ភារៈធារីស្ថានទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើបញ្ហារួមគ្នាពង្រឹងសន្តិសុខសុវត្ថិភាព និងការអភិវឌ្ឍ គ្រាក្រុមហ៊ុនវិនិយោគចិនចាប់អារម្មណ៍ខ្លាំង

(ព្រះសីហនុ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក ជា លី ភារៈធារីនៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តល្អនឹងមួយគ្នា ហើយបានកោតសរសើរអភិបាលខេត្តព្រះសីហនុថស បានដឹកនាំអភិវឌ្ឍខេត្តឲ្យមានការប្រែប្រួលរីកចម្រើនគួរឲ្យកត់សំគាល់ រហូតមានអគារខ្ពស់ៗ បាននឹងកំពុងរីកព្រោងព្រាតនៅក្នុងក្រុងព្រះសីហនុ។

លោក ជា លី បានបញ្ជាក់ថា ក្នុងនាមស្ថានទូតចិន និងប្រទេសចិន សូមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាជំរុញឲ្យមានការអភិវឌ្ឍថែមទៀត លើវិស័យពាណិជ្ជកម្ម និងសន្តិសុខផងដែរ។

លោកបានបញ្ជាក់ទៀតថា ប្រសិនបើមានជនជាតិចិនណាបានមកបង្កបញ្ហានៅខេត្តព្រះសីហុ សូមអាជ្ញាធរខេត្តព្រះសីហនុ ជួយផ្តល់ដំណឹងទៅស្ថានទូតផង ដើម្បីជួយសហការដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យសាធារណៈជនទូទៅអាចជឿទុកចិត្តបាន។

លោក ជា លី បានបន្ថែមថា តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ដែលមានស្រាប់ភាគីទាំងពីរ គឺជាមិត្តល្អជាមួយគ្នាជានិច្ច។

ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ស្វាគមន៍អ្នកវិនិយោគ និងទេសចរណ៍គ្រប់សញ្ជាតិ ដោយមិនប្រកាន់ជាតិសាសន៍ឡើយ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកបញ្ជាក់ថា សូមធានាចំពោះសន្តិសុខ សុវត្ថិភាពជូនទាំងពលរដ្ឋខ្មែរ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ព្រោះអាជ្ញាធរខេត្តព្រះសីហនុ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ ទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព។

គួររំលឹកថា កន្លងមក ឯកឧត្តមអភិបាលខេត្ត ក៏ធ្លាប់បានបញ្ជាក់ផងដែរថា លោកមិនអនុញ្ញាតឲ្យជនបរទេសអ្នកណាម្នាក់មកធ្វើស្តេចក្រាញ់នៅខេត្តព្រះសីហនុឡើយ ព្រោះប្រទេសកម្ពុជាមានច្បាប់  ដូច្នេះ ប្រដិនបើជនណាប្រព្រឹត្តខុសច្បាប់កម្ពុជា ត្រូវតែចាត់ការដោយយកច្បាប់ជាគោល។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា សព្វថ្ងៃនេះនៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគច្រើនដែរ តែក្រុមហ៊ុនច្រើនជាងគេ គឺមកពីប្រទេសចិនប្រមានពី៦០ទៅ៧០ភាគរយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះដែរ ក្រៅពីជំនួជាមួយភារៈធារីនៃទូតចិន អភិបាលខេត្តព្រះសីហនុ ក៏បានជួបពិភាក្សាជាមួយប្រតិភូសភាប្រជាជនក្រុងណាននីងនៃប្រទេសចិន នាសៀលថ្ងៃដដែលនេះ ដែលដឹកនាំដោយ លោក Liu Xoing អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៏នៃសភាប្រជាជនក្រុងណាននីង។

យោងតាម លោក Liu Xoing បានឲ្យដឹងថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីជម្រាបជូនដំណឹងអំពីដំណើរការនៃការសាង់សង់សួនច្បារមិត្តភាព ព្រះសីហនុ-ណាននីង នៅទីក្រុងណាននីងប្រទេសចិន និងការផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិត នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងបានគោរពអញ្ជើញអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងកម្មវិធីពិពរណ៍ចិន-អាស៊ាន (China-Asean Expo) និងពិពរណ៍សួនច្បារអន្តរជាតិ (Garden Expo) នៅទីក្រុងណាននីង នាខែកញ្ញា ឆ្នាំ២០១៨នេះ៕ (SN-ព្រះសីហនុ)

 

អត្ថបទដែលជាប់ទាក់ទង