នាយករដ្ឋមន្ត្រី ប្រកាសថា កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ខែឧសភា ឆ្នាំ​២០២៣

(​ខេត្តកំពង់ស្ពឺ​)៖ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ខែឧសភា ឆ្នាំ​២០២៣​។ ការសម្រេច​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា ក្រោយពី​ផ្លូវ​ល្បឿន​លឿន​សាងសង់​រួចរាល់ នឹង​ជួយ​សម្រួល​ដល់ ដំណើរការ​រៀបចំ​កីឡា​មួយចំនួន នៅ​ខេត្ត​ព្រះសីហនុ​។ ព្រឹត្តិការណ៍​កីឡា​នៅ​តំបន់​អាស៊ាន​នេះ ក៏​នឹង​ធ្វើឡើង នៅ​មុនពេល​កម្ពុជា រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅ​ខែមីនា ឆ្នាំ​២០២៣ ខាងមុខនេះ កម្ពុជា​នឹងមាន​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​ផ្លូវ ដែលមាន​តម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ​នេះ បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ គឺ​នៅ​ខែឧសភា ឆ្នាំ​២០២៣ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ដំណើរការ​សាងសង់​ផ្លូវ​បង់លុយ​នេះ មាន​រយៈពេល ៤​ឆ្នាំ ពោលគឺ​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣៕​

អត្ថបទដែលជាប់ទាក់ទង