សមត្ថកិច្ចខេត្តកំពង់ធំ ត្រៀមទប់ស្កាត់កុំឲ្យមានការអុកឡុកក្នុងពេលធ្វើយុទ្ធនាការឃោសនា និងពេលបោះឆ្នោត

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានដាក់បទបញ្ជាឲ្យគ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តកំពង់ធំ ត្រូវខិតខំគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីបញ្ជៀសរាល់បាតុភាពផ្សេងៗ នៅក្នុងពេលគណបក្សនយោបាយធ្វើយុទ្ធនាការរកសំឡេងឆ្នោត និងនៅថ្ងៃបោះឆ្នោត និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តមបានចេញបញ្ជាបែបនេះ នៅក្នុងពិធីប្រជុំជាមួយសមត្ថកិច្ចក្នុងខេត្ត ដោយបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវក្តាប់ឲ្យបានរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែករកមុខសញ្ញាដើរធ្វើសកម្មភាពញុះញង់ បង្កចលាចលវឹកវរ នៅក្នុងសង្គម និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោត តាមរយៈការរារាំងមិនឲ្យប្រជាជនទៅបោះឆ្នោតជាដើម។

នៅក្នុងពេលប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់វិធានការឲ្យបង្កើនការកៀងគរប្រជាជនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងជួយណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកល្បិចកល របស់ក្រុមជ្រុលនិយមក្នុងគោលបំណងបំផ្លាញសន្តិភាពនៅកម្ពុជា។

ឯកឧត្តម សុខ លូ បានរំឭកថា នាវេលាម៉ោង៩ព្រឹក ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងក្រុង ស្រុក ត្រូវរៀបចំស្គរជ័យនៅតាមវត្តអារាម និងត្រៀមធ្វើពិធីទូងស្គរជ័យយ៉ាងឲ្យកងរំពង ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕ (SN-សុផាត)

អត្ថបទដែលជាប់ទាក់ទង