អត្ថាធិប្បាយ​៖ ​នៅលើ​ឆាក​អន្តរជាតិ កម្ពុជា​កំពុងស្ថិត​នៅក្នុង​ទីតាំង​ដ៏​រឹងមាំ​

​(ភ្នំពេញ)៖​ វា​មិនមែនជា​រឿង​ថ្មី​ទេ ហើយក៏​មិន​ចម្លែក​ដែរ នៅពេលដែល​លោក សម រង្ស៊ី តែងតែ​ញុះញង់​ឲ្យ​បរទេស​ដាក់ទណ្ឌកម្ម​ម​កលើ​ប្រទេស​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ។ សម រង្ស៊ី ធ្លាប់​និយាយ​ដោយ​មិន​ញញើត​មាត់​ថា ខ្លួន​ចង់ឃើញ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មកលើ​ប្រទេស​កម្ពុជា ។

ក្នុងពេលដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​ក្រៅប្រទេស​របស់​សហភាព​អឺរ៉ុប និង​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ធ្វើ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ដែល​គ្រោងឡើង​នៅ​ថ្ងៃទី​១៩-២០ ខែមីនា ដើម្បី​ពិនិត្យ និង​តាមដាន​សម្រាប់​នីតិ​វិធីដក EBA ពី​កម្ពុជា​នោះ ស្រាប់តែ សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅកាន់​លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការបរទេស ដោយ​ទាមទារ​ឲ្យ​មានការ​ដោះលែង កឹម សុខា ការផ្តល់​សិទ្ធ​នយោបាយ​ឡើងវិញ ដល់​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ការធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ការរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដែល​សុទ្ធសឹង​ជាការ​ទាមទារ ដែល​ផ្ទុយ​ពី​ច្បាប់​របស់​កម្ពុជា ជាការ​ទាមទារ​មានតម្លៃ​ស្មើនឹង​ការសុំ​ឲ្យ​បរទេស​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ទាំង​ងងឹតងងល់​បំផុត ។ នេះ​គឺជា​ច​រឹត និង​ជា​សារជាតិ​របស់​ពួកក្បត់​ជាតិ ។ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពួកនេះ​គ្មាន​ទីតាំង​សម្រាប់​ឈរជើង​ទេ ។ នៅក្នុង​បេះដូង​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប ពួកនេះ​គ្រាន់តែ​ជា​មេរោគ​ដ៏​ចង្រៃឧត្បាត​ប៉ុណ្ណោះ ។

រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ​តាមច្បាប់ តែង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​បង្កើន​មិត្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ទាំង​ក្នុង ក្របខណ្ឌ​ទ្វេភាគី ពហុភាគី ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការរក្សា ឯក រាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ។ ផ្ទុយ​ពី​ពួកក្បត់​ជាតិ​មួយ​ក្តាប់​តូច​នេះ ដែល​តែងតែ​ដើរ​និយាយ​មួលបង្កាច់ និង​សំអុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា សុំ​ឲ្យ​បរទេស​ផ្តាច់ ជំនួយ​ពី​កម្ពុជា សុំ​ឲ្យ​បរទេស​ដាក់​ការកាប​សង្កត់​កម្ពុជា និង​បំផ្លិចបំផ្លាញ​រូបភាព​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​នៅលើ​សមរភូមិ​ការទូត ដើម្បី​លើកស្ទួយ​កិ​តិ្ត​យស និង​កិត្យានុភាព​កម្ពុជា​ឲ្យ​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ។

​ជាក់ស្តែង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​បានប្រសូត​ឡើង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បើក​យុទ្ធនាការ​លើ​សមរភូមិ​ការទូត ដោយ​មិន​ត្រឹមតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​លើកស្ទួយ​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​វាយ​សំពង​យ៉ាងដំណំ​ទៅលើ​ឧបាយកល​ថោកទាប​របស់​ពពួក​ជ​ន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​អូសទាញ​សហគមន៍​អន្តរជាតិ មិន​ឲ្យ​ទទួលស្គាល់​រដ្ឋាភិបាល​ស្របច្បាប់​នេះ​ទៀតផង ។

ដូច​យើង​បានឃើញ ស្រាប់​ហើយ​ថា ក្រោយពេល​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​ផ្តល់​ការទុកចិត្ត​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​នានា​នៅលើ​ពិភពលោក បាន​សម្តែង​ការអបអរ និង​កោតសរសើរ​ភាពឈ្លាសវៃ​ក្នុងការ​ដឹកនាំ​របស់​ស​ម្តេច ដែល​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន ប្រកបដោយ​និរន្តរភាព និង​បាន​អះអាង​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​បន្ត ទៀត ។

ថ្ងៃទី​១០-១២ ខែកញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ថ្ងៃទី​១២-១៣ ខែកញ្ញា បាន​អញ្ជើញ​ទៅកាន់​ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៧ ស្តីពី​អាស៊ាន ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​អាស៊ាន ៤.០: សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤» ។

ថ្ងៃទី​៦-១០ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នៅ​ទីក្រុង​តូ​ក្យូ ដែល​នៅ​ទីនោះ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ច្បាស់​ណាស់​ថា កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ កុំ​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដូរ​ជាមួយ​ជំនួយ ។ «​យើង​ត្រូវ​ការពារជាតិ ការពារ​ឯករាជ្យ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវការពារ​ប្រជាជន​កុំ​ឲ្យ​ស្លាប់​សារជាថ្មី​» ។

ថ្ងៃទី​១១ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ក្រោម​ប្រធានបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​តាមរយៈ​សក​ម្ម​ភាព​សហប្រតិបត្តិកា​រ​តំបន់ និង​សកល​» ដែល​ជំនួប​កំពូល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ។

ថ្ងៃទី​១៨-១៩ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ក្រោម​មូលបទ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ដែល​នៅ​ទីនោះ សម្តេច​តេ​ជោ​បាន​ថ្លែង​យ៉ាងច្បាស់​ថា​៖ «​សម្តេច​មិន​ចង់ឃើញ​ប្រទេស​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្ត​នូវ​កំហុស​ជា​លើក​ទី​៣ ពោលគឺ​កំហុស​លើក​ទី​១ ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប បាន​គាំទ្រ​នូវ​រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​កម្ពុជា កាលពី ទសវត្ស​៧០ កំហុស​ទី​២ គាំទ្រ​ដល់​របប​ខ្មែរក្រហម​ជាង ១​ទសវត្ស ពិសេស​គាំទ្រ​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ និង​កំហុស​ទី​៣ បើទោះបីជា​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​លើ​សេចក្តីថ្លែងការណ៍ ឬ​ក្លាយទៅជា​ការពិត​នោះ វា​នឹង​ក្លាយទៅជា​កំហុស​ទី​៣ របស់​ប្រទេស​ប្រជាធិបតេយ្យ​នៅ​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា​» ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ នៅក្នុង​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក​ទី​១២ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​អឺរ៉ុប​ទាំងអស់​បាន​ឯកភាពគ្នា​ក្នុងការ​ផ្តល់​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ក្នុង​ឆ្នាំ​២០២០​ខាងមុខ ។

ថ្ងៃទី​២០-២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី ។

ថ្ងៃទី​២២-២៤ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​នៅក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស (The 2018 World Investment Forum (WIF) ដែល​រៀបចំ​ដោយ UNCTAD ដែលមាន​ប្រមុខ​ដឹកនាំ និង​វិនិយោគ​គិ​ន ព្រមទាំង​តំណាង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ជាង ៦០០០​នាក់ ។

ថ្ងៃទី​១៣-១៥ ខែវិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​មួយចំនួនទៀត​នៅ​ប្រទេស​សឹង្ហ​បុរី ដែល​ធ្វើឡើង​ក្រោម​មូលបទ «​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» ព្រមទាំង​កិច្ចប្រជុំ​ផ្សេងៗ​មួយចំនួនទៀត ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ។ ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ពីថ្ងៃ​ទី​៥-៦ ខែធ្នូ ដើម្បី​ពិភាក្សា និង​ដោះស្រាយ​អំពី​បញ្ហា​ព្រំដែន និង​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពីថ្ងៃ​ទី​៧-៨ ខែធ្នូ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ពីថ្ងៃ​ទី​២១-២៣ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ ។ ព្រម​ជាមួយគ្នានេះ ក៏មាន​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដូចជា ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម ង្វៀន ភូ​ជុង អគ្គលេខា​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស កុ​ម្មុយ​នី​ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​២៥-២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម មូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៤-១៦ ខែមីនា ដែល នៅទីនេះ ក្រោយពី​បាន​ទៅ​ទស្សនា​អង្គរវត្ត​រួចមក ឯកឧត្តម មូ​ន ជេ​អ៊ី​ន បានបង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ផុសចេញ​ពី​ក្រអៅបេះដូង​របស់លោក​ពិតៗ​ថា​៖ «​ការ​ឈរ​នៅ​ចំពោះមុខ​ប្រាសាទអង្គរវត្ត អាចជា​ការគោរព​ដល់​ប្រជាជន​កម្ពុជា កាន់តែ​ជ្រាលជ្រៅ​បន្ថែមទៀត​…​។

អង្គរវត្ត​គឺជា​អតីតកាល​របស់​ប្រទេស​កម្ពុជា ហើយ​នៅពេល​ជាមួយគ្នានេះ ប្រាសាទ​នេះ ក៏​ជា​អនាគត​របស់​កម្ពុជា​ដែរ​…​។ ខ្ញុំ​ជឿជាក់ថា អព្ភូតហេតុ​ដ៏​អស្ចារ្យ នៃ​ទន្លេមេគង្គ និង​ក្លាយជា​ការពិត​…» ។
​សូម្បីតែ​ជនបរទេស ដែល​បាន​មកដល់​កម្ពុជា សុទ្ធតែ​បាន​សម្តែង​ការរំភើប​ស្ញប់ស្ញែង និង​មោទនភាព​ជាមួយ​ប្រជាជន​កម្ពុជា ដោយបាន​ឃើញ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា បានឃើញ​ស្នាមញញឹម​ដ៏ ស្រស់​ប្រឹម​ប្រិ​យ​របស់​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​នៃ​សុខសន្តិភាព ។ ចុះ​វា​ចម្លែក​អី តែ​ពួក​ក្បត់ជាតិ សម រង្ស៊ី មើលឃើញ​កម្ពុជា​តែ​ក្នុង​ផ្លូវ​ងងឹត ហើយ​ចិញ្ចឹមចិត្ត​ចងគំនុំ​តែ​ជាមួយ​ប្រជាជន​កម្ពុជា និង​រក​គ្រប់​ឧបាយកល​បំផ្លាញ​កម្ពុជា​ទៅវិញ​? ៕​ដោយ​៖ ហ៊ឹម មួន​

អត្ថបទដែលជាប់ទាក់ទង