សម្តេច​តេ​ជោ ហ៊ុន សែន បដិសេធ​នូវ​ការ​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា បែកបាក់​!

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​តប​ទៅ​អ្នក ដែល​តែងតែ​វាយតម្លៃ​ខុស​លើ​គណបក្ស​ប្រជាជន​កម្ពុជា ថា​គណបក្ស​ប្រជាជន​កម្ពុជា បែកបាក់​។ តែ​តាម​សម្តេច​តេ​ជោ អ្នកវាយតម្លៃ​ខុសពី​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នេះហើយ បានជា​អ្នកនយោបាយ​នោះ តែងតែ​ចាញ់​រហូត​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ អាស៊ី​-​អឺរ៉ុប នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គណបក្ស​ប្រជាជន ៤០​ឆ្នាំ​ជាង​ហើយ ដែល​លឺ​សូរពាក្យ​ថា បែកបាក់​។ ទស្សវត្សរ៍ ៨០ បែកបាក់ រវាង​ជាស៊ីម​-​សាយ​ភូ​ថង​។ អាហ្នឹង លឺសូរ​មួយ​សារ​ទៅ​។ ក្រោយមក មាន​ខ្សែ​ជាស៊ីម មាន​ខ្សែ​ហ៊ុនសែន​។ បន្ត​រហូត​។ ដល់​ឥឡូវ មាន​ខ្សែ​ហ៊ុនសែន ខ្សែ​សខេង ខ្សែ​ម៉ែន​សំអន​។ ខ្សែ​ទៀ​បាញ់​។ បើ​អ្នក​វ៉ៃ​តម្លៃ​នៅតែ​ខុស​របៀបនេះ អ្នក​មិនអាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ​។ អ្នក​ត្រូវ​ចាំ​! ដោយសារ​អ្នក​វ៉ៃ​តម្លៃ​ខុស ក្នុងគណ​ក្ស​ប្រជាជន ហ្នឹងហើយ​! បានជា​អ្នក​តែងតែ​ទទួល​បរាជ័យ ដោយសារ​អ្នក​វ៉ៃ​តម្លៃ មិនត្រូវ​។ សូម្បីតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលដែល​បុណ្យ​ព្រះរាជ​សព របស់​ព្រះករុណា ព្រះបិតា ព្រះ​បរម​រតន​កោដ្ឋ ឆ្នាំ​២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួល​ស្គាល់​យ៉ាងច្បាស់​ថា ហើយ​ពេល​ហ្នឹង នៅ​អង្គុយ​នៅក្នុង​ព្រះវិហារ ព្រះ​កែវ “​សម្តេច ពេល​ហ្នឹង ខ្ញុំ​ទទួល​ប​បាន​ព័ត៌មាន​ច្បាស់​ណាស់​ថា គណបក្ស​ប្រជាជន នឹង​បែកបាក់​ធំ​ណាស់​”​។ បាន​ខ្ញុំ​និយាយថា រឿង​ហ្នឹងហើយ ដែល​ព្រះអង្គ ចាញ់​រហូត​អស់​… គេ​ហៅថា ស៊ី​អាការ​បែកបាក់​របស់​អ្នកដទៃ បានជា​ព្រះអង្គ អស់​មាន​អ្វី​ទាំងអស់​…»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សូម្បីតែ​ឥឡូវនេះ គេ​ថា ពេលដែល​ពួក​អឺរ៉ុប ទៅ​ជួប ស ខេង និយាយ​ផ្សេង ពេលដែល​ទៅ​ជួប​ប្រាក់​សុខុន និយាយ​ផ្សេង ហើយ​គេ​មក មិនបាន​ជួប​ជាមួយនឹង​ហ៊ុនសែន​ទេ​។ គេ​មិន​សុំ​ជួប​ហ៊ុនសែន​។ កម្រិត​ហ្នឹង វា​អត់​ត្រូវ​ជួប​ហ៊ុនសែន​ទេ​។ ជួប​ធើ​អី​? និយាយ​ឲ្យ​ពិត​។ កម្រិត​ប្រធាន​នាយកដ្ឋាន​។ ចាំ​មក​អា​ប្រធាន EU ស្នងការ EU អា​ណុង បាន​ហ៊ុនសែន វា​ត្រូវ​ជួប​។ ពិត​ហើយ ព្រោះ​កម្រិត​បច្ចេកទេស ការទទួល​ដល់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី វា​ខ្ពស់​ពេក​ណាស់​ទៅហើយ​។ សូម្បីតែ​ប៉ុណ្ណឹង គេ​ចាត់ទុកថា វា​ជា​រឿង​បែកបាក់​។ អ្នក​វ៉ៃ​តម្លៃ​ខុស​របៀបនេះ បានជា​អ្នក​មិនអាច​យក​ជោគជ័យ​បាន ហើយ​បើ​អ្នក​បន្ត​តែ​និយាយ​រឿង​បំបែក សូមកុំ​ភ្លេច ផ្ញើ​សារ​ទៅ​ឲ្យ​អ្នក​ថា អ្នក​គឺជា​មនុស្ស​អន់​បំផុត មិនអាច​ដឹកនាំ​អី​កើត​ទេ​។ អីចឹង បាន​ខ្ញុំ​និយាយ មាន​អ្នកខ្លះ តាំងខ្លួន​ជា​អ្នកវិភាគ ប៉ុន្តែ​គ្រាន់តែ​ប្រពន្ធ​មួយ ក៏​មិនអាច​សាមគ្គី​បានជា​មួយ​ប្រពន្ធ​ផង​! អីចឹង តាំងខ្លួន​ជា​អ្នកវិភាគ​ផេះ​!»៕​

អត្ថបទដែលជាប់ទាក់ទង