កីឡាករបារ៉ែនដែលភៀសខ្លួនត្រូវអាជ្ញាធរថៃដោះលែង

(អូស្ត្រាលី)៖ កីឡាករជាជនភៀសខ្លួនដែលត្រូវឃុំខ្លួននៅប្រទេសថៃអស់រយៈពេលបីខែក្រោម សម្ពាធប្រទេសបារ៉ែន ពេលនេះត្រូវបានដោះលែង ហើយបានធ្វើដំណើរមកដល់ប្រទេស អូស្ត្រាលី និងបានមកថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Marrison ដែលបានអន្តរាគមន៍ និងជួយខ្លួនឱ្យមានសេរីភាពឡើងវិញ។

កីឡាករ Hakeem al-Araibi បានធ្វើដំណើរទៅកាន់ទីក្រុង Canberra កាលពីថ្ងៃពុធ ត្រឹមតែមួយថ្ងៃ ក្រោយខ្លួនមកដល់ផ្ទះនៅទីក្រុង Melbourne។ កីឡាកររូបនេះត្រូវបានឃុំខ្លន នៅថៃតាំងពីខែវិច្ឆិកាមកម្លេះ បន្ទាប់ពីអាជ្ញាធរថៃចាប់ខ្លួនពេលវិស្សមកាលជាមួយគ្រួសារ។

Hakeem al-Araibi អាយុ២៥ឆ្នាំជាកីឡាករសញ្ជាតិបារ៉ែនលេងតំណែងការពារ។ កីឡាកររូបនេះគឺជាអ្នកប្រឆាំងរដ្ឋាភិបាល ហើយត្រូវបានចាប់ខ្លួនម្តងនៅឆ្នាំ២០១២។ ក្រោយមកត្រូវបានដោះលែងដោយមានការធានា ហើយក៏បានត្រឡប់ទៅលេងបាល់ឱ្យក្លិប Al-Shabab។ ឆ្នាំ២០១៣ ត្រូវបានកោះហៅចូលក្រុមយុវជនក្រោមការដឹកនាំរបស់គ្រូបង្វឹក អង់គ្លេសAnthony Hudson។

ខែវិច្ឆិកា ឆ្នាំ២០១៣ al-Araibi បានធ្វើដំណើរជាមួយក្រុមទៅកាន់ប្រទេសកាតាប្រកួតជើងឯក អាស៊ីប៉ែកខាងលិច។ ដោយបានឱកាស កីឡាកររូបនេះបានភៀសខ្លួនដំបូងទៅកាន់អ៊ីរ៉ង់ បន្ទាប់មក ម៉ាឡេស៊ី ថៃ និង៦ខែក្រោយមកទៅកាន់ប្រទេសអូស្ត្រាលីដើម្បីសុំសិទ្ធិជ្រកកោន។ តាំងពីនោះមកគេរស់នៅទីក្រុង Melbourne និងបានរៀបការជាមួយភរិយាដែលស្គាល់គ្នាតាំង ពីអាយុ១៧ឆ្នាំ។ ឆ្នាំ២០១៧ កីឡាកររូបនេះត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួននៅអូស្ត្រាលី ដែលអាចឱ្យគេធ្វើដំណើរ និងមានការធានាការពារ។

នៅអូស្ត្រាលីគេលេងបាល់ទាត់ពាក់កណ្តាលអាជីពនៅរដ្ឋ Victoria និងលេងឱ្យក្លិប Pascoe Vale FC៕

 

អត្ថបទដែលជាប់ទាក់ទង