ក្រុមបាល់ទាត់នារីខេត្តស្វាយរៀងឈ្នះកំពង់ឆ្នាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(កម្ពុជា)៖នៅទីលានបាល់ទាត់ខេត្តសៀមរាប ក្រុមបាល់ទាត់នារីខេត្តស្វាយរៀង ឈ្នះខេត្តកំពង់ឆ្នាំង ៣ទល់នឹង១ដើម្បីឡើងទៅវគ្គ៤ក្រុមចុងក្រោយ។នេះជាជ័យជំនះលើកទី២របស់ខេត្តស្វាយរៀងដែលការប្រកួតដំបូងក្នុងពូល A ឈ្នះម្ចាស់ផ្ទះ សៀមរាប ៤ទល់នឹង១។

ស្វាយរៀងនាំមុខគូប្រកួត ៣ទល់នឹង០ ក្នុងតង់ទី១ ដោយថ្វីជើងកីឡាការិនី លេខ៩ លឹម សុជា ពីរគ្រាប់តែឯង នៅនាទីទី ១០ និង២៥ និងកីឡាការិនីលេខ១៧ ឆន ស្រីនីត នាទីទី៣២។ មួយគ្រាប់របស់កំពង់ឆ្នាំងកើតឡើង នៅចុងម៉ោងដោយកីឡាការិនីលេខ១៧ សេង សុគន្ធា។

សៀមរាប និងកំពង់ឆ្នាំងដែលសុទ្ធតែចាញ់ការប្រកួតដំបូងរៀងៗខ្លួន ត្រូវជួបគ្នាថ្ងៃទី២១ ខែមីនា ដោយអ្នកឈ្នះ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយស្វាយរៀងនៅថ្ងៃទី២៤ ខែមីនា នៅទីលាលបាល់ទាត់សាលា បាល់ទាត់ជាតិបាទី។

ការប្រកួតបាល់ទាត់នារីកម្រិតពីរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខេត្តកំពង់ចាម ជួបក្រចេះ និងកំពង់ស្ពឺជួបខេត្ត កណ្តាល។ ចំនែកការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាត់ដំបងប្រកួត ជាមួយឧត្តរមានជ័យ និងប៉ៃលិនជួបជាមួយខេត្តកោះកុង។ ការប្រកួតយុវជនអាយុក្រោម១៧ឆ្នាំវគ្គ៤ក្រុមចុង ក្រោយ ខេត្តកណ្តាល ប៉ះក្រចេះ និងឧត្តរមានជ័យប៉ះខេត្តកំពង់ឆ្នាំង។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងនេះលេងនៅព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនៅសាលាបាល់ទាត់ជាតិបាទី៕

អត្ថបទដែលជាប់ទាក់ទង