អ្នកជាប់បម្រាមនយោបាយ មិនដើរតាមការបោកបញ្ជោតរបស់ សម រង្ស៊ី ទៀតឡើយ

(ភ្នំពេញ)៖ ដោយធ្លាក់ក្នុងស្ថានភាពកំហឹងពុះកញ្ជ្រោលដល់កម្រិត បន្ទាប់ពីធ្វើអីក៏ចាញ់ ធ្វើអីក៏អត់ច្រកចេញ សម រង្សី ដែលកំពុងរស់នៅឆ្ងាយអើយ សែនឆ្ងាយ ពីពន្ធនាគារនៃប្រទេសកម្ពុជាបាននិងកំពុងវាយប្រហារដូចមនុស្សកម្រោលចូលទាំង៨ទិស ទៅលើសហសេវឹករបស់ខ្លួន ដោយចោទប្រកាន់ថា អ្នកទាំងឡាយណាដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺមានន័យស្មើនឹងការសុំចុះចូលជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សម រង្សី តិះដៀលអ្នកទាំងនោះទៀតថា ជាមនុស្សថោកទាប និងភ្លីភ្លើ ដែលតាមពិតទៅ ក្រោយពេលមានសេចក្តីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការ ទើប សម រង្សី ខ្លួនឯងព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចអតីតមន្ត្រី CNRP ដែលជាប់បម្រាមនយោបាយសុំសិទ្ធិចូលប្រឡូកក្នុងឆាកនយោបាយកម្ពុជាឡើងវិញ ហើយទុកឲ្យខ្លួននៅឯកោ។ ហេតុនេះហើយទើប សម រង្សី ចេញសារនយោបាយជាបន្តបន្ទាប់ដោយគម្រាមផង លួងលោមផង ជេរប្រមាថផង ដល់សហសេវឹករបស់ខ្លួន ។

ដោយមិនមានការអៀនខ្មាស់ និងមិនមានគុណធម៌ក្នុងខ្លួនបន្តិចណាទាល់តែសោះ សម រង្សី កំពុងតែលេងល្បែង កឹម សុខា ម្តងទៀតហើយ ដោយបានបញ្ជាក់ថា កឹម សុខា និង សម រង្សី ជាមនុស្សតែមួយ គ្មានអ្នកណាអាចបំបែក កឹម សុខា និង សម រង្សី បានទេ។ ប៉ុន្តែយើងសួរថា ពីមុននេះ តើអ្នកណាយក កឹម សុខា មកលេងជាល្បែងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន? តើនរណាទៅលួចឆក់ប្លន់របស់ ដែលហៅថា តំណែងប្រធានស្តីទី នៃខ្មោច CNRP ពី កឹម សុខា? នៅពេល កឹម សុខា កំពុងជាប់ឃុំឃាំងនៅកម្ពុជា តើនរណា ទៅសប្បាយរីករាយ ជិះស្គីទឹកកក និងចាក់ក្បាច់រាំវង់ជាមួយអ្នកស្រី ជូឡុង ស៊ូមូរ៉ា ដែលជាប្រពន្ធនៅឯប្រទេសអឺរ៉ុប? រឿងនេះ សួរថាតើ កឹម សុខា និងក្រុម កឹម សុខា ខឹងដែរឬទេ?​ ចងគំនុំឬអត់? សងសឹកវិញដែរឬទេ?

ចំណុចនេះធ្វើឲ្យ សម រង្សី ភ័យណាស់ ព្រោះថា ប្រសិនបើក្រុម កឹម សុខា ដែលស្ថិតក្នុងបម្រាមនយោបាយដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ សម រង្សី ប្រាកដជាចប់ហើយ។ គាត់ធ្វើជាឃោសនាភូតកុហកម្តងទៀតថា កឹម សុខា ទោះបីជាកំពុងជាប់ឃុំក្នុងផ្ទះ តែគាត់នៅតែស្មោះត្រង់ចំពោះគណបក្សសង្គ្រោះជាតិ។ គឺខ្មោចគណបក្សសង្គ្រោះជាតិ ដែល សម រង្សី កំពុងធ្វើជាប្រធាន មិនមែន កឹម សុខា ទេ។

ព្រោះបើតាមគំនិត សម រង្សី គឺ កឹម សុខា សព្វថ្ងៃគ្រាន់តែជាមនុស្សជាប់គុកយ៉ាងសាមញ្ញម្នាក់ប៉ុណ្ណោះ។ ដោយមិនមានការខ្មាស់អៀនពីការភ្នាល់ចាញ់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះលែង កឹម សុខា, សម រង្សី បានបន្តបោកប្រាស់ទៀតថា ក្រោមសម្ពាធអន្តរជាតិ ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីឲ្យរាជរដ្ឋាភិបាលដោះលែង កឹម សុខា ក្នុងពេលឆាប់ៗនេះ ហើយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។

បន្ទាប់មក សម រង្សី បានបញ្ចុះបញ្ចូលទៅក្រុម កឹម សុខា ដែលជាប់បម្រាមនយោបាយថា «មិនបាច់ទៅសុំសិទ្ធិធ្វើនយោបាយពីរបបក្រុងភ្នំពេញទេ ព្រោះពួកគេនឹងទទួលបានសិទ្ធិនេះ ដោយស្វ័យប្រវត្តិក្នុងពេលឆាប់ៗនេះ»។

ម្តងនេះ នរណាភ្លីភ្លើ ហើយនរណាខ្លះមិនភ្លីភ្លើ អាចត្រូវបានគេមើលឃើញយ៉ាងជាក់ច្បាស់ហើយ។ សម រង្សី ធ្លាប់ចាញ់ការភ្នាល់ជាមួយសម្តេចតេជោ អំពីការដោះលែង កឹម​ សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ហើយថែមទាំងមោឃៈការភ្នាល់ចោលមុនកាលបរិច្ឆេទមកដល់ទៀតផង។

សម រង្សី បោកប្រាស់ម្តងហើយម្តងទៀតថា ខ្លួននឹងត្រឡប់វិលមកប្រទេសវិញ ដោយប្រកូកប្រកាសប្រមូលលុយប្រមូលកាក់ ធ្វើខ្លួនដូចជាក្លាហានណាស់ តែតាមពិតគ្រាន់តែជាការបង្ហាញឥរិយាបថតាមរបៀបប្រមាថមាក់ងាយទៅលើ កឹម សុខា តែប៉ុណ្ណោះ។

សម រង្សី ប្រាកដជាមិនហ៊ានវិលមកវិញទេ ពីព្រោះសំណុំរឿងរបស់ទណ្ឌិតរូបនេះ មានច្រើនណាស់នៅក្នុងដៃរបស់តុលាការ។ យើងគ្រាន់តែគិតត្រួសៗ ដូចជាសំណុំរឿងបរិហាកេរ្តិ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង ត្រូវជាប់គុក២ឆ្នាំ សងប្រាក់២០០០ដុល្លារ, សំណុំរឿងបរិហាកេរ្តិ៍សម្តេចមហាញ្ញាចក្រី ហេង សំរិន បង្គាប់ឲ្យសងប្រាក់៥០លានរៀល ទៅដើមបណ្តឹង និង១០លានរៀលបង់ចូលរដ្ឋ, សំណុំរឿងសមគំនិតបង្ហោះផែនទីក្លែងក្លាយជាមួយ ហុង សុខហួរ ជាប់ទោស៥ឆ្នាំ, សំណុំរឿងចោទរាជរដ្ឋាភិបាលនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ត្រូវជាប់ពន្ធនាគារ១ឆ្នាំ និង៨ខែ ពិន័យជាប្រាក់១០លានរៀល និងសងសំណងជម្ងឺចិត្ត១០០លានរៀល។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ ទើបតែបានបញ្ចប់ការស៊ើបសួរលើសំណុំរឿង សម រង្សី ប្រមាថព្រះមហាក្សត្រ ហើយបទល្មើសនេះ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៧ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងសំណុំរឿងញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។ ដូច្នេះ សម រង្សី គ្រាន់តែជាជនឯកោម្នាក់ ជាទណ្ឌិតម្នាក់ ដែលរត់គេចពីគុក និងជាមនុស្សម្នាក់ ដែលជីវិតនយោបាយរបស់ខ្លួន មិនមានតម្លៃទៀតទេ។

ក្តីសង្ឃឹមចុងក្រោយតែមួយគត់របស់ សម រង្សី គឺការពឹងផ្អែកទៅលើអ្នកជាប់បម្រាមនយោ បាយទាំង១១៨នាក់នោះ ប្រសិនបើភាគច្រើននៃអ្នកទាំងនោះ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយ សម រង្សី គ្រាន់តែជាមនុស្សភ្លីភ្លើម្នាក់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើនរណា នៅតែអល់អែក ជឿតាមការសន្យាភូតកុហកម្តងហើយម្តងទៀតរបស់ សម រង្សី គឺអ្នកទាំងនោះហើយ ស្ថិតនៅក្នុងរង្វង់នៃការវាយតម្លៃរបស់ សម រង្សី ថា ជាមនុស្សភ្លីភ្លើ។

យើងសុទ្ធតែបានដឹងទាំងអស់ហើយថា កឹម សុខា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរកឃើញភស្តុតាងដ៏រឹងមាំជាច្រើន និងគ្រប់គ្រាន់ ជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ ដោយឃុបឃិតគ្នាជាមួយបរទស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈចលនាបដិវត្តន៍ពណ៌ ហើយ កឹម សុខា ក៏បាននិយាយដោយផ្ទាល់មាត់ខ្លួនឯង អំពីផែនការនេះដែរ។

សំណុំរឿងព្រហ្មទណ្ឌរបស់ កឹម សុខា កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានារបស់ចៅក្រមស៊ើបសួរក្នុងដំណាក់កាលនេះ គឺធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ចំពោះខ្មោចគណបក្សសង្គ្រោះជាតិ ដែលផ្តួចផ្តើមបង្កើតឡើងដោយពួកបរទេស ដោយយកអាយ៉ង សម រង្សី-កឹម សុខា មកដឹកនាំ គឺជាយន្តការមួយសម្រាប់បម្រើឲ្យចលនាបដិវត្តន៍ពណ៌ ដែលពួកគេបានអនុវត្តយ៉ាងសកម្ម និងពេញទំហឹងក្នុងអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។

ផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការចងក្រងចាក់ស្រេះ ប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅរវាងក្រុមគ្រួសារគណបក្សប្រឆាំង និងពួកចារកម្មបរទេស រហូតមានអង្គការបរទេសខ្លះ បានចូលមកបង្ហាត់បង្រៀនយុទ្ធសាស្ត្រ និងយុទ្ធវិធីធ្វើបាតុកម្ម ការផ្តល់ថវិកា ជំរុញបំផ្ទុះឡើងនូវបដិវត្តន៍ពណ៌ ឈានទៅបង្កើតរដ្ឋាភិបាលមួយមិនតាមបែបប្រជាធិបតេយ្យ មានបរទេសជាអ្នកបញ្ជា។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចរំលាយចោល។ ចំណែកមន្ត្រីថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

សាលដីការបស់តុលាការកំពូលនេះ បានរួមចំណែកដល់ការពង្រឹងការគោរព និងការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងការពារសន្តិភាព និងការអភិវឌ្ឍដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសេចក្តីថ្លៃថ្នូររបស់ជាតិ ព្រមទាំងប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ពួកបរទេសទៀតផង។

ដោយពុំចាំបាច់កាប់បំពង់ដេករងចាំទឹកភ្លៀង ហើយដើម្បីកុំឲ្យមនុស្សភ្លីភ្លើដូច សម រង្សី ដៀលប្រមាថយើងថា ជាមនុស្សភ្លីភ្លើជាងគាត់ទៅទៀតនោះ អ្នកជាប់បម្រាមនយោបាយទាំងអស់ គួរមើលឲ្យឃើញវែងឆ្ងាយអំពីផលប្រយោជន៍ជាតិ និងប្រជាជន ហើយរួមគ្នាកសាងជាតិ លុបលាងកំហុសពីអតីតកាល ដែល សម រង្សី និង កឹម សុខា អូសទាញឲ្យធ្លាក់ជ្រោះទាំងមិនដឹងខ្លួននាពេលកន្លងមក៕ (ដោត លី ទូង)

អត្ថបទដែលជាប់ទាក់ទង