AFC U23 2020: យប់នេះកម្ពុជា បើកយុទ្ធនាការប្រកួតជម្រុះជាមួយអូស្ត្រាលី

(កម្ពុជា)៖ ថ្ងៃនេះ៤៣ក្រុមនៅអាស៊ី បើកយុទ្ធនាការប្រកួតជម្រុះ រកកៅអី១៥កន្លែង ក្នុងការប្រកួតបាល់ទាត់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ២០២០នៅប្រទេសថៃ នាខែមករា ហើយការប្រកួតនេះក៏ប្រើសម្រាប់អូឡាំពិក២០២០នៅតូក្យូប្រទេសជប៉ុនដែរ។

យុវជនកម្ពុជាបើកយុទ្ធនាការពូល H ដោយត្រូវជួបជាមួយក្រុមខ្លាំងអូស្ត្រាលីវេលាម៉ោង៨និង០០នាទីយប់នៅពហុកីឡដ្ឋានជាតិ។ ឯកូ៉រ៉េខាងត្បូង ប្រកួតជាមួយឆាយនីសតៃប៉ិនៅម៉ោង៥និង០០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិដែរ។

គ្រូបង្វឹកកម្ពុជាលោក Felix G. Dalmas លើកឡើងថាយើងរីករាយដែលបានលេងជាមួយក្រុមខ្លាំងៗ ហើយពូកយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពសម្រាប់ការប្រកួតចំពោះមុខនេះ។

គ្រូអូស្ត្រាលីលោក Graham Arnold និយាយថាយើងត្រៀមរួចរាល់អស់ហើយ។ ពូកយើងមានការគោរពចំពោះប្រទេសកម្ពុជា និងក្រុមបាល់ទាត់ប្រទេសនេះ។

ក្រោយការប្រកួតនេះ ពីរថ្ងៃបន្ទាប់ក្រុមយុវជនកម្ពុជា ត្រូវប៉ះកូរ៉េខាងត្បូង ហើយការប្រកួតចុងក្រោយកម្ពុជាប្រកួតជាមួយឆាយនីសតៃប៉ិ។

វគ្គជម្រុះនេះ៤៣ក្រុមត្រូវបានបែងចែកជា១១ពូល ពីពូលA ដល់ពូល F ប្រទេសនៅតំបន់អាស៊ីខាងលិច និងពូលG ដល់ពូលK ប្រទេសនៅតំបន់អាស៊ីខាងកើត។ ក្រុមលេខ១ នៃពូលនីមួយ និងលេខ២ល្អបំផុត រួមនឹងម្ចាស់ផ្ទះថៃឡើងទៅវគ្គបន្ត ប៉ុន្តែបើថៃបញ្ចប់នៅលេខ១ រឺលេខ២ក្នុងពូល ក្រុមលេខ២ល្អបំផុតទី៥បានឡើង៕

អត្ថបទដែលជាប់ទាក់ទង