​រថយន្តកាមរី កាត់ដំបូលមួយគ្រឿង បានបុកជាមួយម៉ូតូនៅផ្លូវទៅកោះខ្យង

ព្រះសីហនុ ៖ សេចក្តីរាយការណ៍ពីស្រុកព្រៃនប់បាន​ឲ្យដឹងថា  នៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៧​ វេលាម៉ោង២១និង​១៥នាទី មានគ្រោះថ្នាក់​ចរាចរណ៍មួយ​កើតឡើង នៅមុខសាលារៀន​ខ្មែរឥស្លាម ក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវទៅកាន់កោះខ្យង ដែលទើបនឹងចាក់បេតុងថ្មី។
នគរបាលនិយាយថា រថយន្តកាមរីស្វិតកាត់ដំបូលបុកជា​មួយ​ម៉ូតូហុងដា C125 បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសបាក់ជើងម្ខាង ហើយបានបញ្ជួនទៅព្យាបាលនៅមន្ទីពេទ្យចំការចេកខេត្តព្រះសីហនុ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ឃុំបឹងតាព្រហ្ម ដើម្បីដោះស្រាយបន្ត។    

សូមបញ្ជាក់ផងដែរ ផ្លូវនេះ បំបែកចេញពីផ្លូវជាតិលេខ៤ត្រង់ផ្សារអូរចំណារ ឃុំអូរឧកញ៉ាហេង ទៅកាន់កោះខ្យង ពីមុនគ្រាន់តែជាផ្លូវគ្រួសក្រហមចាស់ទ្រុធទ្រោមមួយប៉ុណ្ណោះ តែឥឡូវអាជ្ញាធរខេត្ត បានជួសជុលចាក់បេតុងថ្មីៗ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ នឹងងាយជួបគ្រោះថ្នាក់ចំពោះអ្នកបើកបរលឿន ខ្វះការប្រុងប្រយ័ត្នផងដែរ ។

អត្ថបទដែលជាប់ទាក់ទង