គម្រោងលូខ្នែងសម្រាប់ប្រមូលយកទឹកសំណល់នៅ ខេត្តសៀមរាប កំពុងសិក្សាដោយក្រុមហ៊ុន SUEZ

ភ្នំពេញ៖​ ឯកឧត្ដម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន សាធារណការ បានថ្លែងថាបច្ចុប្បន្នគម្រោងលូខ្នែងសម្រាប់ប្រមូលយកទឹកសំណល់នៅ ខេត្តសៀមរាប បាននឹងកំពុងសិក្សាដោយក្រុមហ៊ុន SUEZ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍ សម្រាប់ទ្វីបអាស៊ី (CDIA) ក្រោមគម្រោងវិនិយោគរបស់ធនាគារពិភពលោក ចំណែកនៅតាមបណ្ដាខេត្ត ផ្សេងៗទៀត នឹងត្រូវធ្វើឡើងបន្ទាប់ពីការសិក្សានៅខេត្តសៀមរាបបានចប់សព្វគ្រប់។

អគ្គនាយកនៃអគ្គនាយកដ្ឋាន សាធារណការ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីលក្ខខណ្ឌតភ្ជាប់បណ្ដាញលូសាធារណៈ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨​ដោយមានការ ចូលរួមពីតំណាងក្រសួង និងដៃគូពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើបញ្ហាបច្ចេកទេស ក្នុងការតភ្ជាប់បណ្ដាញលូសាធារណៈ ដោយតម្រូវឱ្យឆ្លងកាត់អាងស៊ិបទិច ឬគ្មានអាងស៊ិបទិច ក្នុងតំបន់ដែលមានប្រព័ន្ធលូ និងប្រព័ន្ធ ប្រព្រឹត្តកម្មត្រឹមត្រូវ ព្រមទាំងបានពិភាក្សាលើការរៀបចំកញ្ចប់ហិរញ្ញវត្ថុប្រកបដោយចិរភាព ក្នុងការ គ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ផងដែរ។

គម្រោងលូខ្នែងនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ទៅកាន់ បណ្ដាញលូសាធារណៈ ព្រមទាំងងាយស្រួលក្នុងការគ្រប់គ្រង ថែទាំ និងរក្សាបាននូវអនាម័យល្អ បរិស្ថាន ស្អាតសម្រាប់ប្រទេសជាតិ។

ឯកឧត្ដមអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារអភិវឌ្ឍន៍សម្រាប់ទ្វីបអាស៊ី និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដែលតែងតែគាំទ្រ និងសហការយ៉ាងសកម្មនូវរាល់សកម្មភាពពង្រីក ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកសំណល់ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញការអភិវឌ្ឍ វិស័យនេះឱ្យមានការរីកចម្រើនប្រកបដោយចិរភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង