួយ​ដៃគូ​ដទៃ​ទៀតថា ខ្ញុំ​មិន​បដិសេធចោល​ជាមួយ​បរទេស​ណា​ទាំងអស់ សូម​អញ្ជើញ​មក​វិនិយោគ សូម​អញ្ជើញ​ផ្តល់ប្រាក់​កម្ចី​ឲ្យ​កម្ពុជា​បន្តទៅទៀត ព្រោះ​យើង​ត្រូវការ​ដៃគូ​ទាំងអស់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា «​មាន​អ្នកខ្លះ គេ​បាន​និយាយថា យើង​ផ្អែកលើ​ចិន​ច្រើនពេក ធ្វើ​ឲ្យ​លម្អៀង​ទៅរក​ចិន ធ្វើ​ឲ្យ​គេ​រកស៊ី​មិនបាន​។ ប៉ុន្តែ​ខ្ញុំ​សូម​សួរ​បក​ត្រលប់​ទៅវិញ​ថា តើ​អ្នក​បានមក​រកស៊ី​ជាមួយ​ខ្ញុំ ទៅលើ​បញ្ហា​អី​? លើ​បញ្ហា​អី​ឲ្យ​ប្រាកដ​? អ្នក​មិនទាន់​ដែល​បាន​ស្នើសុំ​ការវិនិយោគ​ពី​ខ្ញុំ ហើយ​ទទួល​ការទាត់ចោល​ពី​ខ្ញុំ​ឯណា​? អត់​មាន​ផង​! បែរ​ទៅជា​និយាយថា ស្អី​ឡើង​ក្រុមហ៊ុន​ចិន ស្អី​ឡើង​ក្រុមហ៊ុន​ចិន​។ ចុះបើ​ចិន មកសុំ​វិនិយោគ ឲ្យ​យើង​បដិសេធ​ធើ​ម៉េច​? យើង​មិនដែល​ទាត់ចោល​ក្រុមហ៊ុន​ណាមួយ​ទេ​។ នៅទីនេះ យើង​មាន​ក្រុមហ៊ុន​ចិន យើង​មាន​ក្រុមហ៊ុន​វៀតណាម​។ វៀតណាម​វិនិយោគ​នៅ​កម្ពុជា​មិនតិច​ដែរ​ទេ​។ ការវិនិយោគ​ទូរស័ព្ទ ការវិនិយោគ​លើ​ការផលិត​ជី មន្ទីរពេទ្យ ការវិនិយោគ​ទៅលើ​បញ្ហា​កសិកម្ម​។ ថៃ​ក៏មាន​ការវិនិយោគ​នៅ​កម្ពុជា យើង​មាន​ដែល​បដិសេធ​ឯណា​! ម៉ាឡេស៊ី អា​ប្រព័ន្ធ​ស្មា​ត​នេះ​។ មកពី​កូរ៉េខាងត្បូង មកពី​ជប៉ុន មកពី​អាមេរិក មកពី​អឺរ៉ុប មក​ច្រើន​ប្រទេស​ណាស់ នៅក្នុង​ប្រទេស​របស់​យើង​។ សុម​ស្វាគមន៍ មក​ទាំងអស់​! ហើយ​ខ្ញុំ​និយាយ​ជាមួយ​មិត្ត​ចិន នៅ​កន្លែង​នេះ ដើម្បី​ឲ្យ​សារ​អ្នកឯង ព្រោះ​ខ្ញុំ​មិន​គ្រាន់​និយាយថា អត់​នេះ​ទេ​! ព្រោះ​មិត្ត​ចិន​តែម្នាក់ឯង ក៏​គាត់​វិនិយោគ​មិន​គ្រប់​ដែរ​! យើង​ត្រូវការ​ការវិនិយោគ​ពី​គ្រប់​ទីកន្លែង ឲ្យ​តែ​មក​វិនិយោគ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​កន្លងទៅ ធនាគារ​អឺរ៉ុប ក៏បានផ្តល់​ប្រាក់កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល​។ ធនាគារអភិវឌ្ឍន៍​អាស៊ី ផ្តល់ប្រាក់​កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល​។ ធនាគារពិភពលោក ផ្តល់ប្រាក់​កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល​។ យើង​ទទួល​ទាំង​អស់​។ សូម​អញ្ជើញ​មក​! ពី​គ្រប់​ទីកន្លែង​! អង់គ្លេស​គេ​ថា​ម៉េច​? Every Where​។ មក​! ខ្ញុំ​ស្វាគមន៍​តើ​! ខ្ញុំ​អត់​មាន​បិទទ្វារ សម្រាប់​នរណា​ទាំងអស់​! សូម​អញ្ជើញ​មក​»​។​

​ជាមួយនឹង​ការប្រកាស​ស្វាគមន៍​ការវិនិយោគ​ពី​បរទេស​គ្រប់ទិសទី​ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា «​ប៉ុន្តែ​កុំ​និយាយ​តែ​មាត់ រួចហើយ ដាក់​កម្ពុជា​ទៅក្នុង​ភូមិសាស្ត្រ​នយោបាយ គឺ​អត់​មាន​ផ្លូវ​ទេ​! កម្ពុជា​ត្រូវការ​មិត្ត​ភ័ក្តិ ក្នុងឋានៈ​ជា​ដៃគូ ស្មើភាព ស្មើ​សិទ្ធិ​តែប៉ុណ្ណោះ ហើយ​កម្ពុជា​ត្រូវការ​អភិវឌ្ឍន៍ ដោយមាន​មិត្ត​ភ័ក្តិ​ចូលរួម នៅក្នុង​ការជួយ​ដល់​កម្ពុជា តាមរយៈ​ជំនួយឥតសំណង​ក្តី តាមរយៈ​ហិរញ្ញប្បទាន​សម្បទាន​ក្តី តាមរយៈ​នៃ​ការ​រុញ​អ្នកវិនិយោគ​ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា​ក្តី​។ នេះ​ជា​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដែល​គ្មាន​ការរើសអើង ជាមួយ​នរណា​ទាំងអស់​។ កម្ពុជា​សុំ​តែមួយគត់ គឺ​រាល់​ការធ្វើសកម្មភាព និង​ភាពជា​ដៃគូ ក្នុង​ទំនាក់ទំនង គឺ​សុំ​នូវ​ការគោរព​នូវ​ឯករាជ្យ អធិបតេយ្យ​របស់​កម្ពុ​ជា​តែប៉ុណ្ណោះ ក្នុងឋានៈ​ជា​ដៃគូ​ស្មើភាព ស្មើ​សិទ្ធិ​ជាមួយគ្នា​។ មិត្ត​ភ័ក្តិ ក្នុងចំណោម​អាស៊ាន​របស់​យើង បាន​រកស៊ី​ជាមួយគ្នា ពី​គ្រប់​ទីកន្លែង យើង​ស្វាគមន៍​ទាំងអស់​»​។​

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកសរសើរ​ចំណុច​ល្អ​របស់​ក្រុមហ៊ុន​ចិន ដែល​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន​ចិន តែងតែ​អនុវត្តបាន​ជោគជ័យ​នូវ​រាល់​គម្រោង​ទាំងអស់ បើទោះបីជា​ស្ថិតនៅក្នុង​សភាពការណ៍​វិបត្តិ​សេដ្ឋកិច្ច ឆ្នាំ​២០០៨ ក៏ដោយ​៕​

អត្ថបទដែលជាប់ទាក់ទង