លិខិត​មិត្ត​អ្នកអាន​៖ «​ដល់​ពេលដែល​ក្រុម​កឹម​សុខា​និយម ចេញមុខ​ហើយ​! »

(​ភ្នំពេញ​)៖ ក្នុងនាម​ជា​អ្នក​កឹម​សុខា​និយម​ម្នាក់ ខ្ញុំ​ពិតជា​មិនអាច​ទទួលយក​បានឡើយ​នូវ​ទង្វើ​របស់លោក សម រង្ស៊ី ដែលជា​ទង្វើ​អសីលធម៌ បញ្ឈឺចិត្ត និង​ក្បត់​យ៉ាង​គឃ្លើន ចំពោះ​លោក កឹម សុខា​។

​នៅលើ​បបូរមាត់​របស់គាត់ សម រង្ស៊ី តែង​ទន្ទិញ​រត់មាត់​ថា សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ ប៉ុន្តែ​អ្វីដែល​បង្កប់​ក្នុង​ពាក្យ​នេះ គឺ​លោក សម រង្ស៊ី គ្រាន់តែ​ចង់​ទាញយក​ប្រជាប្រិយភាព​ពី​លោក កឹម សុខា ដើម្បី​មកប្រើប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ពីព្រោះ​លោក សម រង្ស៊ី ដឹងខ្លួន​ថា រូបគាត់​បើ​គ្មាន​លោក កឹម សុខា ប្រៀបបាន​នឹង​គុល​អុស​ដែល​គេ​បោះចោល​គ្មាន​តម្លៃ​អ្វី​ទាំងអស់​។

​អ្វីដែល​គួរ​ឲ្យ​ឈឺចាប់​បំផុត​នោះ គឺ​លោក សម រង្ស៊ី បានធ្វើ​អំពើ​មិនគួរ​គប្បី​ចំពោះ​លោក កឹម សុខា ទាល់តែសោះ​។ ការយក​សេរីភាព​របស់លោក កឹម សុខា ទៅ​ភ្នាល់​ជា​ល្បែង​ជា​រឿង​ដ៏​អសីលធម៌​បំផុត​មួយ​ទៅហើយ ឥឡូវនេះ លោក សម រង្ស៊ី បាន បង្ហាញ​នូវ​សកម្មភាព​ក្បត់​ជា​ចំហរ​ដោយ​ឥត​អៀនខ្មាស​។

​នៅពេល​លោក កឹម សុខា កំពុង​ជាប់​ឃុំឃាំង លោក សម រង្ស៊ី បែរ​ទៅ​ជិះ​ស្គី​យ៉ាង​សប្បាយ​នៅ​ស្រុក​បារាំង ហើយ​បង្ហោះ​
​ហ្វេ​ស​ប៊ុ​ក​បញ្ឈឺចិត្ត​លោក កឹម សុខា និង​អ្នក​កឹម សុខា​និយម​ទៀត​។

​នៅពេល​លោក កឹម សុខា ខិតខំ​លះបង់​អ្វីៗ​គ្រប់យ៉ាង ដើម្បី​បក្ស​រួមទាំង​ការលះបង់​សេរីភាព​ផ្ទាល់ខ្លួន​ផង លោក សម រង្ស៊ី បែរជា​ឌឺ​ឲ្យ​លោក កឹម សុខា ថា ជាប់គុក​ដូច​លោក កឹម សុខា ឥតប្រយោជន៍ មិនអាច​ជួយ​អ្វី​បាន​ទាល់តែសោះ​?

​គ្រា​ដែល​លោក កឹម សុខា​និង​ក្រុមគ្រួសារ ក៏ដូចជា​អ្នក​កឹម សុខា​និយម កំពុងតែ​ក្រៀមក្រំ ហើយ​បន់ស្រន់​ឲ្យ​លោក កឹម សុខា មាន​សេរីភាព លោក សម រង្ស៊ី បែរជា​ទៅ​រាំរែក​យ៉ាង​សប្បាយរីករាយ ដោយ​គ្មាន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។

​ដោយ​ឃើញ​អំពើ​ទាំងឡាយ​របស់លោក សម រង្ស៊ី បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​សម្តី​របស់លោក កឹម សុខា ដែល​បាន​ប្រាប់​ក្រុម​សកម្មជន​របស់ខ្លួន​កាលពី​នៅ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ថា «​សូមអ្នក​ទាំងអស់គ្នា ចាំ​ទុក​ថា មនុស្ស​ដូច​លោក សម រង្ស៊ី មិនអាច​យក​ធ្វើជា​មិត្ត​បានឡើយ ពីព្រោះ​មនុស្ស​នេះ មិនចេះ​ខ្វល់​ពី​អ្នកណា ក្រៅពី​ខ្លួនឯង​ឡើយ​»​។

​ទោះជា​យ៉ាងណា ខ្ញុំ​ខំព្យាយាម​ដាក់ចិត្ត​ដាក់​កាយ​ជឿ​លើ​សម្ព័ន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា មួយរយៈ​កន្លងមក​ទោះបីជា​ពេលខ្លះ អ្នក​កឹម​សុខា​និយម​ជាច្រើន បាននាំគ្នា​រិះគន់​លោក​សម រង្ស៊ី ពី​ក្រោយខ្នង​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ ពេលនេះ ខ្ញុំ​ពិតជា​អស់​ក្តី​អត់ធ្មត់​ទៀតហើយ​ពីព្រោះ​តែ​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ទង្វើ​អសីលធម៌ និង​អំពើ​ក្បត់​យ៉ាង​គឃ្លើន​របស់លោក សម រង្ស៊ី​។

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​កឹម សុខា​និយម ទាំងឡាយ ឈប់​ខាំមាត់សង្កត់ចិត្ត ឈប់​គ្រាំ​ទ្រូង​ព្រោះតែ​ខ្លាច​បែកបាក់​តទៅទៀត​ទៅ ពីព្រោះ​ទោះ​ទ្រាំ​ដល់​ស្ទះដង្ហើម​ស្លាប់​ក៏​មនុស្ស​ដូច សម រង្ស៊ី នេះ​មិន​កែប្រែ​ចរិត​ដែរ​។

​តើ​យើងទាំងអស់គ្នា​អត់ទ្រាំ​ដើម្បី​អ្វី​? ដើម្បី​មើល​ទង្វើ​អសីលធម៌ និង​អំពើ​ក្បត់​យ៉ាង​គឃ្លើន​របស់លោក សម រង្ស៊ី ឬក៏​យើង​ត្រូវធ្វើ​អ្វី​ម្យ៉ាង ​ដើម្បី​​ផលប្រយោជន៍​របស់​យើង​?

​សម្រាប់​ខ្ញុំ ភាព​អត់ធ្មត់​ចំពោះ​ទង្វើ​របស់លោក សម រង្ស៊ី និង​បក្ស​ពួកគាត់​ដែល​បាន​ប្រមាថ មាក់ងាយ​មកលើ​លោក កឹម សុខា និង​មកលើ​ពួកយើង​គឺ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ​។

​ដូច្នេះ ខ្ញុំ​សូមអ្នក​កឹម សុខា​និយម ទាំងអស់​ចេញមុខ​មក​តស៊ូ​ដើម្បី​បុព្វហេតុ​របស់​យើង ដូចដែល យើង​ធ្លាប់​បានធ្វើ កាលពី​នៅ​គណបក្ស​សិទ្ធិមនុស្ស​។ យើង​មិនអាច​ទ្រាំ​តែ​ម្ខាង ដោយ​មើលឃើញ​ដៃគូ​ម្ខាង​ទៀត បង្ហាញ​ភាព​គឃ្លើន រស់នៅ​យ៉ាង​ស្រណុក សុខ​សប្បាយ ដោយ​គ្មាន​ខ្វល់​ពី​អ្នកណា​ទាំងអស់​ដូច្នេះ​ទៀតឡើយ​។

​ខ្ញុំ​ដឹងថា អ្នក​កឹម សុខា​និយម​ទាំងអស់ មាន​ផែនការ​រៀបចំ​ធ្វើ​អ្វី​ម្យ៉ាង ប៉ុន្តែ​ម្នាក់ៗ ​ចេះតែ​ទ្រាំ​អត់​​ធ្មត់​ក្រោម​ហេតុផល​ថា កុំ​ឲ្យ​បែកបាក់​។ ប៉ុន្តែ​ទោះជា​យើង​ទ្រាំ​យ៉ាងណា ការបែកបាក់​វា​មាន​ស្រេច​ទៅហើយ​។ ម្យ៉ាងទៀត ភាគី​ម្ខាង​ទៀត​គេ​មិនដែល​ខ្វល់​ពី​យើង​ទេ គឺ​ពួកគេ​បែរជា​ធ្វើ​អាជីវកម្ម​គ្រប់បែបយ៉ាង​ពី​សម្ព័ន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា​។

​ពួកគេ​យក​បញ្ហា​នេះ ម​កបាំងមុខ ដើម្បី​កេងចំណេញ ខណៈដែល​ពួកយើង រស់នៅ​ដោយ​គ្រាំគ្រា​ក្រោម​ការប្រមាថ​គ្រប់បែបយ៉ាង ទាំង​កាយ វាចារ​ចិត្ត​។ តើ​យើង​ទ្រាំ​ដើម្បី​អ្វី​ទៀត​?

​ខ្ញុំ​សង្ឃឹមថា សារ​នេះ​នឹង​ក្លាយជា​សារ​ដាស់​ស្មារតី​ក្រុម​អ្នក​កឹម​សុខា​និយម​ទាំងអស់ ឲ្យ​ចេញមុខ​ទម្លាយ​របាំង​នៃ​ការខ្លាច​បែកបាក់​នេះ ដើម្បី​បន្តដំណើរ​របស់​យើង​តទៅទៀត​។

ខ្ញុំ​សង្ឃឹមថា បងប្អូន​អ្នក​ធ្លាប់​គាំទ្រ​យើង នឹង​នៅតែ​បន្ត​គាំទ្រ​យើង​ជា​បន្តទៀត ដោយ​មិនត្រូវ​សម្ងំ​ធ្វើជា​ឈ្នាន់​ឲ្យ​ក្រុម​លោក សម រង្ស៊ី ជាន់​លើ​ខ្នង​ពួកយើង​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ​៕

​ពី​៖​សកម្មជន កឹម សុខា​និយម​ម្នាក់​

[mom_video type=”youtube” id=​”Re9lFpvER6c”]

អត្ថបទដែលជាប់ទាក់ទង