សម្ដេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប

ភ្នំពេញ៖​ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេច​ក្រឡា​​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជា​មួយគណៈប្រតិភូ​សហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ Paola Pampaloni នាយរងផ្នែកគ្រប់គ្រងប្រចាំតំបន់អាសុី​ប៉ាសុីហ្វិក។

មានប្រសាសន៍ក្នុងជំនួបជាមួយសម្ដេចក្រឡាហោមនៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ Paola Pampaloni បានជំរាបសម្ដេចថាដំណើរទស្សនកិច្ចរបស់ប្រតិភូសហភាពអឺរ៉ុបនាពេលនេះ មិនមានអ្វីប្លែកនោះទេ ពោលគឺធ្វើឡើង​តាមកម្មវិធីដែលបានគ្រោងទុក ដូចមានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់សហភាព​អឺរ៉ុបកាលពីពេលកន្លងទៅ។

លោកជំទាវតំណាងប្រតិភូក៏បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថាតាមរយៈដំណើរទស្សនកិច្ចនេះ ប្រតិភូនឹងអាចជួបសន្ទនាត្រង់ទៅត្រង់មកជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ដំណើរទស្សនកិច្ចនេះ ហើយសម្ដេចបានបញ្ជាក់​ទៅកាន់ប្រតិភូថា រាជរដ្ឋាភិបាល បានចាត់ទុកសង្គមសុីវិលជាដៃគូដ៏សំខាន់ និងបានរៀបចំវេទិការពិគ្រោះយោបល់ជាមួយគ្នាជាទៀងទាត់ ទាំងវេទិកា​ជាមួយក្រសួងមហាផ្ទៃ និងជាមួយក្រសួងកាបរទេស ធ្វើឲ្យភាគីទាំងសងខាងបានស្វែងយល់ពីគ្នាកាន់តែច្រើន។

ពាក់ព័ន្ធនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សម្ដេចឧបនាយករដ្ឋមន្រ្តី បានរំលឹកជូនប្រតិភូអឺរ៉ុបថា រាជរដ្ឋាភិបាល បានបើកឲ្យមានការពិភាក្សា និងប្រមូលធាតុចូលពីដៃគូសង្គមសុីវិល និងជាមួយតំណាងរដ្ឋាភិបាល​ជាមិត្តមួយចំនួន និងជាច្រើនលើកច្រើនសារមកហើយ មុននឹងឈានទៅអនុម័តដាក់ឲ្យប្រើប្រាស់។

សម្ដេចបានបង្ហាញការកត់សំគាល់ថានៅកម្ពុជា សង្គមសុីវិលជាតិ និងអន្តរជាតិ បានបង្ហាញការគោរពគ្នាទៅវិញទៅមក​ជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ហើយបើទោះបីជាពេលខ្លះ ភាគីទាំងពីរមានទស្សនៈផ្សេងគ្នា អំពីបញ្ហាអ្វីមួយក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែប្រកាន់ភាពជាដៃគូជាមួយសង្គមសុីវិលជានិច្ច។ តំណាងប្រតិភូ​សហភាពអឺរ៉ុប បានឯកភាពចំពោះការកត់សំគាល់នេះ។

ក្នុងឱកាសនៃជំនួបនោះដែរ លោកជំទាវ Paola Pampaloni បានបញ្ជាក់ជូនសម្ដេចក្រឡាហោម ស ខេង ថាសហភាបអឺរ៉ុប មិនគាំទ្រគណបក្សនយោបាយ បុគ្គល ឬភាគីណាមួយនោះទេ ប៉ុន្តែថាសហភាពអឺរ៉ុបបន្តគាំទ្រឲ្យមានការចូលរួម​ពីគ្រប់​ភាគី​នៅក្នុងដំណើរការដឹកនាំ និងអភិវឌ្ឍន៍ក្នុងសង្គមកម្ពុជា។

ចំពោះចំណុចនេះ សម្ដេចក្រឡាហោម បានបញ្ជាក់ថា បើទោះបីជាកម្ពុជាមិនទាន់អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បានល្អ ១០០ភាគរយ ប៉ុន្តែវាបានក្លាយជាគោលការណ៍គ្រឹះរបស់កម្ពុជារួចហើយ ហើយសម្ដេច បានសង្កត់ធ្ងន់ជូនប្រតិភូសហភាព​អឺរ៉ុបថា កម្ពុជានឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញជាដាច់ខាត ទោះក្នុងស្ថានភាពណាក៏ដោយ។

ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្ដេចបានបញ្ជាក់ជូនប្រតិភូថាកិច្ចការនេះ តែងតែមានការគាំទ្រ និងចូលរួមពីដៃគូជាតិ និង​អន្តរជាតិ ហើយតាមរយៈការចូលរួមនេះ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើន។

បន្ទាប់មក លោកជំទាវ Paola Pampaloni បានបញ្ជាក់ជូនសម្ដេចក្រឡាហោម ស ខេង ជាថ្មីទៀតថា បេសកកម្មមក​កម្ពុជា​នាពេលនេះ មិនមែនមានន័យថា ជាការដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជានោះទេ ប៉ុន្តែជាដំណើរមកស្វែងយល់ពីគ្នា​ទៅវិញទៅមកជាមួយភាគីកម្ពុជា ហើយថាសហភាពអឺរ៉ុប ចង់បង្កើនទំនាក់​ទំនងជាមួយកម្ពុជា នឹងចង់បន្តការជួយគាំទ្រ​ប្រទេសកម្ពុជា ដូចដែលបានធ្វើកន្លងមកជាបន្តទៀត។

ឆ្លើយតបនឹងការគូសបញ្ជាក់នេះ សម្ដេចក្រឡាហោម ស ខេង បានជំរាបបន្ថែមជូនប្រតិភូថារាជរដ្ឋាភិបាល នឹងបន្តគោរព អនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលបានបង្ហាញជំហរយ៉ាងច្បាស់ ពាក់ព័ន្ធ​នឹងលំហរនយោបាយ កិច្ចសហការជាមួយសង្គមសុីវិល លំហរសេរីភាពសារព័ត៌មាន ការដោះស្រាយទំនាស់ដីធ្លី និងបន្ត​ការ​កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់។

ជាចុងបញ្ចប់នៃជំនួបដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​សម្ដែងក្ដីជឿជាក់ថាតាមរយៈបេសកកម្មប្រតិភូសហភាពអឺរ៉ុបនាពេលនេះ ភាគីទាំងពីរ នឹងអាចដោះស្រាយបញ្ហារួម ដើម្បីជា​ឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសហភាពអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង