សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួម​ប្រជុំ​កំពូល នៅឥណ្ឌូណេស៊ី

(​ភ្នំពេញ​)៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨នេះ​ សម្តេច​អគ្គមហាសេនាបតីតេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបាន​ចូលរួម​កិច្ចប្រជុំ​កំពូល ប្រចាំឆ្នាំ​របស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ​២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាក​ចេញពី​ភ្នំពេញ ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៨​ ហើយបន្ទាប់មក នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ចាកចេញ​ពី​តូ​ក្យូ ទៅកាន់​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​វេទិកា​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund-IMF) និង​ធនាគារពិភពលោក (World Bank) ក្រោម​ប្រធានបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ​តាមរយៈ​សក​ម្ម​ភាព​សហប្រតិបត្តិកា​រ​តំបន់ និង​សកល​»​។​

​ជំនួប​កំពូល​នេះ ត្រូវបាន​ធ្វើឡើងនៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ ​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ ហើយ​ក្នុងនោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​ដ៏មាន​សារៈសំខាន់​ចំពោះ​អនាគត​ប្រទេស​យើងទាំងអស់គ្នា ជាពិសេស​សម្រាប់​សហគម​ន៍​អាស៊ាន​ទាំ​មូល​។

កាលពីយប់​ថ្ងៃទី១០ តុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​​ណា​​ចក្រ​​កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ លោក យ៉ូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោកជំទាវ ដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូន​ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល និងថ្នាក់ដឹកនាំអាស៊ាន, ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ, អគ្គលេខាធិការអាស៊ាន, ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រធានធនាគារពិភពលោក ដែលបានអញ្ជើញចូលរួម​វេទិកានៃជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ IMF និង World Bank ឆ្នាំ២០១៨ នៅកោះបាលី​ នាពេលនេះ​៕ (ផាន់ អាណា​)​

អត្ថបទដែលជាប់ទាក់ទង