ល្បីថាតារាចម្រៀង អ៊ីណូ ​ប្រឡូក​ក្នុង​ជំនួញ​ពុះដីឡូ​តិ៍លក់?

(ភ្នំពេញ)៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមចែកចាយហ្វេសប៊ុក ដោយទទួលដំណឹងថា តារាចម្រៀងល្បីឈ្មោះ លោក ព្រាបសុវត្តិ ក្លាយទៅជាអ្នកវិនិយោគដីឡូ​តិ៍មក ឥឡូវនេះមានដំណឹងស្ងាត់ៗមួយបានលេច​ចេញ​មក​ថាមាន​តារា​ចម្រៀង​ម្នាក់​ទៀតហើយ ដែលមានគំនិតផ្នែកវិនិយោគិនដូចគ្នានោះ គឺ​លោក អ៊ីណូ ​បាន​ហក់​ចូល​ប្រឡូក​ក្នុង​ជំនួញ​ពុះដីឡូ​តិ៍​លក់​ ខណៈពលរដ្ឋភាគច្រើនកំពុង​ពេញ​និយមផ្នែកនេះ​។

តម្រុយ​នេះបាន​លេច​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​នា​មួយ​រយៈ​ថ្មី​ៗ ក្រោយ​ពេល​គេ​ឃើញ តារា​ចម្រៀង​សាន់ដេ បាន​បង្ហោះ​ព័ត៌មាន​ពី​ការ​លក់ដីឡូ​តិ៍​បន្ត​បន្ទាប់ ដែល​គេ​កម្រ​ឃើញ​ពី​មុន​មក។ ជាមួយ​គ្នា អ្នកគាំទ្រ​លោក​ជា​ច្រើន បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង។ សកម្មភាព​នោះ បាន​នាំ​ឲ្យ​មាន​ការ​ចោទ​​ជា​សំណួរ​ថា តើ​ម្ចាស់​បទ ស្រលាញ់ស្រីសក់ក្រញាញ់ដ៏ល្បីរូបនេះ គ្រាន់​ជា​អ្នក​លក់​ទទួល​ប្រាក់​កុំមីស្យុង​ពី​ថៅកែដីឡូ​តិ៍​ណា​មួយ ឬ​ក៏​លោក​វិនិយោគ​ផ្ទាល់ខ្លួន?។

ស្តាប់ទៅដូចជាប្លែក តែសម្រាប់ព័ត៌មានបន្ថែម​ពី​លើ​នេះ តាម​ប្រភព​មួយ​បាន​អះអាងពី​វត្តមាន​របស់ អ៊ីណូ ញឹក​ញាប់​នា​រយៈ​កាល​ចុង​ក្រោយ​នេះ ថាបាន ទៅ​កាន់​តំបន់​ភ្នំ​បាសិត ទីកន្លែង​ដែល​សកម្មភាព​ពុះដីឡូ​តិ៍​លក់ កំពុងតែ​ផុសផុល​ខ្លាំងនោះ។

វត្តមាន​នេះ ត្រូវ​បាន​ប្រភព​ពី​អ្នក​ស្រុក​ភ្នំ​បាសិត បច្ចុប្បន្ន​បម្រើ​ការ​នៅ​ភ្នំ​ពេញ​ម្នាក់ បង្ហើប​ថា តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ បាន​វិនិយោគ​ទិញ​ដីពុះឡូ​តិ៍លក់​ដោយ​ផ្ទាល់ខ្លួន មិន​មែន​ជា​ការ​ផ្សព្វផ្សាយ​លក់​បន្ត​ដើម្បី​ប្រាក់​កម្រៃ​ជើង​សារ​នោះ​ទេ។

តាមពិតតារាចម្រៀង លោក​ អ៊ីណូ កំពុងតែប្រឡូកជាលក្ខណៈស្ងាត់ៗហើយ ទៅលើវិស័យពុះដីឡូ​តិ៍មួយនេះ៕ (SN- រង្សី)

អត្ថបទដែលជាប់ទាក់ទង