ម្ចាស់ក្លិបបាល់ទាត់ជនជាតិជប៉ុននៅកម្ពុជាបរិច្ចាកប្រាក់ ៤ពាន់ដុល្លារ ​ជួយគ្រួសារជនរងគ្រោះ​ករណីជប៉ុនពីរនាក់​ ប្លន់សម្លាប់យករថយន្ត​

(សៀមរាប)៖ លោក Akihiro Kato ម្ចាស់ក្លឹបបាល់ទាត់ខេមបូឌានថាយហ្គឺ (Camboda Tiger) បានបរិច្ចាកថវិការជួយគ្រួសារ​ជន​រង​គ្រោះ ដែលត្រូវបាន ជនជាតិជប៉ុន០២នាក់ សម្លាប់ប្លន់យករថយន្តនៅក្នុងខេត្តសៀមរាប នាពេលថ្មីៗនេះ។

តាមរយៈទំព័រហ្វេសរបស់លោក​ Akihiro Kato ក្នុងឱកាសយកថវិការទៅជូនជនរងគ្រោះ ជនជាតិជប៉ុនរូបនេះ បានបង្ហោះសារ​ថា៖ “យើងបានបរិច្ចាកថវិការចំនួន ៤ ០០០ដុល្លារ ជូនទៅដល់គ្រួសារជនរងគ្រោះ។ សូមអរគុណមិត្តភក្តិ និងកីឡាករបាល់ទាត់អាជីពជនជាតិជប៉ុនទាំងអស់ នៅក្នុងក្លឹបបាល់ទាត់នៅកម្ពុជា ដែលបានបរិច្ចាគរួមគ្នា។ ខ្ញុំពិតជាសោកស្តាយណាស់ចំពោះហេតុ​ការណ៍នេះ។ ខ្ញុំប្រាថ្នាចង់បានសន្តិភាពនៅក្នុងសង្គម។”

គួររំឭកថា កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ មានករណីជនជាតិជប៉ុន ០២នាក់ បានធ្វើសកម្មភាពអារ-ក និងប្លន់យករថយន្ត​ពី​អ្នករត់តាក់ស៊ីម្នាក់នៅខេត្តសៀមរាប ត្រង់ចំណុចភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះដែលបាត់បង់អាយុជីវិតមានទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង