Top News៖ ឆ្នាំនេះ ​មិនមានព្រឹត្តិការណ៍​អង្គរសង្ក្រាន្តនោះទេ​

(សៀមរាប)៖ ឆ្នាំនេះ ​សហ​ភាពសហព័ន្ធយុវជនកម្ពុជា មិនបាន​រៀបចំព្រឹត្តិការ​ណ៍អង្គរសង្ក្រាន្ត​ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរនោះទេ។ នេះបើតាមឯក​ឧត្តម ទៀ សីហា អភិបាល​ខេត្តសៀមរាប។

ស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ឯក​ឧត្តម ទៀ សីហា បានបញ្ជាក់ថា បើទោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មិនបានធ្វើ ប៉ុន្តែសហភាពសហព័ន្ធយុវជនខេត្តសៀមរាប សហការជួយអាជ្ញាធរខេត្ត និង​ស្ថាប័នពាក់ព័ន្ធ នឹង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែង​ប្រជាប្រិយ៍ជាច្រើន​។

ចំណែក​​លោក សោម រតនា អតីត​​​អ្នក​​នាំ​​ពាក្យ​​ព្រឹត្តិ​ការណ៍​​អង្គរ​​សង្ក្រាន្ត បា​ន​​​មាន​​​ប្រសាសន៍​​​ថា ​សហ​​ភាព​​​សហ​ព័ន្ធ​​​​​​យុវ​ជន​​​​​​កម្ពុជា ​​មិន​​​​បាន​​​​​​​​​​​រៀប​​​ចំ​​​​ព្រឹត្តិ​​កា​រណ៍​​​​អង្គរ​​​សង្ក្រាន្ត ​​ទ្រង់​ទ្រាយ​ធំ​ដូច​រៀង​រាល់ឆ្នាំ នៅ​​​​ខេត្ត​​​សៀម​​​រាប ​​​នៅ​​​ឆ្នាំ​​​នេះ​ ដោយ​​យើង​​​​ចង់​​​​ដក​​​ឃ្លា​​​​​សម្រា​ក​​​​​បន្តិច​ ដើម្បី​​​​​​គិត​​​​​​ពី​​​​​ការ​​​​​បង្កើត​​​​ថ្មី​​​​ ហើយ​​នៅ​ពេល​​អនាគត​ យើង​នឹង​រៀប​ចំ​ព្រឹត្តិ​ការណ៍​​អង្គរ​សង្ក្រាន្ត​ឡើង​វិញ​​។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ​សហការជាមួយស្ថាប័នជាតិច្រើន បានរៀបចំព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​រយៈពេល ​៦ឆ្នាំមកហើយ គឺចាប់ពីតាំងពីឆ្នាំ២០១៣ មកម្លេះ។ ព្រឹត្តិការណ៍នេះ បានទាក់ទាញ់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅកំសាន្តខេត្តសៀមរាមជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តទ្រង់ទ្រាយធំរៀងរាល់ឆ្នាំ នៅទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ក៏នៅតាមបណ្តារាជធានី​ខេត្តនានា សហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្តាខេត្តទាំងនោះ បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ ឆ្នាំថ្មី រយៈពេល ៣ថ្ងៃ ដើម្បីអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ យ៉ាងសប្បាយ​រីករាយ​ក្រៃលែង​ផងដែរ​។

នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ តាមបណ្តាខេត្តនានា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ​អាជ្ញាធរ​ខេត្តរាជធានី ក៏បានប្រកាសរៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំថ្មី តាមបណ្តាខេត្តរៀងៗខ្លួន នៅទូទាំងប្រទេស​​៕

អត្ថបទដែលជាប់ទាក់ទង