វិភាគៈ វាសនារបស់ប្រទេសវែណេស៊ុយអេឡានៅពេលនេះ មិនសូវខុសគ្នាពីប្រទេសស៊ីរីទេ

អ្នកជំនាញខាងកិច្ចការអន្តរជាតិរបស់ប្រទេសអៀរឡង់ខាងជើង លោក ហ្វ៊ីនៀន គុននីងហាម (Finian Cuningham) បានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសវែណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះមានសណ្ឋានមិនខុសគ្នាប៉ុន្មានទេ ពីវិបត្តិសង្គ្រាមស៊ីវិលដែលបានកើតឡើងនៅប្រទេសស៊ីរី ។

សណ្ឋានដូចគ្នានៃស្ថានភាពនយោបាយនៅវែណេស៊ុយអេឡាបច្ចុប្បន្ន និងស្ថានភាពនយោបាយនៅប្រទេសកាលពីមុន គឺដូចគ្នានៅត្រង់ថា កាលខែមីនា ឆ្នាំ២០១១កន្លងទៅ ក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋនៅប្រទេសស៊ីរីបានផ្ទុះឡើង ។

កាលនោះ មេដឹកនាំរបស់សហរដ្ឋអាមេរិក បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ក្រុមបាតុករ ក្នុងការធ្វើបាតុកម្មផ្តួលរំលំប្រមុខដឹកនាំរដ្ឋាភិបាលស៊ីរី គឺលោក បាសា អាល់ អាសាដ ដោយដើរដង្ហែក្បួនៅតាមផ្លូវ និងវាយប្រហារលើកងកម្លាំងរដ្ឋាភិបាល ។

ការបាត់បង់ជីវិតមនុស្ស បានកើតឡើងជាបន្តបន្ទាប់ ដោយសារការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាល តែនៅទីបំផុត ប្រទេសស៊ីរីបានធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដ៏មហន្តរាយអស់រយៈពេលជាងជិត៨ឆ្នាំហើយ នៅមិនទាន់ចប់នៅឡើយ ។

ខណៈដែលប្រទេសស៊ីរីធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម សហរដ្ឋអាមេរិក មិនបានចូលរួមរងគ្រោះជាមួយប្រជាពលរដ្ឋស្លូតត្រង់របស់ប្រទេសស៊ីរីទេ គឺប្រជាពលរដ្ឋស៊ីរីខ្លួនឯងជាអ្នករងគ្រោះដោយផ្ទាល់ដោយសារសង្គ្រាមកាប់សម្លាប់គ្នាអស់រយៈពេលជិត៨ឆ្នាំកន្លងមកនេះ ។

រហូតដល់ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋស៊ីរីប្រមាណជាងកន្លះលាននាក់បានបាត់បង់ជីវិតរួចជាស្រេចទៅហើយ ហើយមនុស្សជាង១២លាននាក់ ក្នុងចំណោមប្រជាជនស៊ីរីសរុបជាង២០លាននាក់នៅមុនសង្គ្រាម បានរត់ភៀសខ្លួនចោលទឹកដីកំណើតរបស់ខ្លួន ។

នៅទីបំផុត មេដឹកនាំរបស់សហរដ្ឋអាមេរិក មិនត្រឹមតែមិនជួយដល់ប្រជាពលរដ្ឋស៊ីរីទេ គឺមេដឹកនាំរបស់សហរដ្ឋអាមេរិកបានប្រកាសផ្តាច់ជំនួយដល់ក្រុមឧទ្ទាមស៊ីរី និងប្រកាសដកកងម្លាំងយោធារបស់ខ្លួនចេញពីប្រទេស៊ីរីថែមទៀត ។

ចំណែកស្ថានភាពនយោបាយនៅប្រទេសវែណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះ ក៏មិនសូវខុសគ្នាប៉ុន្មានដែរពីប្រទេសស៊ីរី គឺប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រគណបក្សប្រឆាំងវែណេស៊ុយអេឡាដូចនៅប្រទេសស៊ីរីដែរ ។

ដោយមានការគាំទ្រពីមេដឹកនាំរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៨ ខែមករានេះ មេដឹកនាំដឹកនាំរបស់គណបក្សប្រឆាំងនៅប្រទេសវែណេស៊ុយអេឡា បានប្រកាសពីគម្រោងថ្មី ក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ខណៈដែលកងកម្លាំងយោធារបស់ប្រទេសនេះ ក៏កំពុងត្រៀមកម្លាំងដើម្បីបង្ក្រាបលើក្រុមបាតុករផងដែរ ។

គម្រោងថ្មីក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំប្រទេសរបស់គណបក្សប្រឆាំងនៅប្រទេសវែណេស៊ុយអេឡា គឺនឹងត្រូវបានធ្វើឡើងជាពីរដំណាក់កាល និងមានទ្រង់ទ្រាយខុសពីគ្នា គឺនៅថ្ងៃពុធ ទី៣០ ខែមករា និងនៅថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

លោក ជូនអាន ហ្គូអៃដូ (Juan Guaido) ប្រធានគណបក្សប្រឆាំង និងជាប្រធានរដ្ឋសភាបានប្រកាសថា ក្បួនបាតុកម្មលើកទី១នៅថ្ងៃពុធ ទី៣០ ខែមករា ក្រុមបាតុករមិនចេញដំណើរទៅណាទេ គឺគ្រាន់តែឈរតាមមុខផ្ទះដោយបញ្ចេញកំហឹងផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

ចំណែកថ្ងៃទី២ ខែកុម្ភៈ ក្រុមបាតុករនៅទូទាំប្រទេស នឹងដើរដង្ហែក្បួននៅតាមដងផ្លូវ ដោយមានការចួលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលលោក ជូនអាន ហ្គូអៃដូ រំពឹងថា នឹងមានកងកម្លាំងយោធាចូលរួមផងដែរ ។

ក្នុងពេលដំណាលគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសវែណេស៊ុយអេឡា លោក វ្ល៉ាឌីមៀរ ប៉ាទ្រីណូ (Vladimir Padrino) បានចេញសេចក្តីប្រកាសផងដែរ ក្នុងការចេញប្រតិបត្តិការបង្ក្រាបលើក្រុមបាតុករ ដែលស្ថានភាពនេះ គឺប្រហាក់ប្រហែលគ្នានឹងប្រទេសស៊ីរី កាលពីមុនពេលធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ៕លីលី

អត្ថបទដែលជាប់ទាក់ទង