នយោបាយនិយមបរទេស របស់ក្រុមប្រឆាំង ឆ្លុះបញ្ចាំងពីទង្វើក្បត់ជាតិយ៉ាងប្រាកដ

(ភ្នំពេញ)៖ ប្រជាជាតិខ្មែរក្នុងសតិសម្បជញ្ញៈស្រឡាញ់ស្មោះសចំពោះជាតិសាសន៍ សាសនា ព្រះមហាក្សត្រ ជាពិសេសជាមួយនឹងការរួមរស់ដោយសុខសាន្តតាមអារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួន ប្រាកដជាបានយល់ច្បាស់ថាដោយសារតែមេដឹកនាំខ្មែរ ធ្វើនយោបាយបម្រើឱ្យផលប្រយោជន៍ជាតិសាសន៍ដទៃ និងឱនក្បាលធ្វើតាមការចង់បានរបស់បរទេស ដើម្បីតែចង់បានអំណាច ទើបអ្វីៗទាំងអស់រួមទាំងឯករាជ្យអធិបតេយ្យជាតិផង ត្រូវបានរលត់រលាយគ្មានសល់។

សច្ចភាពប្រវត្តិសាស្ត្រនយោបាយកម្ពុជាបានបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន អំពីផលបច្ច័យកើតចេញពីល្បែងនយោបាយក្រោមនិគមបរទេស ឬបរទេសនិយម ជាមួយនឹងការបះបោរប្រឆាំងនឹងរបបរាជានិយមដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ក្រុមលោក សម សារី ព្រាប អ៊ិន និងក្រោយមកដឹកនាំដោយក្រុមលោក លន់ ណុល និងក្រុម ទ្រង់ស៊ីសុវត្ថិ សិរីមត: នាចុងទសវត្សរ៍ទី៦០ ដើមទសវត្សរ៍ទី៧០។ពេលហ្នឹង ដោយសារតែអ្នកនយោបាយខ្មែរងប់ងល់នឹងមនោគមន៍វិជ្ជា នយោបាយតាមបែបសហរដ្ឋអាមេរិកផង ភ្ជាប់នឹងមហិច្ឆតាចង់បានអំណាចដឹកនាំផង ទើបពួកគេដាក់ក្បាលក្រោមនិគមបរទេស ហើយអព្យាក្រឹតភាពរបស់កម្ពុជា ឯកភាពជាតិ និងសន្តិភាព ត្រូវបានបញ្ចប់ជាស្ថាពរ ការបែកបាក់ជាតិធ្ងន់ធ្ងរក៏ត្រូវបានចាប់ផ្តើម ជាមួយនឹងការចេញដំណើរព្រឹត្តិការណ៍នៃសង្គ្រាមក្នុងស្រុក រវាងក្រុមអ្នកនយោបាយអាយ៉ងបរទេស ដឹកនាំដោយក្រុម លន់ ណុល, ទ្រង់សិរីមត: និងអ្នករាជានិយម ដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ។

ជាមួយនឹងការផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ បានសម្រេច ក្រុមនយោបាយនិគមបរទេស ឬបរទេសនិយម ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក បានប្រើយុទ្ធសាស្ត្រនយោបាយចោទប្រកាន់របបរាជានិយមថាដឹកនាំប្រទេសមិនរីកចម្រើន កុម្មុយនីស្ត ផ្តាច់ការ បក្ខពួកនិយម ពុករលួយ មិនប្រជាធិបតេយ្យ …។ល។

ឆ្លងផុតអន្ធការខ្មៅងងឹតនៃអតីតកាល ពោលគឺក្រោយថ្ងៃសង្រោះជាតិកម្ពុជា ៧ មករា ១៩៩៧៩ ប្រជាជនកម្ពុជាមានភ័ព្វវាសនារស់ឡើងវិញនិងបានបន្តដំណើរការកសាងជីវភាពរស់នៅជាជំហានៗ រហូតមកដល់បច្ចុប្បន្ន ក្រោមដំបូលសន្តិភាពប្រកបដោយមោទកភាព ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោសែនជាប្រមុខ ប្រកបដោយមនសិការខ្ពស់ចំពោះជាតិ និងប្រជាជន។

ប៉ុន្តែទន្ទឹមហ្នឹងនេះដែរ ក៏នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ពូជក្បត់ជាតិដែលធ្វើនយោបាយតាមគន្លងចាស់របស់ក្រុមលោក សម សារី, ព្រាប អ៊ិនលន់ ណុល, ទ្រង់ សិរីមត: ដោយដាក់ក្បាលក្រោមនិគមបរទេសដែលជាចៅហ្វាយនាយចាស់ គឺសហរដ្ឋអាមេរិក ក៏នៅបន្តកើតមាន និងព្យាយាមចូលមកជៀតជ្រែកជាថ្មីម្តងទៀត ក្នុងនោះមានក្រុមទណ្ឌិត សម រង្ស៉ី, ក្រុមលោក កឹម សុខា។

ជាការពិតណាស់ ក្រុមនយោបាយនិគមបរទេស ឬបរទេសនិយមបច្ចុប្បន្ន បានប្រើវោហារស័ព្ទបំភ្លៃបែបចោទប្រកាន់ ដើម្បីបំភ័ន្តប្រជាពលរដ្ឋកម្ពុជាឱ្យខឹងសម្បា ឬស្អប់ខ្ពើមនឹងការដឹកនាំប្រទេសបច្ចុប្បន្ន ដោយភ្ជាប់ នឹងល្បិចយកអាមេរិកជាខ្នងបង្អែក ដោយមានការជ្រោមជ្រែងពេញទំហឹងពីអ្នកនយោបាយ, មេដឹកនាំNGOsមួយចំនួនរបស់អាមេរិក …។ល។

ពួកទុច្ចរិតខ្មែរដាក់ក្បាលក្រោមបាតជើងបរទេស បានសម្តែងនូវឆាកល្បែងនយោបាយរបស់ខ្លួនយ៉ាងល្អអស្ចារ្យ ដែលក្នុងនោះ៖

– ចោទប្រកាន់ថា ក្រាញអំណាច តែភ្លេចគិតថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បោះឆ្នោតគាំទ្រ,

– ចោទប្រាន់ថា កាត់ទឹកដីឱ្យយួន តែផ្ទៀងផ្ទាត់ផែនទីតម្កល់នៅអង្គការ សហប្រជាជាតិ មិនឃើញមានបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ,

– ចោទប្រកាន់ថា រឹបអូសដីធ្លីប្រជាពលរដ្ឋ តែភ្លេចគិតថា អ្នកទាំងនោះបានសាងសង់ និងឈូសឆាយលើដីរដ្ឋ,

– ចោទប្រកាន់ថា ប្រើហិង្សាលើបាតុករ, រំលោភសិទ្ធិមនុស្ស, គ្មានសេរីភាព …តែភ្លេចគិតថា សេរីភាពបាតុកម្មមិនមានធរមានបញ្ជានិងឱ្យអាជ្ញាធរសមត្ថកិច្ចធ្វើតាមនោះទេ,

– ចោទប្រកាន់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយតែភ្លេចគិតថា ទាំងការបោះឆ្នោត ទាំងការគ្រប់គ្រងរដ្ឋ និងរបបនយោបាយទៀតសោត បានអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ,

– អួតអាងខ្លួនថា អ្នកប្រជាធិបតេយ្យ តែខ្លួនឯង ហាមប្រាមសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋលើសន្លឹកឆ្នោត,

– អះអាងថា ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ តែរិះរកគ្រប់មធ្យោបាយដើម្បីរារាំងមិនឱ្យមានដំណើរការបោះឆ្នោត,

– ប្រាប់គេថា ស្រលាញ់ជាតិ ស្រលាញ់ប្រជាជន តែខ្លួនឯងធ្វើវិទ្ធង្សនាមិនឱ្យបរទេសដាក់វិនិយោគ, ទប់ស្កាត់ការទិញទំនិញ និងដាក់សម្ពាធមកកម្ពុជា,

– អួតខ្លួនថា គោរព ស្រលាញ់ និងដង្ហែរតាមអង្គព្រះមហាក្សត្រ តែទង្វើមាក់ងាយ និងប្រមាថព្រះចេស្តាព្រះអង្គយ៉ាងពេញទំហឹង តាមរយ:ការអំពាវនាវឱ្យប្រជានុរាស្ត្រទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស តែក្រុមទុច្ចរិត ប្រើយុទ្ធនាការម្រាមដៃស្អាត ឬដេកផ្ទះ ឈ្នះឯង។ មិនតែប៉ុណ្ណោះ កាន់តែធ្ងន់ធ្ងរថែមទៀត គឺពួកគេបានទាញទម្លាក់ព្រះកិត្តិយសព្រះអង្គ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរ ឱ្យមកធ្លាក់ស្មើនឹងពួកក្បត់ជាតិមិនមានសិទ្ធិធ្វើនយោបាយ និងបោះឆ្នោតតាមរយ:ព្រះអង្គអព្យាក្រឹត ដោយសម្រេចព្រះទ័យមិនយាងទៅបោះឆ្នោត ជាមួយគ្នានេះ ពួកគេប្រើសារឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមព្រះអង្គដែរ។
– …។ល។

ឆ្លងតាមកំណត់ត្រាប្រវត្តិសាស្ត្រនយោបាយកម្ពុជា និងបានមើលឃើញពីភាពជាក់ស្តែងនៃសកម្មភាពនយោបាយបច្ចុប្បន្ន ដឹកនាំដោយក្រុមទណ្ឌិតសម រង្ស៉ី, កឹម សុខា គឺប្រជាពលរដ្ឋខ្មែរបានកំណត់យ៉ាងច្បាស់ថា ថ្វីត្បិតវាខុសសម៏យកាលគ្នាក៏ពិតមែន តែចំណុចស្នូលនៃគោលនយោបាយរបស់របស់ពួកគេ នៅតែជាសារធាតុក្បត់ប្រជាជនខ្មែរ។ នេះដោយសារតែមហិច្ឆតាអំណាចហួសហេតុ ទើបពួកនេះមិនខ្លាចនឹងជាន់បំផ្លាញសេចក្តីសុខសាន្តរបស់សង្គម និងប្រជាជនយើងឡើយ រហូតយកក្បាលធ្វើជាទ្រនាប់បរទេសដើម្បីបានផ្តួលរំលំព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យកាលនៃរបបរាជានិយមទី២ នៃយើង៕ (ដោយ៖ កណ្តុរ ស)

 

អត្ថបទដែលជាប់ទាក់ទង