ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

(មណ្ឌលគិរី)៖ ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារយ៉ាងសន្ធប់មកលើ ខណៈដែលកម្លាំងចម្រុះខាងលើកំពុងល្បាតព្រៃ និងបានឃាត់ខ្លួនបុរសម្នាក់សង្ស័យដឹកសត្វព្រៃខុសច្បាប់ ក៏មានការបាញ់ស្រោចមកលើតែម្ដង ដោយបានធ្វើឲ្យមន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីនេះបានកើតឡើងគ្រាដែលក្រុមមន្ត្រីឧទ្យានុរក្សសហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នាមានគ្នា៦នាក់ បានចេញល្បាតតាំងពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ប៉ុន្តែមិនឃើញមានមនុស្សស្នាក់នៅទេ ដោយមានការសង្ស័យក្រុមមន្ត្រីជំនាញបានពង្រាយគ្នាចាំឃ្លាំមើលត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺថ្ងៃទី២៩ ស្រាប់តែឃើញម៉ូតូ១គ្រឿងជិះសំដៅមកជំរុំមួយនេះ និងដឹកប៉ាវមួយ ដែលសង្ស័យមានលាក់ទុកសត្វព្រៃក្នុងនោះ ឃើញដូច្នោះក្រុមមន្ត្រីបានចេញមកឃាត់ម៉ូតូខាងលើ ប៉ុន្តែមិនទាន់បានឃាត់ផង ក៏មានស្នូកាំភ្លើងបាញ់ស្រោចពីលើមាត់ច្រាំងអូររ៉ូវេ សន្ធប់មកក្រុមមន្ត្រីឧទ្យានុរក្ស នឹងមានការបាញ់តបតគ្នាមួយប្រ៉ាវបានបណ្ដាលឲ្យឧទ្យានុរក្សម្នាក់រងរបួសចំភ្លៅធ្លាយមកគូទ ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តថា ក្រោយបាញ់តទល់គ្នាមួយប្រ៉ាវរួចមក ក្រុមខ្មាំន់កាំភ្លើងនិងកម្លាំងចម្រុះបានដកថយរៀងខ្លួន និងបានជម្លៀសមន្ត្រីដែលរងរបួសមកទីតាំងផ្សេង ប៉ុន្តែរំលងបន្តិចប្រហែលម៉ោង៥ទៀបភ្លឺ ខ្មាន់កាំភ្លើងទាំងនោះបានលបមកជំរុំរបស់មន្ត្រីជំនាញស្នាក់នៅម្ដងទៀត និងបានបាញ់រះមកលើម៉ូតូ០១គ្រឿងបណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនធ្វើឲ្យក្រុមមន្ត្រីឧទ្យានុរក្សរងរបួសថែមទៀតនោះទេនៅក្នុងហេតុការណ៍បាញ់លើកទី២នេះ ។

លោក កែវ សុភក៌ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃស្រែពកហើយមកទល់ពេលនេះ មន្ត្រីដែលរងរបួសបានរួចផុតជីវិតហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី​ លោក ឡោ សុខា បានប្រាប់ដែរថា ករណីនេះលោកបាននិងកំពុងបញ្ជាកម្លាំងជាច្រើននាក់ទៅតំបន់ខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះឲ្យខាងតែបាន ៕

 

អត្ថបទដែលជាប់ទាក់ទង