​Samsung ​បើករោងចក្រផលិតទូរស័ព្ទដ៏ធំបំផុតក្នុងពិភពលោកនៅ​ឥណ្ឌា

(ឥណ្ឌា)៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានបើករោងចក្រថ្មីមួយជាផ្លូវការនៅប្រទេសឥណ្ឌាដែលក្រុមបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនិយាយថានេះគឺជារោងចក្រផលិតទូរស័ព្ទចល័តធំបំផុតរបស់ពិភពលោកដែលជាផ្នែកមួយនៃផែនការរបស់ខ្លួនដើម្បីពង្រីកផលិតកម្មនៅក្នុងទីផ្សារទូរស័ព្ទចល័តដ៏ធំបំផុតដែលកំពុងរីកចម្រើនបំផុតរបស់ពិភពលោក។

រោងចក្រនេះបានសម្ពោធជាផ្លូវការកាលពីថ្ងៃចន្ទទី ០៩ខែកក្កដា ដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងជួយឲ្យក្រុមហ៊ុន Samsung ប្រកួតប្រជែងជាមួយគូប្រជែងដូចជា Xiaomi របស់ប្រទេសចិនដែលបានក្លាយជាស្លាកសញ្ញាស្មាតហ្វូនធំបំផុតរបស់ឥណ្ឌាសម្រាប់ការនាំចេញ​។

ក្រុមហ៊ុននេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថារោងចក្រនៅ Noida នាជាយក្រុងញូវដែលីនឹងជួយក្រុមហ៊ុន Samsung ឲ្យបង្កើនសមត្ថភាពផលិតទូរស័ព្ទបច្ចុប្បន្នរបស់ខ្លួនឲ្យបានទ្វេដងពោលគឺ ១២០ លានគ្រឿងក្នុងមួយឆ្នាំ ៗ បន្ទាប់ពីផែនការពង្រីកនេះត្រូវបានបញ្ចប់។

ប្រទេសឥណ្ឌាដែលជាទីផ្សារស្មាតហ្វូនធំបំផុតទី ២ លើពិភពលោកនិងមានអតិថិជន​ច្រើនជាង១ពាន់លាននាក់នោះគឺជាឱកាសដ៏ធំមួយសម្រាប់ក្រុមហ៊ុន Samsung ដែលកំណើនប្រាក់ចំណេញស្មាតហ្វូនដែលបានធ្លាក់ចុះបានបង្កឲ្យមានការព្រួយបារម្ភថាអាជីវកម្មទូរស័ព្ទចល័តរបស់ខ្លួនកំពុងបាត់បង់គំនិតដើម្បីគាំទ្រដល់ការលក់ឧបករណ៍ Galaxy របស់ខ្លួន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង