តើ ហុងដា អាចជួយក្រុមយុវជនអាយុក្រោម២៣ឆ្នាំឡើងទៅលេងកម្រិតអាស៊ីបានទេ បើជួបសុទ្ធតែក្រុមខ្លាំង?

(កម្ពុជា)៖ យុទ្ធនាការប្រកួតជម្រុះបាល់ទាត់ជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ២០២០ ចាប់ផ្តើមប្រកួតនៅសប្តាហ៍នេះហើយ ដោយប្រទេស១១ធ្វើម្ចាស់ផ្ទះរៀងខ្លួន ក្នុងនោះកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះប្រកួតជម្រុះក្នុងពូល H ដែលមានក្រុមម្ចាស់ផ្ទះកម្ពុជា អូស្ត្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។

តើអ្នកចាត់ការទូទៅដែលមិនសូវមានពេលដឹកនាំក្រុមផ្ទាល់ Keisuke Honda អាចដឹកនាំក្រុមបាល់ទាត់យុវជនដែលមានកីឡាករសុទ្ធតែចេញពីក្រុមអាយុក្រោម២២ឆ្នាំ និងជាប់លេខ៤ជើងឯកអាស៊ានអាយុក្រោម២២ឆ្នាំ ឡើងផុតវគ្គនេះទេ?

វាអាចជាការលំបាកបន្តិចដែលគិតថាកម្ពុជាឆ្លងផុតពូល ព្រោះក្រុមខ្លាំងទាំងពីរកង់ហ្គូរូអូស្ត្រាលី និងខ្លាកូរ៉េខាងត្បូង ជាក្រុមមិនអាចមើលរំលង បាន។ កូរ៉េខាងត្បូងឆ្នាំ២០១៨ ឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ២០១៨ ចំនែកអូស្ត្រាលីក្នុងការប្រកួតជម្រុះរកកៅអី២០១៨ បីប្រកួតឈ្នះទាំងបី។ ឆាយនីសតៃប៉ិជាក្រុមតែមួយគាត់ដែលកម្ពុជាអាចយកឈ្នះ ប៉ុន្តែអ្វីទាល់តែការប្រកួតមកដល់។

សូមរម្លឹកថាការប្រកួតជម្រុះអាយុក្រោម២៣ឆ្នាំ២០១៨ កម្ពុជា ស្ថិតនៅពូលជាមួយជប៉ុន ចិន និងហ្វីលីពីន។ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣កាលនោះមាន៤ពិន្ទុ ក្រោយស្មើចិន ចាញ់ជប៉ុន និងឈ្នះហ្វីលីពីន។

ដោយសារលីហ្គអូស្ត្រាលីសម្រាកក្នុង FIFA Day, Honda បានមកដឹកនាំការហ្វឹកហាត់ផ្ទាល់ក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា។

គោព្រៃជំទង់កម្ពុជា បើកយុទ្ធនាការជម្រុះដោយត្រូវជួបអូស្ត្រាលីថ្ងៃទី២២ ខែមីនា ។ ពីរថ្ងៃបន្ទាប់ប៉ះកូរ៉េខាងត្បូង និងចុងក្រោយថ្ងៃទី២៦ ខែមីនា ជួបជាមួយឆាយនីសតៃប៉ិ។ រាល់ការប្រកួតរបស់កម្ពុជាលេងនៅម៉ោង៨និង០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ។

បើកម្ពុជាឈ្នះយ៉ាងហោចពីរប្រកួតនឹងបានឡើងទៅលេងវគ្គចុងក្រោយ (១៦ក្រុម) នៅប្រទេសថៃខែមករាឆ្នាំ២០២០ ហើយក្រុមជើងឯក លេខ២ និងលេខ៣ បានកៅអីលេងអូឡាំំពិក២០២០នៅប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង