លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ប្រកាសនៅរសៀលថ្ងៃនេះ

(ភ្នំពេញ)៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃី១៩-២០ ខែសីហា ឆ្នាំ២០១៨ នឹងត្រូវប្រកាសនៅរសៀលថ្ងៃនេះ សម្រាប់មណ្ឌលក្រឡងក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ចំណែកមណ្ឌលប្រឡងនៅតាមបណ្ដាខេត្តផ្សេងទៀត នឹងផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកាសលទ្ធផលនេះ នឹងធ្វើឡើងតាមរយៈបិទផ្សាយជាក្រដាសនៅតាមមណ្ឌលប្រឡាងនីមួយៗ និងនៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា MoEYS Cambodia facebook.com/moeys.gov.kh

​ទោះបីជា​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​បេក្ខជន​ប្រឡង​ជាប់​ប៉ុន្មាន​ភាគរយ ហើយ​បេក្ខជន​ជាប់​និរទ្ទេស A ប៉ុន្មាន​នាក់​ក៏ដោយ ក៏ប៉ុន្តែ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ច្រើនជាង​ឆ្នាំមុន​។ ឆ្នាំមុន ដែលមាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប និទ្ទេស A ចំនួន៤២៤នាក់​។​

​សូម​រម្លឹកថា ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ បាន​ធ្វើឡើង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ ដោយមាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ជាង ១១​ម៉ឺន​នាក់​។ កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ក្រសួង​អប់រំ បានចេញ​សេចក្តីប្រកាស​បូកសរុប​ដំណើរការ​ប្រឡង​បាក់​ឌុប រយៈពេល២​ថ្ងៃ ដោយ​ប្រកាសថា មាន​បេក្ខជន​អវត្តមាន សរុប​ចំនួន១៨៩៩នាក់ ត្រូវជា១,៦៥ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប១១៧.០៦១នាក់​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ដំណើរការ​សំណេរ​ទាំងពីរ​ថ្ងៃនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ដោយ​គណៈមេប្រយោគ​គ្រប់លំដាប់​ថ្នាក់ មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច ទោះបី​នៅតាម​បណ្តា​ខេត្ត​មួយចំនួនមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។​

​ទន្ទឹមនឹងនេះ ក្រសួង​អប់រំ ប្រកាសថា គ្រប់ភាគី​ពាក់ព័ន្ធ​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​។ រីឯ​បេក្ខជន បាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។​

​យ៉ាងណាក៏ដោយ ក្រសួង​អប់រំ បានប្រកាសថា ការប្រឡង២​ថ្ងៃនេះ បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង មាន​ចំនួន៧​ករណី ក្នុងនោះ ករណី​ដកហូត​ទូរស័ព្ទមាន៥​ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​មាន២​ករណី​។ រីឯ​គណៈមេប្រយោគ ប្រព្រឹត្ត​កំហុសឆ្គង ដោយ​ទុក​ជាប់​ខ្លួន និង​ប្រើប្រាស់​ទូរ​ស័​ព្ត​ដៃ នៅក្នុង​មណ្ឌល​សំណេរចំនួន៥​ករណី​។ ដោយឡែក បេក្ខជន មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មាន​ចំនួន៦៤​ករណី ហើយ​បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម បេក្ខជន​អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែងតែ៥​ករណី ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រ​ឡង់​មក​បន្ត​ការប្រឡង​បានទេ​។​

​សូម​រម្លឹក​បន្ថែមថា លទ្ធផល​ប្រឡង​បាក់​ឌុប កាលពី​ឆ្នាំ​២០១៧ មាន​សិស្ស​ប្រឡង​ជាប់​ចំនួន៦៣៦៦៨នាក់ ត្រូវជា៦៣,៨៤ភាគរយ ក្នុងចំណោម​បេក្ខជន​សរុប​ជិត ១០ ម៉ឺន​នាក់​។ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន៤២៤នាក់ និទ្ទេស B មាន​ចំនួន២៤៦៤​នាក់ និទ្ទេស C មាន​ចំនួន៥០០០​នាក់ និទ្ទេស D មាន​ចំនួន៩១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន៤៦៦៥៧នាក់​។​

​ដំណើរការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប លើក​ទី​១ បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០១៤ ក្រោយពេល​លោក ហង់​ជួន ណា​រ៉ុ​ន ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ ចាប់ពី​ឆ្នាំ​២០១៣​។ នៅ​ឆ្នាំ​២០១៤ មាន​បេក្ខជន​ជាប់​បាក់​ឌុប ទូទាំងប្រទេស ក្នុងការ​ប្រឡង​ទាំង​ពីរលើក មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន១១នាក់​។

​ជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០១៥ បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​កើនឡើង ហើយ​សិស្ស​ឆ្នើម​ជាប់​និទ្ទេស A ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់៤២៤នាក់ នៅ​ឆ្នាំ​២០១៧​។​

​ក្នុងពេល​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន នៅក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ចាប់ពី​ឆ្នាំ​២០១៣ លោក​រដ្ឋមន្ត្រី បានធ្វើ​កំណែទម្រង់​ចេញ​ជា​រូបរាង ហើយ​ត្រូវបាន​សាធារណជន​ទូទាំង​ទទួលស្គាល់ និង​ទះដៃ​អបអរសាទរ​គ្រប់គ្នា លើ​កំណែទម្រង់​នៃ​ការប្រឡង​បាក់​ឌុប ឬ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​។​

​ក្រោម​ពាក្យស្លោក “​អ្នកចេះ គឺជា​ប់​” ក្រសួង​អប់រំ ក្រោម​អាណត្តិ​របស់លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រៀបចំ​ការប្រឡង​បាក់​ឌុប ដោយ​រឹតបន្តឹង​វិន័យ លុបបំបាត់​ការ​សូកប៉ាន់ ការលួចចម្លង ដែល​តែងតែ​កើតមាន​នៅពេល​ប្រឡង​បាក់​ឌុប មុន​ឆ្នាំ​២០១៤​។ បេក្ខជន​ប្រឡង មិន​អនុញ្ញាត​ឲ្យ​យក​ប្រ៊ី​យ៉ុង ទូរស័ព្ទ និង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ ចូល​បន្ទប់​ប្រឡង​ឡើយ​។​

​ការ​រឹតបន្តឹង​ក្នុងការ​ប្រឡង​បាក់​ឌុប​នេះ បានធ្វើ​ឲ្យ​បេក្ខជន​ប្រឡង ប្រឹងប្រែង​រៀនសូត្រ ពោលគឺ​ប្រឡង​ជាប់​ដោយ​សមត្ថភាព ហើយ​ចំនួន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​សិស្ស​ឆ្នើម​ជាប់​និទ្ទេស A ក៏បាន​កើនឡើង​ផងដែរ​។

​នៅ​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន១១នាក់​។ ឆ្នាំ​២០១៥ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន១០៨នាក់​។ ឆ្នាំ​២០១៦ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន៤០៥នាក់​ និង​នៅ​ឆ្នាំ​២០១៧ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន៤២៤​នាក់​៕ (SN-​ពិសិដ្ឋ​)​

អត្ថបទដែលជាប់ទាក់ទង