ព្រឹក​ថ្ងៃទី​២២​មីនា​ស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន នឹង​អញ្ជើញ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​

(​ភ្នំពេញ​)៖ តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន ខុង សៀន​យូ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ​។ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងធ្វើ​ឡើង នៅ​ទីតាំង​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចន្លោះ គ​.​ម ៣៩ ជាប់​ផ្លូវជាតិ​លេខ​៤​។​

​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៩០ គ​.​ម ០៣៦ ម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ២០០០ លាន​ដុល្លារ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល​ជាង ១៩០ គ​.​ម​។ ផ្លូវ​នេះ ត្រូវ​សាងសង់​ជា ០៤​គន្លង តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ ក្រាល AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល ចេញពី​ភ្នំពេញ នៅ​ចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៣ មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង​-​មធ្យម ៥៦​កន្លែង ប្រវែង ៤.៤១៧​ម៉ែត្រ ស្ពាន​ខ្លី ៣៣​កន្លែង ប្រវែង ៧៥០​ម៉ែត្រ ស្ពាន​រំលង ៣២១​កន្លែង កន្លែង​ឈប់សម្រាក ៣​កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគ​លើ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​អនុវត្តតាម​ទម្រង់​សាងសង់​-​ប្រតិបត្តិ​-​ផ្ទេរ (BOT) ដោយ​ប្រើប្រាស់​រយៈពេល សាងសង់​ចំនួន ៤៨ ខែ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​៕​

អត្ថបទដែលជាប់ទាក់ទង