លិខិត​មិត្ត​អ្នកអាន​៖ «​ទូត​អាមេរិក កំពុង​លូកដៃ​ពេញទី ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​! »

(​ភ្នំពេញ​)៖ ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​មួយ ដែលមាន​លក្ខណៈ​ជាការ​លូកដៃ​យ៉ាង​កំរោល ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទាំងស្រុង​។ សុខៗ ស្រាប់តែ​ស្ថានទូត​បរទេសមួយ​នេះ បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​​ថា លោ ក​កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ហើយ​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ យើង​សូម​សួរ​ទៅ​ស្ថានទូត​អាមេរិក​ថា តើ​អ្នកដឹង​រឿង​លោក កឹម សុខា បានធ្វើ​អ្វី​ទេ ទើប​បណ្តាល​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​ឃុំឃាំង​ក្នុង​ពន្ធនាគារ​? អ្នកដឹង​ទេ​ថា លោក កឹម សុខា បាន​និយាយ​ចេញពី​មាត់​ខ្លួនឯង ហើយ​ថត​ជា​វិ​ដេ​អូ​និង​បង្ហោះ​ផ្សាយ​ដោយ​គ្មាន​អ្នកណា​បង្ខំ «​ថា គាត់​បានទទួល​ការណែនាំ និង​ហ្វឹកហាត់​ពី​សហរដ្ឋអាមេរិក​ដែល​បាន​ជួល​គ្រូ​ល្បីៗ​ជា​ជនជាតិ​អាមេរិកកាំង​និង​កាណាដា​ឲ្យ​រៀបចំ​ផែនការ​ផ្តួលរំលំ រដ្ឋាភិបាល​ដោយ​យក​គំរូ​តាម​បដិវត្ត​នៅ​ប្រទេស​យូ​ហ្គូ​ស្លា​វី និង​ស៊ែ​ប៊ី »​។​

ក្រៅពី​អ្វីដែល​លោក កឹម សុខា បាន​និយាយ សកម្មភាព​ជាក់ស្តែង​ជាច្រើន ត្រូវបានធ្វើ​រួចហើយ​នៅ​កម្ពុជា​។ នេះ​គឺជា​ទោស​ក្បត់ជាតិ ចុះ​ហេតុអ្វី​បានជា​ស្ថានទូត​អាមេរិក​ហ៊ាន​អះអាងថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ទៅវិញ​? ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ យើង​ពិតជា​មិនអាច​ទទួលយក​បានទេ ចំពោះ​ទង្វើ​បំពាន​ម្តង​ហើយ ម្តងទៀត មកលើ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ពី​សំណាក់​ស្ថានទូត​អាមេរិក ពីព្រោះ​ទង្វើ​បែបនេះ បាន​បំពាន​សន្ធិសញ្ញា​អន្តរជាតិ​ផង និង​បំពាន​លើ​អធិបតេយ្យភាព​របស់​ប្រទេស ដែល​ខ្លួន​កំពុង​បំពេញ​បេសកម្ម​ការទូត​ផង​។

​យើង​សូម​ឲ្យ​ស្ថានទូត​អាមេរិក គោរព​គោលការណ៍​យុត្តិធម៌​ផង និង​គោរព​សិទ្ធិ​ប្រទេស​ម្ចាស់ផ្ទះ ដែល​កំពុង​ទទួល​អ្នក​ឲ្យ​បំពេញការងារ​ផង​។

​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ក្នុងការ​វិនិច្ឆ័យ យើង​សូម​ផ្តល់យោបល់​ជូន​ស្ថានទូត​អាមេរិក ឲ្យ​ពិនិត្យមើល​ទិដ្ឋភាព​មួយចំនួន ដូចខាងក្រោម​៖

​ទី​១៖ សូម​ស្ថានទូត​អាមេរិក​ពិនិត្យ មើល​អ្វីដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេសរ​បស់​ខ្លួន ជាមុនសិន មុននឹង​និយាយ​រិះគន់​ប្រទេស​គេ​។ នៅ​សហរដ្ឋអាមេរិក សំណុំរឿង​ចោទប្រកាន់​ស្តីពី​ការ​លូកដៃ របស់​ប្រទេស​រុស្ស៊ី ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅតែ​បន្ត​ក្តៅគគុក​មិនទាន់​ចប់​នៅឡើយ​ទេ រហូតមកដល់​បច្ចុប្បន្ន​។ អ្នក​បានលឺ​ទេ ការចោទប្រកាន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា​បាន​បណ្តោយ​ឲ្យ​រុស្ស៊ី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អាមេរិក​ដែល​ធ្វើ​ឲ្យ​លោក ត្រាំ​ឈ្នះឆ្នោត​?

​ភ្នាក់ងារ ស៊ី​អាយ​អេ របស់​អាមេរិក​បាន និង​កំពុង​ស៊ើបអង្កេត​រឿងនេះ យ៉ាងសកម្ម ហើយក៏​ធ្លាប់បាន​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​ដល់​មនុស្ស​មួយចំនួន​រួចហើយ​ដែរ​។ ឧបមា​ថា ក្រុម​ស៊ើបអង្កេត​របស់​អ្នក​បាន​រកឃើញ​ភស្តុតាង​ថា លោក​ប្រធានាធិបតី​ត្រាំ បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ក្នុង​រឿងនេះ​មែន តើ​ច្បាប់​នៅ​ប្រទេស​របស់​អ្នក នឹងត្រូវ​ចាត់ការ​បែបណា​ចំពោះ​លោក​ត្រាំ​?

​ខ្ញុំ​នៅចាំ​បាន​ថា អ្នក​ក៏​ធ្លាប់បាន​ចោទប្រកាន់ និង​តាម​ចាប់ខ្លួន​ពលរ​ដ្អ​អាមេរិកាំង​ម្នាក់​ឈ្មោះ Edward Snowden ពីបទ​ក្បត់​ជាតិ ដោយសារតែ​បុរស​រូបនោះ បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយចំនួន​ទៅខាង​ក្រៅ ទាក់ទង​នឹង​ទង្វើ​មិនគួរ​គប្បី​មួយចំនួនរ​បស់​រដ្ឋាភិបាល​អាមេរិកាំង​។ បើ​កុំ​តែ​បុរស​រូបនោះ រត់គេចខ្លួន​ទាន់ ម្ល៉េះ​សម​គាត់​ត្រូវបាន​រដ្ឋអំណាច របស់​អាមេរិក​ចាប់​ដាក់ពន្ធនាគារ បាត់ទៅ​ហើយពី​ទោស​ក្បត់ជាតិ​។

​នៅ​ប្រទេស​បារាំង អតីត​ប្រធានាធិបតី នី​កូ​ឡា សា​កូ​ហ្ស៊ី ក៏​រង​ការចោទប្រកាន់​ពីបទ​ថា​បានទទួល​ប្រាក់​ពី​ប្រទេស​លី​ប៊ី យក​មក​ប្រើ​ប្រាស់ ដើម្បី​ឃោសនាបោះឆ្នោត​។

​ប្រសិនបើ​នៅក្នុង​ប្រទេស​របស់​អ្នក ក៏​ចាត់ការ​រឿង​ក្បត់ជាតិ និង​រឿង​ការ​លូកដៃ​ពី​បរទេស​ដែរ ចុះ​ហេតុ​អី​បានជា​​ចំណាត់ការ​​របស់​​កម្ពុជា ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដូច​អាមេរិក និង​អឺរ៉ុប​ដែរ បែរជា​អ្នក​មក​និយាយថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ហើយ​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ទៅវិញ​? តើ​យុត្តិធម៌ សម្រាប់​អ្នកឯង​មាន​ស្តង់ដា​ប៉ុន្មាន​? សិទ្ធិមនុស្ស ដែល​អ្នក​កំពុង​បង្រៀន​គេ​មាន​ស្តង់ដា​ប៉ុន្មាន​?

​ទី​២៖ ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ សូម​ទាមទារ​ឲ្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់ នូវ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ ដែលជា​សមាជិក​​អង្គការសហប្រជាជាតិ ដូច​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែរ​។

​អ្នកដឹង​ទេ​ថា បណ្តា​ប្រទេស​ក្នុង​លោក​នេះ គេ​តែងតែ​ការពារ​អធិបតេយ្យភាព​របស់គេ​យ៉ាង​តឹងតែង​ណាស់ មិនអាច​អនុញ្ញាត​ឲ្យ​បរទេស​ណា​មក​បំពាន​បានឡើយ​រាប់ទាំង​ប្រទេស​របស់​អ្នកផង​។ ចុះ​ហេតុដូចម្តេច បានជា​ស្ថានទូត​អាមេរិក មក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​ចំហរ​និង​ដោយ​ខ្វះ​សុ​ច្ចរិតភាព​និង​តុល្យភាព​យ៉ាង​ដូច្នេះ​?

​ទី​៣៖ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ខ្ញុំ​សូម​ឲ្យ​មហាអំណាច​អាមេរិក ក៏ដូចជា​អឺរ៉ុប បញ្ឈប់​ការ​​ប្រើប្រាស់​កម្ពុជា​ជា​ល្បែង​​ភូមិសាស្ត្រ​​នយោបាយ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយជា​ចំណាប់​ខ្លាំង​ដោយ​មហិច្ឆតា​ដណ្តើម​ឥទ្ធិពល និង​ផលប្រយោជន៍​ភូមិសាស្ត្រ នយោបាយ​របស់​អ្នក​តទៅ ទៀត​។

​កម្ពុជា​បាន​រងគ្រោះ​ឆ្អែតឆ្អន់​ហើយ ដោយសារតែ​សង្គ្រាម​វិនាសកម្ម​បង្កើតឡើង​ដោយសារ​អ្នក​កាលពី​អតីតកាល​។ គ្រាប់បែក​ជិត ៣ លាន​តោន ត្រូវបាន​ទម្លាក់​លើទឹក​ដី​កម្ពុជា ដែល​បានសម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ និង​បន្តធ្វើ​ឲ្យ​មាន​ជនរងគ្រោះ​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​កាកសំណល់​នៃ​គ្រាប់​មិនទាន់​ផ្ទុះ​។ ដូច្នេះ វា​ល្មម​គ្រប់គ្រាន់ ដែល​យើង​ឆ្អែតឆ្អន់ ហើយ​វា​ក៏​ល្មម​គ្រប់គ្រាន់​សម្រាប់​អ្នក​ដែរ​។​

​ទី​៤៖ ក្នុងនាម​ពលរដ្ឋ​ខ្មែរ ខ្ញុំ​សូម​ស្នើ​ឲ្យ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា សិក្សា​ស្វែងយល់​បន្ថែម​ពី​ករណី​លោក កឹម សុខា ដោយ​ស្តាប់​ឡើងវិញ​នូវ​សម្តី​លោក កឹម សុខា ដែល​បាន​និយាយ និង​ត្រូវបាន​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ស្និទ្ធ​នឹង​បក្សប្រឆាំង បាន​បង្ហោះ​ផ្សាយ​ទាំងស្រុង​។ ​សូម​ឲ្យ​ស្ថានទូត​អាមេរិក​ពិនិត្យ មើល​សកម្មភាព​ទាំងឡាយ​របស់​ក្រុមប្រឆាំង​នៅ​កម្ពុជា ដែល​បានធ្វើ​កន្លងទៅ តើ​វា​ស៊ីសង្វាក់​គ្នា​យ៉ាងណា ជាមួយនឹង​អ្វីដែល​លោក កឹម សុខា​បាន​និយាយ​។ បើ​បានឃើញ​ហើយ សូម​ប្រៀប​ធៀប​ទង្វើ​ទាំងនេះ ទៅនឹង​អ្វីដែល​កើតមានឡើង នៅក្នុង​ប្រទេស​របស់​អ្នកផង​។​

​ទី​៥៖ បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងផ្តល់​ជំរក​ដល់​ក្រុម​បះបោរ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា និង​បានអនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​របស់ខ្លួន មាន​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ជាដើម ធ្វើជា​ឧបករណ៍​ដាច់​ថ្លៃ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដើម្បី​ញុះញង់ បញ្ឆេះ​កំហឹង និង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដោយ​ចំហរ ដោយ​ខ្វះ​វិជ្ជាជីវៈ និង​យ៉ាង​គឃ្លើន​។

​តើ​អ្នក​ចង់បាន​អ្វី​ទៀត​ពី​កម្ពុជា​? តើ​អ្នក​ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​ទៀត ដែល​រងគ្រោះ និង​ស្លាប់​ក្រោម​ទម្ងន់​មនោគមន៍វិជ្ជា និង​ទម្ងន់​គ្រាប់បែក​របស់​អ្នក​?

​សរុប​មកវិញ មាន​ពលរដ្ឋ​ខ្មែរ​ច្រើនណាស់ ដែល​បាន​បញ្ចេញ ប្រតិកម្ម​តប​ទៅនឹង​ទង្វើ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ក្នុង​បញ្ហា​ជាច្រើន ជាពិសេស​សំណុំរឿង​លោក កឹម សុខា នៅពេលនេះ​។ ដូច្នេះ ស្ថានទូត​អាមេរិក គួរតែ​បាន​ភ្លឺភ្នែក​ហើយ ចំពោះ​ប្រតិកម្ម​របស់​ម្ចាស់​ស្រុក​នៅពេលនេះ​។

​កម្ពុជា ចង់​ចងមិត្ត​ជាមួយ​គ្រប់​បណ្តា​ប្រទេស ដោយ​គ្មាន​រើសអើង ប៉ុន្តែ អ្វីដែល​កម្ពុជា​ចង់បាន​គឺ​សុំ​ត្រឹម​ភាព​ស្មើមុខ​មាត់ និង​ការគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ​។ យើង​ពិតជា​មិន​ចង់ឃើញ​មិត្ត​ណា ដែល​ចូលចិត្ត​ចាប់ដៃ ហើយ​ជាន់​ជើង​នោះឡើយ​៕

​ដោយ​៖ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​

អត្ថបទដែលជាប់ទាក់ទង