ណាហ្គារើសបានកីឡាករវ័យក្មេង១០នាក់ពីការប្រកួតយុវជននៅកំពង់ស្ពឺ

(កំពង់ស្ពឺ)៖  លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ ឲ្យដឹងថា កីឡាករវ័យក្មេងចំនួន១០រូបត្រូវបានចម្រាញ់ចេញពីការប្រកួតយុវជនអាយុក្រោម១៨ឆ្នាំ ២០១៩នៅខេត្តកំពង់ស្ពឺ ដែលជាគម្រោងរបស់កម្មវិធីណាហ្គាវើលដ៍បេះដូងសប្បុរសធម៌។

គ្រូបង្វឹកក្រុមជើងឯកក្របខណ្ឌ Metfone Cambodian League 2018 ឲ្យដឹងថា យុវជនទាំង១០នាក់នោះនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមធំណាហ្គាចំនួន២សប្ដាហ៍ ហើយប្រសិនបើនរណាអាចបង្ហាញសមត្ថភាពល្អ នឹងមានឱកាសទៅហ្វឹកហាត់នៅប្រទេសថៃ។
អតីតកីឡាករជម្រើសជាតិកម្ពុជារៀបរាប់ ៖ “ឆ្លងកាត់ការជ្រើសរើសហ្នឹង យករកបាន១០នាក់។ ចំពោះការចម្រាញ់មួយតង់ទៀត យើងមិនកំណត់ទេ បើជាប់ទាំង១០ យើងនឹងយកទាំង១០ ហើយគាត់ក៏មានឱកាសទៅហ្វឹកហាត់នៅប្រទេសថៃមួយសប្ដាហ៍”។
គួរដឹងដែរថា ការប្រកួតបាល់ទាត់យុវជនយុវជនអាយុក្រោម១៨ឆ្នាំនៅខេត្តកំពង់ស្ពឺនេះ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ដោយមានការចូលក្រុមបុរស១៩ក្រុម និងក្រុមនារី៩ក្រុម។
ចំណែកពិធីប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីបានប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, លោក Phen Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍, លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
ជាលទ្ធផលសម្រាប់ក្រុមបុរស ជើងឯកបានទៅលើវិទ្យាល័យកំពង់ស្ពឺ, លេខ២បានទៅលើវិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច និងលេខ៣
បានទៅលើវិទ្យាល័យ វាលពង់។ សម្រាប់ក្រុមកីឡាការិនីវិញ លេខ១បានទៅលើវិទ្យាល័យអន្លង់ជ្រៃ, លេខ២បានទៅលើវិទ្យាល័យ
ឱរ៉ាល់ និងលេខ៣បានទៅលើវិទ្យាល័យវាលពង់៕
ប្រភព៖ CNCC
អត្ថបទដែលជាប់ទាក់ទង