លោក ឃួង ស្រេង៖ ៧ចំណុចជាលក្ខខណ្ឌសំខាន់ត្រូវអនុវត្តក្នុងឱកាសចូលឆ្នាំចិនខាងមុខ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមករា នេះលោក ឃួង​ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ថា ហាមដុតផាវ សូបប្រុងប្រយ័ត្នភ្លើងទានធូប ហាមដុតក្រដាសសែនលើជញ្ចើមថ្នល់…ជាដើម។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លក្ខខណ្ឌសំខាន់ទាំង៧ចំណុច មានអត្ថន័យ និងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

១. ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៉ីសង និងរាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

២. នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែនភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

៣. ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤. គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តន៍ តាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៥. មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

៧. ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង