សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ឲ្យ​សាងសង់​អគារ​ទំនើប​មួយ នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ នៅ​ឆ្នាំ​២០២២

(​ខេត្តកំពង់ស្ពឺ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​សាងសង់​អគារ​សន្និសីទ​ទំនើប​ធំ​មួយ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ប្រទេស​ដៃគូ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២២​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​ឆ្នាំ​២០២២ កម្ពុជា​ជា​ម្ចាស់ផ្ទះ​ប្រជុំ​កំពូល​អាស៊ាន​។ ក្នុងនោះ យើង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ខេត្តសៀមរាប ហើយ​កិច្ចប្រជុំ​អាស៊ាន ជាមួយ​ប្រទេស​ដៃគូ នឹងធ្វើ​ឡើង នៅ​ខេត្ត​ព្រះសីហនុ​។ នៅពេលនេះ ក្រុមហ៊ុន​ចិន កំពុង​ពង្រីក​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ ហើយ​នៅពេលនោះ យន្តហោះ​ធំៗ របស់​មេដឹកនាំ​លើ​ពិភពលោក រួមទាំង​អាមេរិក​ផង នឹង​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុងមាន​ការរីក​ចម្រើន និង​សាងសង់​អគារ​ខ្ពស់ៗ​យ៉ាងច្រើន​។

កម្ពុជា​បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​កំពូល​អាស៊ាន ២លើក រួចមកហើយ។ លើកទី១ នៅឆ្នាំ២០០២ និងកិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី២ នៅឆ្នាំ២០១២​។ កិច្ច​ប្រជុំ​​កំពូល​អាស៊ាន ទាំងពីរ​លើក និង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន ជាមួយ​​ដៃគូ​ពាក់ព័ន្ធ បាន​ធ្វើ​ឡើង​​នៅ​រាជ​ធានី​ភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង