​អារ៉ាប៊ីសាអូឌីត​ប្រើមនុស្សយន្តលក់ថ្នាំពេទ្យ ជួយកាត់បន្ថយពេលវេលារង់ចាំអ្នកជំងឺ

(អារ៉ាប់)៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីដើម្បីគ្រប់គ្រងនិងចែកចាយឱសថដល់អតិថិជនបានជួយឲ្យអ្នកជំងឺនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាចទទួលបានឱសថនៅតាមឱសថស្ថាននានាក្នុងរយៈពេលតិចជាង១០វិនាទី។

ហើយឱសថការីមិនចាំបាច់ត្រូវចំណាយពេលក្នុងការអានវេជ្ជបញ្ជារបស់គ្រូពេទ្យមុនពេលផ្តល់ថ្នាំទៅឲ្យអ្នកជំងឺដែលជាធម្មតាត្រូវតម្រង់ជួររង់ចាំទៀតឡើយ។

ក្រុមហ៊ុនវេជ្ជសាស្ត្រ Al-Nahdi ដែលជាឱសថស្ថានលក់រាយឈានមុខគេនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានដាក់មនុស្សយន្តជាច្រើនដែលអាចពិនិត្យវេជ្ជបញ្ជាដើម្បីរៀបចំឱសថ, ត្រួតពិនិត្យសុវត្ថិភាពឱសថនិងកាលបរិច្ឆេទផុតកំណត់ព្រមទាំងគ្រប់គ្រងស្តុកទៀតផង។

ប្រព័ន្ធឱសថស្ថានឆ្លាតវៃនេះមានគោលបំណងជួយសន្សំសំចៃពេលវេលារបស់បុគ្គលិកដែលជាជំហានមួយដែលក្រុមហ៊ុនបាននិយាយថាវាមានសារៈសំខាន់ក្នុងការធ្វើឲ្យល្អប្រសើរឡើងនូវបទពិសោធន៍ក្នុងការទិញដូររបស់អតិថិជន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង