សហព័ន្ធចិនទាជីវសឹង្ហបុរី (Teochew Federation of Singapore) ដែលជាសហព័ន្ធធំ មានឥទ្ធិពលជាងគេ មានទុនវិនិយោគច្រើនជាងគេចាប់អារម្មណ៍លើសក្តានុពលវិស័យឧស្សាហកម្ម និងវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ច និងការចូលរួមវេទិកា Industrial Transformation Asia-Pacific 2018 ពីថ្ងៃ១៦ ដល់១៨ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានដឹកនាំប្រតិភូកម្ពុជារួមមានវិស័យឯកជនផងដែរ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ Dato Chai Chor Meng ប្រធានសហព័ន្ធចិនទាជីវសឹង្ហបុរី ដែលជាសហព័ន្ធធំ មានឥទ្ធិពល និងទុនវិនិយោគដ៏ច្រើនជាងគេមួយនៃប្រទេសសឹង្ហបុរី ដោយមានសមាជិកក្រុមប្រឹក្សារបស់ខ្លួនចំនួន៦១រូប សុទ្ធតែជាវិនិយោគិន និងពាណិជ្ជករធំៗ មានក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងមានសមជិកជាចិនទាជីវជាង៣សែននាក់។ 

បន្ទាប់ពីបានស្តាប់នូវបទឧទ្ទេសនាមលើកឡើងដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងសឹង្ហបុរី ជាពិសេសកម្ពុជាជាប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យសឹង្ហបុរីមុនគេនៅឆ្នាំ១៩៦៥ រួមជាមួយនិងការអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលមានសម្តេចតេជោជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត វិស័យនានាមានការរីកច្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កំណើនផលិតផលក្នុងស្រុកមានអត្រា 7.7% ក្នុងរយៈពេលជាង២ទសវត្ស គួបផ្សំជាមួយអំណោយផលពីធម្មជាតិ ដែលទឹកដីកម្ពុជាកម្រ ឬមិនដែលកើតមាននូវគ្រោះមហន្តរាយធំៗដូចជារញ្ជួយដី ស៊ូណាមិ ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ឬទឹកជំនន់ធំៗជាដើម។ 

វិស័យឧស្សហកម្មបានចូលរួមក្នុងអត្រាកំណើន៣០ភាគរយ នៃផលិតផលសរុបក្នុងស្រុកនាឆ្នាំ២០១៧ ពោលគឺមុនកាលកំណត់ដល់ទៅ៨ឆ្នាំ ដែលមានចែងក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ដល់២០២៥។

ជាមួយនិងគោលនយោបាយបើកចំហ និងទីផ្សាសេរី នៅក្នុងសមាហរណកិច្ចសេដ្ឋកិច្ចអាស៊ាន កម្ពុជាដើរតួនាទីជាស្នូលដ៏សំខាន់មួយទាំងក្នុងទីតាំងភូមិសាស្ត្រ និងភាពជាអ្នកដឹកនាំ ដែលមានគោលនយោបាយគាំពារ និងលើកទឹកចិត្តយ៉ាងល្អប្រសើរដល់វិនិយោគិន លោកប្រធាន Chai Chor Meng រួមជាមួយអនុប្រធាន និងសហការីបានថ្លែងកោតសរសើរយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តារប្រទេសមួយនេះពីគំនរផេះផង់នៃភ្នក់ភ្លើងសង្គ្រាម មកជាប្រទេសមួយមានការរីកចម្រើនយ៉ាងលឿនក្នុងតំបន់។

លោកប្រធានសន្យានឹងដឹកនាំប្រតិភូវិនិយោគធំៗនៃសហព័ន្ធចិនទាជីវសឹង្ហបុរីមកសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ខាងមុខ ដោយផ្តោតជាសំខាន់លើវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ថ្នាំពណ៌ សំណង់ អចលនទ្រព្យ សុខាភិបាល ផ្សារទំនើប និងធនាគារជាដើម៕

អត្ថបទដែលជាប់ទាក់ទង