គម្រោងសាងសង់ស្ពាន​នៅតំបន់ស្វាយជ្រុំ អរិយក្សត្រ ​ដល់ណាហើយ?​

(ភ្នំពេញ)៖ កន្លងទៅ ភាគីកូរ៉បានបង្ហាញពីបំណងសាងសង់ស្ពានថ្មីមួយពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ និងតំបន់អរិយក្សត្រ នាស្រុកល្វាឯម ខេត្តកណ្តាល ហើយគម្រោងនេះ ក៏កំពុងស្ថិតក្រោមសិក្សារបស់កូរ៉េផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតិកូរ៉េខាងត្បូង ឯកឧត្តម មួន ចេអ៊ីន មកកាន់កម្ពុជានៅសប្តាហ៍ក្រោយនេះ គេរំពឹង​ថា អាចនឹងមានកិច្ចព្រមព្រៀងសាងសង់ស្ពាននៅតំបន់នេះកើតឡើង។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ីមសូរិយា បានឱ្យដឹងនៅថ្ងៃទី០៨ ខែមីនានេះថា ក្រសួងនៅមិនទាន់ទទួលព័ត៌មាន ឬក៏មាន កិច្ចព្រមព្រៀងជាមួយភាគីកូរ៉េក្នុងការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីតំបន់​ជ្រោយ​ចង្វារ​ទៅកាន់តំបន់ស្វាយជ្រុំនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ឯកឧត្តម មួន ចេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំកូរ៉េ និងកម្ពុជា នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយចំនួន។

ប៉ុន្តែ កិច្ចព្រម​ព្រៀងអ្វីខ្លះនោះ ក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតនោះទេ។

គួររំឭកថា កាលពីពេកន្លងទៅ សម្តេចតេជោនាយក​រដ្ឋមន្រ្តី បាន​ស្នើសុំ​ប្រទេស​កូរ៉េ​ខាងត្បូង​ជួយ​កសាង​ស្ពាន​នៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពាន​មិត្តភាពកម្ពុជា-ចិន និង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង