Update៖ កម្លាំងស្នាក់ការសន្តិសុខ៥០០ នៅខេត្តកំពង់ឆ្នាំង កំពុងលាន់មាត់ពីពលរដ្ឋថា ស្ទាក់ឃាត់អាជីវកររកស៊ីមាន់ ទា ជ្រូក គោ ដើម្បីកោសរូស

(កំពង់ឆ្នាំង)៖ សេចក្តីរាយការញឹកញាប់អំពីសកម្មភាពកម្លាំងកងរាជអាវុធហត្ថដែលឈរជើងនៅស្នាក់ការ៥០១ ស្ថិតនៅផ្សារត្រាច ក្នុងខេត្តកំពង់ឆ្នាំង ជាប់និងបណ្តោយផ្លូវជាតិលេខ៥ បានធ្វើសកម្មភាពស្ទាក់រថយន្តក្រុមអាជីវករដឹកមាន់ ទា ជ្រូក គោ (សត្វរស់) តាមផ្លូវ ដោយសួរនាំរកច្បាប់ទម្លាប់ និងទាប្រាក់ប្រចាំខែ ទាច្រើនមានរាប់សិបម៉ឺនទៅរាប់លានរៀល ធ្វើអោយពួកគាត់អត់ទ្រាំពុំបាន ។

សេចក្តីរាយការបានបន្តអោយដឹងទៀតថា ពួកគាត់មិនហ៊ានចេញមុខនោះទេ ព្រោះផ្លូវនេះជាឆ្នាំងបាយរបស់គាត់ បើគាត់ហ៊ានចេញមុខខ្លាចរកស៊ីមិនបានទៀត ព្រោះកម្លាំងទាំងនោះគេជាសមត្ថកិច្ចនិងមានអំណាចលើសជំនាញទៅទៀត អាចឹងបានត្រឹមខ្សឹបខ្សៀវប៉ុណ្ណឹង។

ទាក់ទងនិងករណីនេះលោក ស្រ៊ុន បូរ៉ា ប្រធានស្នាក់ការសន្តិសុខ៥០០ បានអោយដឹងតាមទូស័ព្ទថា «លោកកំពុងជាប់រវល់មើលជាងធ្វើស្នាក់ការ ហើយមិនទាន់ឆ្លើយតបនិងសំនួរខាងលើនៅឡើយ»។

ក្នុងនោះដែរក្រុមអ្នករកស៊ីដឹកជ្រូក មាន់ ទា គោ កើតជាចម្ងល់ថា មើលទៅដូចជាកុងត្រូលជជុះ បើករថយន្តដេញឆ្វេចឆ្វាចលើដងផ្លូវ ហេតុអ្វីខាងកម្លាំងកងរាជអាវុធហត្ថ បែជាមកធ្វើកិច្ចការលើជំនាញរបស់ ពេទ្យសត្វ កាំកុងត្រូល និងគយទៅវិញ។ ពួកគាត់សូមអោយថ្នាក់នាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះស្រាវជ្រាវសកម្មភាពក្រុមកម្លាំងស្នាក់ការ៥០០ដើម្បីដឹងការពិត ព្រោះមួយរយៈដែលមេបញ្ជាការខេត្តមកកាន់ថ្មីក៏កើតសកម្មភាពបែបនេះ ហើយមេស្នាក់នេះទៀតសោតជាក្មួយរបស់ប្រពន្ធមេបញ្ជាការខេត្ត។

សូមរំលឹកថា កន្លងទៅសម្តេចក្រឡាហោម ស ខេង បានចេញបញ្ជាអោយលុបបំបាត់កុងត្រូលជជុះទូទាំងប្រទេស ដែលមានបុគ្គលសមត្ថកិច្ចមួយចំនួនបានធ្វើលើសតួនាទី ហើយបង្កើតរឿងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្រោយមកសកម្មភាពនេះត្រូវបានលុបបំបាត់ ជាពិសេសទីតាំងដែលធ្លាប់មានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចឈរជើងដេញឆ្វេចឆ្វាចបង្កើតរឿងមិនប្រកតីក៏បានស្ងាត់បាត់ទៅ តែមួយរយៈនេះបែជាចេញមកធ្វើសកម្មភាពដោយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០០ទៅវិញ៕ (SN-សុភា)

អត្ថបទដែលជាប់ទាក់ទង