សម្តេចតេជោ ហ៊ុន សែន៖ «កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់​ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត»

(ភ្នំពេញ)៖ អរុណសួស្តី បងប្អូនជនរួមជាតិ។ .. «មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរឲ្យជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់​ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត»។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកនូវស្ថានភាពពីអតីតកាលតាមរយៈរូបថតមួយសន្លឹក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា «នៅពេលនេះ​ យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អគារទាបខ្ពស់ តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប…កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនឲ្យកើតមានឡើងសារជាថ្មីទៀតឡើយ»។

«ខ្ញុំសប្បាយចិត្ត នឹងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង។

«នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល។​ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និង សំណាងល្អ!»៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង