គ្មាន​ទីណា​ប្រសើរ​ជាង​ផ្ទះ​យើង​ទេ​

(​ភ្នំពេញ​)៖ អ្វី​ដែលជា​កម្មសិទ្ធិ​រប​ស់​យើង ប្រសើរ​ជាង​របស់គេ​។​

​ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏​ធំ​ស្កឹមស្កៃ ជា​កម្មសិទ្ធិ​របស់គេ ក៏​នៅតែ​ចាញ់​ខ្ទម​កំ​ព្រួក​របស់​យើង​ដែរ​។ ព្រោះ​វិមាន​អស់ទាំងនោះ​យើង​មិនអាច​ទៅ​ស្នាក់នៅ ឬ​ទៅ​ជ្រក​ភ្លៀង​ម្តងម្កាល​បានទេ​។​

​ម្យ៉ាងទៀត បើ​មាន​បងប្អូន​ជា​គហបតី ហៅ​យើង​ឲ្យ​ទៅ​នៅ​លេងបួន​-​ដប់​ថ្ងៃ​។ គេ​ផ្គត់ផ្គង់​បាយទឹក គ្មាន​ឲ្យ​ខ្វះ​អ្វី​។ យើង​មិនអាច​នៅ​ឲ្យ​គ្រប់​១០​ថ្ងៃ​បានដែរ​។ ផ្ទះ​គេ​ស្អាត​ឥតខ្ចោះ ប៉ុន្តែ​បើ​យើង​នៅ​យូរ​យើង​រឹតតែ​ធុញថប់​ក្នុង​អារម្មណ៍​ខ្លាំង​ជានិច្ច​ដែរ​។ ព្រោះ​ផ្ទះ​គេ​មិនមែនជា​ផ្ទះ​របស់​យើង​ទេ​។ ផ្ទះ​គេ​ស្អាត​ពេក ឥ​វ៉ាន់​ប្រើប្រាស់​ទំនើប​ទាន់សម័យ តែ​យើង​មិន​ហ៊ាន​កាន់ ឬ​ប៉ះពាល់​ឡើយ​។​

​ដូច្នេះ​ទីកន្លែង​ណា​ឲ្យ​តែ​របស់គេ ទោះបីជា​ល្អ​ប្រណីត​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិន​ប្រសើរ​ជាង​ខ្ទម​កំ​ព្រួក​របស់​យើង​ដែរ​។ ព្រោះ​ខ្ទម​របស់​យើង​ទោះ​យើង​ចង់​ដេក ដើរ ឈរ អង្គុយ គ្រប់​ឥរិយាបទ​ក៏​គ្មាន​ខ្លាចក្រែង​ចិត្ត​អ្នកណា​គឺមាន​សេរីភាព​ពេញបរិបូរណ៍​។ ត្រង់​ការ​មាន​សេរីភាព​ពេញលេញ និង​គ្មាន​ខ្លាច​អ្នកណា ហ្នឹងហើយ​ជា​សុភមង្គល​របស់​យើង​ដែល​លោក​ហៅថា គ្មាន​ទីណា​ប្រសើរ​ជាង​ផ្ទះ​យើង​ទេ​៕ (​ដកស្រង់​ចេញពី «​សៀវភៅ​សុភាសិត​ខ្មែរ អធិប្បាយ​» រៀបរៀង​ដោយ​: លី ថៃ​លី បោះពុម្ព​ឆ្នាំ​២០០៧)

អត្ថបទដែលជាប់ទាក់ទង