អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី ធ្លាប់រងបណ្តឹងជាច្រើនទៅACU!

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី អតីតមេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​រន​ត​គិរី ធ្លាប់បានរងបណ្តឹងជាច្រើនពីមន្រ្តីអង្គការ សមាគមន៍ និងអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការកាប់ព្រៃឈើ និងការរៀបចំផែនការចាប់អ្នកសារព័ត៌មានជាដើម។

បន្ទាប់ពី​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ លុបឈ្មោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី អតីតមេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​រន​ត​គិរី កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ចេញពី​ក្របខ័ណ្ឌ កងយោធពល​ខេមរភូមិន្ទ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ដាក់ពាក្យបណ្តឹងទៅ​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​កម្មវត្ថុ ប្តឹង​ឈ្មោះ គឹម រស្មី ភេទ​ប្រុស អតីត​មេបញ្ជាការ​កង​រាជ​អាវុធ​ហេ​ត្ថ ខេត្តរតនគិរី ពីបទ​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ តាម​មាត្រា ៣៦ និង​ពីបទ ទទួលផល​បន្ត​ពីបទ​ល្មើស​ពុករលួយ តាម​មាត្រា ៣៧ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ប្រព្រឹត្ត​នៅ​ខេត្តរតនគិរី​។

លោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ធ្លាប់រងការចោទប្រកាន់ថា បានសហការជាមួយមេឈ្មួញរកស៊ីព្រៃឈើ ដើម្បីចាប់ខ្លួនអ្នកសារព័ត៌មានបួនរូប កាលពីថ្ងៃទី១៤ ខែមិនថុនា ឆ្នាំ២០១៧  ហើយអ្នកខ្លះក៏មិនទាន់បានដោះលែងនៅឡើយដែរមកទល់នឹងពេលនេះ។

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧  មជ្ឍមណ្ឌលព័ត៌មាន យុវជនខ្មែរព័ត៌មាន ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបានអះអាងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ មិនដែលឃើញលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាប ឬចាប់ខ្លួនមកផ្តន្ទាទោសតាច្បាប់ដូចអ្នកសារព័ត៌មានទាំងនោះឡើយ។

លោក ឈិន ឌុន អគ្គនាយក មជ្ឍមណ្ឌលព័ត៌មាន យុវជនខ្មែរព័ត៌មាន ក៏ធ្លាប់បានអះអាងថា ការកំហែងដល់អាយុជីវិត និងក្រុមគ្រួសារអ្នកសារព័ត៌មាននេះ ព្រោះតែអ្នកសារព័ត៌មានជាឧបសគ្គដ៏ធំ រាំងស្ទះដល់ការបណ្តាក់ហ៊ុន រកស៊ីបទល្មើសព្រៃឈើខុសច្បាប់ជាមួយមេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តរតនគិរីដែលបានត់បង់នូវប្រយោជន័បុគ្គល និងបក្ខពួក។

លោក ឈិន ឌុន អគ្គនាយក មជ្ឍមណ្ឌលព័ត៌មាន យុវជនខ្មែរព័ត៌មាន ក្រៅពីដាក់ពាក្យបណ្តឹងទៅ ACU លោកក៏ធ្លាប់បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដេច ចាត់វិធានការ ចំពោះមន្ត្រីជំនាញ និងកងកម្លាំង  ប្រដាប់អាវុធណា  ដែលអសមត្ថភាព  និងអ្នក ជាប់ពាក់ព័ន្ធ ទៅនឹងពួកឈ្មួញ ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ជាលក្ខណទ្រង់ទ្រាយធំ ដែលខ្ញុំបាទ  និងបងប្អូន  ក្រុមអ្នកសារព័ត៌មានយើង  បានចុះស្រាវជ្រាវ រុករកឃើញ  ឈើហ៊ុបមូល និងឈើហ៊ុបជ្រុងៗ ។… សូមឱ្យសម្ដេចតេជោ  ចាត់វិធានការ ឱ្យបានធ្ងន់ធ្ងរ តាមផ្លូវច្បាប់»។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អ្នកសារព័ត៌មានប្រមាណជាង៥០នាក់ តំណាងឲ្យអ្នកសារព័ត៌មានមកពីបណ្តាខេត្តទាំង២៥ក្នុងប្រទេសកម្ពុជា មកជួបជុំគ្នានៅក្រសួងព័ត៌មាន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាអាណាព្យាបាលរបស់ខ្លួន ក្នុងករណីអាជ្ញាធរខេត្តតរនគិរី គម្រាម និងចាប់អ្នកសារព័ត៌មានដាក់គុក ក្រោមមូលហេតុ«កំហែងយក»។

ក្រុមអ្នកសារព័ត៌មានទាំងនោះធ្លាប់អះអាងថា ការចាប់អ្នកសារព័ត៌មានជាការសងសឹកបែបគំនុំ ដែលអ្នកសារព័ត៌មានធ្លាប់ចុះផ្សាយពីទង្វើអាក្រក់របស់ពួកគេ និងការឃុនឃិតរបស់ពួកគេជាមួយមេឈ្មួញរកស៊ីឈើប្រចាំខេត្តនេះ ដែលគេស្គាល់ថា ជាជនជាតិវៀតណាម។

ចាងហ្វាងការផ្សាយកម្មវិធីទូរទស្សន៍ស៊ើងអង្កេត លោក អ៊ឹម សុភី ធ្លាប់បានលើកឡើងថា មន្រ្តីកងរាជអាវុធហត្ថដែលដឹកនាំដោយលោក គឹម រស្មី ជាមេបញ្ជាការប្រចាំខេត្តរតនគិរីនេះ កន្លងមកមិនដែលចាប់បានឈ្មួញរកស៊ីដឹកឈើធំៗទេ ចាប់បានអ្នករកស៊ីឈើតូចតាច ហើយតាមរយៈការចាប់នេះ ក្រុមអ្នករកស៊ីឈើតូចតាចមួយចំនួន បានបញ្ឈប់ព្រោះខាតបង់ច្រើនពីការចាប់ និងសម្រេចចិត្តមកបើកជាសារព័ត៌មានវិញ ដើម្បីផ្សព្វផ្សាយពីការអនុវត្តច្បាប់របស់មន្រ្តីខិលខូចមួយចំនួន ពិសេសលោក គឹម រស្មី ដែលចាប់អ្នករកស៊ីឈើមិនស្មើភាពគ្នារវាងអ្នករកស៊ី(ឈើ)ធំ និងអ្នករកស៊ី(ឈើ)តូចតាច។

កាលនោះលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន នៅទីស្តីការក្រសួងថា បើក្រុមអាជ្ញាធរទាំងនោះគេសហការគ្នា យើងក៏ត្រូវចេះសហការគ្នាដែរ ហើយប្រមូលភស្តុតាងឲ្យជាប់។ «គ្នានអ្នកណាម្នាក់អាចចាប់អ្នកសារព័ត៌មានបានទេ បើអ្នកសារព័ត៌មាននោះមិនបានប្រព្រិត្តិខុស ហើយបើចាប់អ្នកសារព័ត៌មាន ដោយគ្មានភស្តុតាងច្បាស់លាស់ អ្នកសារព័ត៌មាន អាចប្តឹងពួកគេបាន តែពីរទៅបីដង អ្នកទាំងនៅនឹងរាងចាល។ គេឆ្លៀតរករឿងយើង ម៉េចយើងមិនរករឿងគេវិញ កុំនៅស្ងៀម»។

សូមរំឭកផងដែរថាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ អ្នកសារព័ត៌មានបួនរូបត្រូវបានចាប់ខ្លួនរួមមានឈ្មោះ យ៉ន ទិត្យ ហៅ ទិត្យ ឥសាន្ត ជាអ្នកសារព័ត៌មាននៅស្ថាប័នព័ត៌មានយុវជនខ្មែរព័ត៌មាន ឈ្មោះ ប៉េង សុខថារៈ អង្គភាពCPNTV, អនឡាញ,ឈ្មោះ ម៉ី ម៉េងហ៊ុយ សារព័ត៌មានដំណឹងភ្នំពេញ និងឈ្មោះ ច័ន្ទ ណារ៉ា ភេទស្រី សារព័ត៌មាន ទូរទស្សន៍អនឡាញ អង្កេត(TNM អនឡាញ ព្រោះតែដឹងរឿងច្រើន ពាក់ព័ន្ធនឹងការរកស៊ីព្រៃឈើ របស់មន្រ្តីធំៗមួយចំនួន ជាមួយនឹងមេឈ្មួញព្រៃឈើប្រចាំខេត្តរតនគិរីនេះ ហើយព្រះរាជអាជ្ញាចោទពីបទ «កំហែងយក» និងបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរីទាំងអស់។

​សូមបញ្ជាក់ថា បន្ទាប់ពី​បែកធ្លាយ​វីដេអូ សំញែង អួត​ពី​ទ្រព្យសម្បត្តិ ដោយ​ចែក​លុយ​ឲ្យ​កូនៗ ៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ ១០​ម៉ឺន​ដុល្លារ នៅក្នុង​កម្មវិធី​ខួបកំណើត​កូន​រួចមក លោក ​គឹម ​រស្មី ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មួយ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី ត្រូវបាន​ព្រះមហាក្សត្រ សម្រេច​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ តាម​សេចក្តី​ក្រាប​ប​បង្គំ​ទូល​ស្នើ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន​។

​ករណីនេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ជាការ​សម្រេចចិត្ត​ដ៏​ឈឺចាប់​មួយ ក្នុងការ​វះកាត់ តាម​អភិ​ក្រ​ម​ទី​៥ របស់​សម្តេច​។​

​ចំពោះ​ចំណាត់ការ​នេះ ត្រូវបាន​សាធារណៈជន អបអរសាទរ ព្រោះថា លោក គឹម រស្មី អតីត​មេបញ្ជាការ​ប៉េអឹម នៅ​ខេត្តរតនគិរី ល្បីល្បាញ​យូរហើយ រឿង​កាប់​ឈើ តែ​មិនមាន​ថ្នាក់លើ​ណា ហ៊ាន​ចាត់វិធានការ​លើ​បុគ្គល​នេះឡើយ​៕​ (Swift News)

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង