លិខិត​មិត្ត​អ្នកអាន​៖ «​ក្រុម​កឹម​សុខា នឹង​បាត់បង់​ទីតាំង​ឈរជើង ដោយសារ​ខ្វះ​ជំហរ​នយោបាយ​! »

(​ភ្នំពេញ​)៖ ក្រោយពេល​លោក សម រង្ស៊ី ប្រកាស​ភ្នាល់​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​យក​សេរីភាព​លោក កឹម សុខា ធ្វើជា​ល្បែងភ្នាល់ មាន​ក្រុមកឹម សុខា​និយម​ខ្លះ​បាន​ចេញមុខ រិះគន់​លោក សម រង្ស៊ី រាប់ទាំង​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា ផងដែរ​។ ប៉ុន្តែ ពួកគេ មិនបាន​ធ្វើ​អ្វី​ច្រើនជាង​នេះ​ទេ​។ បន្ទាប់មកទៀត ក្រោយ ពេល​លោក សម រង្ស៊ី ធ្វើ​បក្ស​ប្រហារ​ដណ្តើម​អំណាច​ពី​លោក កឹម សុខា កាលពី​ថ្ងៃទី​២​ធ្នូ ២០១៨ នៅ​អា​ត្ល​ង់​តា ក៏មាន​អ្នក​កឹម​សុខា​និយម​មួយចំនួន ក៏បាន​រិះគន់​ដែរ ប៉ុន្តែ​មិន​ត្រឹមតែ​គ្មាន​ជំហរ នយោបាយ​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ តែ​សន្ទុះ​នៃ​ការរិះគន់​នោះ ក៏បាន​ចុះខ្សោយ​យ៉ាងខ្លាំង​ក្រោម​ការវាយប្រហារ​វាយបក​ពី​ក្រុម លោក សម រង្ស៊ី​។ ចុងក្រោយ​នេះ ក្រុម​លោក កឹម សុខា ក៏​សម្ងំ​ស្ងាត់ឈឹង ដូច​ចោរលួច​សេះ លែង​ហ៊ាន​ហារ​មាត់​អ្វី​ទាំងអស់​។

​តាមពិតទៅ ដូច​អ្វីដែល​មន្ត្រី​កឹម សុខា និយម​ម្នាក់ បាន​សរសេរ​បង្ហោះ​ផ្សាយ​ក្នុង Fresh News អ៊ីចឹង គឺ​ក្រុម​កឹម​សុខា​និយម ខំ​ខាំមាត់សង្កត់ចិត្ត​ស្ទើរ​ប្រេះ​ទ្រូង ដោយ​មិន​ហ៊ាន​ហារ​ស្តី​អ្វី​ឡើយ ពីព្រោះ​ខ្លាច​ភាគី​លោក សម រង្ស៊ី ចោទថា ជា​ក្រុម​បំបែកបំបាក់​។

​ក្រោម​សម្ពាធ​នៃ​ការ​លាប​ពណ៌ ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា ក៏​សុខចិត្ត​គ្រាំគ្រា​ចិត្ត​មិន​ហ៊ាន និយាយ​អ្វី​ហើយ​លាក់​មុខ​ដូច​អណ្តើក​ក្នុង​ស្នូក​។

​ប៉ុន្តែ​ទន្ទឹមនឹងនេះ ក៏មាន​អ្នក​យល់ឃើញថា ក្រុម​របស់ខ្លួន​មិនអាច​បន្ត​សម្ងំ​នៅក្នុង​ស្ថានភាព​បែប នេះ​បាន​តទៅទៀត​ឡើយ ទើបបាន​ជាមាន​អ្នក​ទម្លាយ​ទុក្ខសោក​នេះ ចេញមក​ខាងក្រៅ ដើម្បី​ជាការ​ដាស់​ស្មារតី​អ្នក កឹម សុខា និយម​ផ្សេងទៀត ឲ្យ​ភ្ញាក់​ពី​ដំណេក​។

​ជាការ​ពិត ក្រុម​កឹម​សុខា​និយម ពេលនេះ ហាក់​បាត់​ទាំងមុខ បាត់​ទាំង​អត្តសញ្ញាណ​របស់ខ្លួន ពី​ឆាកនយោបាយ ដោយ​សុខចិត្ត​ទុក​ឲ្យ​ក្រុម សម រង្ស៊ី កាន់​ក្តាប់​គ្រប់គ្រង​ទីលាន​ខាង​ក្រុមប្រឆាំង​ទាំងស្រុង​។

​បើទោះបីជា​ខ្លួន​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​ក្រុម​លោក សម រង្ស៊ី ក៏ដោយ ក៏​ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា មិន​ហ៊ាន​មាត់ក​អ្វី​ដែរ ដើម្បី​កុំ​ឲ្យ​ភាគី​លោក សម រង្ស៊ី លាប​ពណ៌​ថា ជា​ក្រុម​បំបែកបំបាក់​។ ប៉ុន្តែ​ភាព​ស្ងៀមស្ងាត់​នេះ បានធ្វើ​ឲ្យ​ក្រុម​លោក កឹម សុខា បាត់បង់​ឥទ្ធិពល​ស្ទើរតែ​ទាំងស្រុង ហើយ​កំពុង​ឈានទៅ​បាត់បង់​អត្តសញ្ញាណ​រប​ស់​ខ្លួន ហើយ​នៅ​ទីបំផុត ក៏​នឹង​បាត់បង់​ទីតាំង​ឈរជើង​ពី​ឆាកនយោបាយ​តែម្តង​។ ហេតុអ្វី​?

​ទី​១៖ អតីត​បក្ស​សង្គ្រោះ​ជាតិ ផ្សំ​ឡើង​ដោយ​ធាតុ​សំខាន់​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស​របស់លោក កឹម សុខា តាម​គោលការណ៍​កុងសង់ស៊ុស មានន័យថា ៖ អ្វីៗ​ត្រូវ​សម្រេច​ដោយមាន​ការឯកភាព​គ្នា​ជា​ឯក​ឆ័​ន្ទ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា​។

​ប៉ុន្តែ​ក្រោយ​បក្ស​ប្រហារ កាលពី​ថ្ងៃទី ២​ធ្នូ ២០១៨ មក ភាគី​លោក សម រង្ស៊ី គឺជា​អ្នកសម្រេច​គ្រប់យ៉ាង ចំណែកឯ​ភាគី​លោក កឹម សុខា សម្ងំ​ឈឹង​គ្មាន​ធ្វើ សកម្មភាព​អ្វី​ទាំងអស់ ពោលគឺ មិន​ខុស​អ្វី​ពី​ការជីក​កប់​ខ្លួនឯង នោះឡើយ​។

​ទី​២៖ ភាគី​លោក កឹម សុខា ខាំមាត់សង្កត់ចិត្ត​ទ្រាំ​មិន​បញ្ចេញ​សំឡេង និង​សកម្មភាព​ដោយ សារ​ខ្លាច​មានការ​បែកបាក់​។ ប៉ុន្តែ​ទោះបីជា​សម្ងំ​យ៉ាងណា​ក៏ មិនអាច​លាក់បាំង​ការបែកបាក់ បានដែរ​។ ដូច​ពាក្យ​សុភាសិត​ខ្មែរ​ពោលថា «​ដំរី​ស្លាប់​មិនអាច​យក ចង្អេរ​ទៅ​បាំង​បានឡើយ​»​។ ការបែកបាក់​មាន​ពិតប្រាកដ ហើយ​អ្នកណា​ក៏​ដឹង​ដែរ​។ ​ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វីដែល​ត្រូវ​លាក់​បាំង ហើយ​សុខចិត្ត​សម្ងំ​បៀមទុក្ខ​ក្រៀមក្រំ​នៅ​ចំពោះមុខ​របាំង​កញ្ចក់​ព​ណ៌​ស ដែល​គេ​អាច​មើលឃើញ​ខាងក្នុង​ច្បាស់​ក្រឡែត​​ទៅហើយនោះ​?

​ទី​៣៖ ដោយសារតែ​ខ្លួន​សម្ងំ​សូន្យឈឹង គ្មាន​ជំហរ​ច្បាស់លាស់ ភាគី​លោក កឹម សុខា ហាក់​កំពុង​រសាត់​ឆា្ង​យ​ទៅៗ​ពី​ឆាក​នយោបាយ ហើយ​ដោយសារតែ​ភាពស្ទាក់ស្ទើរ​របស់ខ្លួន​ប្រៀប​ដូច​អ្នកលេង​អាប៉ោង​ចាក់ខ្សែ តែ​មិន​ហ៊ាន​ចាក់​កៅអូវ​។

នៅ​ម្ខាង ក្រុម​លោក កឹម សុខា ខ្លាច​ការ​លាប​ពណ៌​ពី​ក្រុម​លោក សម រង្ស៊ី ហើយក៏​រង់ចាំ​មើល​លទ្ធផល ដែល​ក្រុម​លោក សម រង្ស៊ី កំពុង​ធ្វើ​ក្រែងលោ​បាន​ផល ខ្លួន​ក៏​ចាំ​ស៊ី​ឡាក​។ នៅ​ម្ខាង​ទៀត ការ​សម្ងំ​នៅ​ស្ងៀម​ព្រោះ ក្រែងលោ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​អត់ឱន​ពេល​ក្រុម​លោក សម រង្ស៊ី ធ្លាក់ទឹក​។ នេះ​គេ​ហៅថា ចាក់ខ្សែ​។ ប៉ុន្តែ ភាព​អល់អែក មិន​ច្បាស់លាស់​និង​រង់ចាំ​ស៊ី​ឡាក​បែបនេះ ក្រុម​លោក កឹម សុខា កំពុង​បំផ្លាញ​ជីវិត​នយោបាយ​ខ្លួនឯង​ហើយ ពីព្រោះ​ចូរ​កុំភ្លេចថា​៖

​ទី​១៖ អ្វីដែល​លោក សម រង្ស៊ី និង​បក្សពួក​របស់គាត់​ទន្ទឹងរង់ចាំ​អ៊ុត​មើល​នោះ​គឺ ក្រែងលោ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​មាន វិធានការ​អ្វី​បន្តិចបន្តួច​ចំពោះ​កម្ពុជា ដែល​ពួកគេ​អាច​យកទៅ​អួត​បាន​។ ប៉ុន្តែ អ្វីៗ​ទាំងនោះ ទំនងជា​មិនអាច​កើតមាន​ទេពី​ព្រោះ​រដ្ឋាភិបាល​លោក​ហ៊ុន សែន កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម​ជាមួយ​សហភាព​អឺរ៉ុប និង​ភាគី​ពាក់ព័ន្ធ ហើយ​រដ្ឋាភិបាល ក៏មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​ទាំងនោះ​។

​ក្នុងករណីនេះ រដ្ឋាភិបាល​ភ្នំពេញ​ក៏​មិនចាំបាច់​ត្រូវការ​ក្រុម​លោក កឹម សុខា ទៀត​ដែរ​ពីព្រោះ​ភាគី​លោក កឹម សុខា គ្មាន​ចំណែក​សូម្បី​បន្តិច​ទាល់តែសោះ ក្នុង​ការជួយ​ការពារ​ប្រយោជន៍​ជាតិ​។​

​ទី​២៖ បើទោះបី​ជាមាន​សម្ពាធ​បន្តិចបន្តួច​ពី​បរទេស​ខ្លះ​ជាយថាហេតុ​ក៏ដោយចុះ ក៏​បញ្ហា​នោះ មិនអាច​ជួយ​អ្វី​លោក សម រង្ស៊ី បានដែរ ពីព្រោះ​រដ្ឋាភិបាល​ភ្នំពេញ ច្បាស់​ជា​មិន​បណ្តោយ​ឲ្យ​មាន​ផលវិបាក​ធំធេង​ដល់​ប្រទេសជាតិ​ឡើយ ពោលគឺ​បញ្ហា​នេះ ស្ថិតក្នុង​កម្រិត​ដែល​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​បាន​។​

​ដូច្នេះ​អ្វីដែល​លោក សម រង្ស៊ី អាច​យកទៅ​អួត​បាន​នោះ គឺ​គ្រាន់តែ​ជាការ​ឃោសនា​បន្តុះបង្អាប់​រដ្ឋាភិបាល ដូចដែល​គាត់​ធ្លាប់​បានធ្វើ​កន្លងទៅ​តែ​ដដែល​។ ចំណែកឯ​ភាគី​ខាង​លោក កឹម សុខា វិញ រឹតតែ​គ្មាន​មុខ មក​និយាយ​អ្វី​ទាំងអស់ ពី​ព្រោះតែ​ខ្លួន​ជា​អ្នក​ដេកចាំ​ស៊ី​ឡាក់​តែប៉ុណ្ណោះ​។

​ក្រុម​លោក កឹម សុខា មិន​ត្រឹមតែ​មិនត្រូវ​បាន​ក្រុម​លោក សម រង្ស៊ី ផ្តល់​គុណសម្បត្តិ​អោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ គឺមាន​តែ​ការបន្តុះ​បង្អាប់​បន្ថែមថា ជា​ពួក​ដេកចាំ​ស៊ី​ឡាក​តែប៉ុណ្ណោះ​។ រីឯ​ការ​លាប​ពណ៌​ដែល​ក្រុម​លោក កឹម សុខា ភ័យខ្លាច​នោះ មាន​រួចស្រេច​ទៅហើយ ព្រោះ​ក្នុង​ក្រសែភ្នែក​លោក សម រង្ស៊ី និង​ក្រុម​របស់គាត់ ក្រុម​លោក កឹម សុខា គ្រាន់តែ​ជា​ឈ្លើង​ចាំ​ជញ្ជក់​ឈាម​តែប៉ុណ្ណោះ ដូច​អ្នក​រង្ស៊ី​និយម​ជាច្រើន បាន​ចូល Comment សរសេរ​យប់មិញ​ថា «…​ពួក កឹម សុខា​និយម​ឯង​កុំភ្លេចថា ខ្លួន​មានតែ ៣​កៅអី​ទេ ឯ​ក្រុម​យើង​ខាង​ហ្នែ​ក មាន ២៦​កៅអី ~ ពួក​ឯង​កុំ​ចង់​ធ្វើ​គ្រាន់បើ​ពេក​….»​។​

​ទី​៣៖ ក្នុងករណី ដែលមាន​ការដាក់​សម្ពាធ​ខ្លះ​ពី​បរទេស​មែន រដ្ឋាភិបាល​ភ្នំពេញ មិន​ត្រឹមតែ​មិន​ស្លាប់​ទេ តែ​ច្បាស់​ជា​នឹង​បិទទ្វារ​ទាំងស្រុង សម្រាប់​ក្រុមប្រឆាំង ដូចដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​រួចហើយ ពោលគឺ «​ការព្យួរ EBA មានន័យ​ស្មើនឹង​ការសម្លាប់​ក្រុមប្រឆាំង​»​។​

​ដូច្នេះ​តើ​អ្វី​ទៅជា​លទ្ធផល ដែល​ក្រុម​លោក កឹម សុខា​និយម ត្រូវ​ទន្ទឹងរង់ចាំ​? គឺ​គ្មាន​ទាល់តែសោះ​។ ខ្ញុំ​យល់ថា មានតែ​ការបង្ហាញ​ជំហរ​ច្បាស់លាស់ ឬ​មានតែ​ការចាក់​ឲ្យ​ចំ​កៅអូវ​ទេ ទើប​ភាគី​លោក កឹម សុខា អាចមាន​អនាគត និង​មាន​អត្តសញ្ញាណ​អាចឈរជើង​ក្នុង​ឆាកនយោបាយ​តទៅទៀតបាន​។​

​នៅក្នុង​ពិភព​នយោបាយ​គ្មានទេ ទីតាំង​សម្រាប់​អ្នក​ដេកស៊ី​ឡាក ហើយ​យុទ្ធសាស្ត្រ​ការពារ​ខ្លួន ដែល​ល្អ និង​មាន​ប្រសិទ្ធិភាព​បំផុត​នោះ គឺ​ការវាយលុក ដើម្បី​ការពារ​ទីតាំង​។ នេះ​ជា​អ្វីដែល​ក្រុម​កឹម​សុខា​និយម ត្រូវ​ចងចាំ និង​កត់​ត្រាទុក ព្រោះ​គ្មាន​អ្វីដែល​អក​ត្ត​ញូ​ជាង​នយោបាយ​នោះទេ​៕

​ដោយ​៖ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​

អត្ថបទដែលជាប់ទាក់ទង