ព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន ដោះលែងជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធរឿងហិង្សានៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ទីបំផុតទៅជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធបទល្មើសហិង្សានៅខណ្ឌសែនសុខត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយបន្ទាប់ពីនគរបាលកសាងសំណុំរឿងព្រហ្មទណ្ឌបញ្ជូនទៅតុលាការ ប៉ុន្តែតំណាងអយ្យការរកកំហុសលែងឃើញ។ 

ជនសង្ស័យដែលមានមុខរបររត់ម៉ូតូកង់៣ ឥណ្ឌា ទី១ឈ្មោះ ឈួន ហួត  ភេទប្រុស អាយុ ២៧ឆ្នាំ,ទី២ឈ្មោះ ឈួន ឡែន  ភេទប្រុស អាយុ ២០ឆ្នាំ និងទី៣ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងឲ្យត្រលប់ទៅប្រកបមុខរបរចាស់វិញ កាលពីវេលាកណ្តាលថ្ងៃត្រង់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកកាសែតនៅពុំទាន់អាចសុំការបញ្ជាក់ពីមូលហេតុដែលលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងក្រុមជនសង្ស័យបានទៅឡើយទេ ព្រោះលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការ មិនទាន់ឆ្លើយសំនួររបស់អ្នកកាសែត។

សូមជម្រាបជូនថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុុមជនសង្ស័យទាំង៣នាក់ខាងលើ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស បង្កហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានការរងរបួស នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕(SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង