ប្រជាពលរដ្ឋឃុំព្រែកខ្សាច់ជិត​ ២.០០០ គ្រួ​សារផ្តើមមានក្តីសង្ឃឹមលើប្រព័ន្ធគមនា​គមន៍ ដែលកើតមានឡើងក្នុងតំបន់របស់គាត់នាពេលបច្ចុប្បន្ន

(កោះកុង)៖​ ប្រជាពលរដ្ឋឃុំព្រែកខ្សាច់ជិត​ ២.០០០ គ្រួ​សារផ្តើមមានក្តីសង្ឃឹមលើប្រព័ន្ធគមនា​គមន៍ ដែលកើតមានឡើងក្នុងតំបន់របស់គាត់នាពេលបច្ចុប្បន្ន ដោយប្រទេស​ជាតិមានសុខសន្តិភាពពេញលេញ​ ក្រោមការ​ដឹកនាំដ៏ត្រឹមត្រូវរបស់រាជដ្ឋាភិបាលកម្ពុជា​ មានសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ ខណៈពីដើមឡើយប្រជាជនក្នុងតំបន់នេះធ្វើចរាចរណ៍ភាគច្រើនដោយប្រើទូក។

ព្រែកខ្សាច់ជាតំបន់មួយនៅដាច់ស្រយាលពីក្រុងខេមរ​ភូមិន្ទ មានប្រជាជនរស់នៅប្រ​មាណ ២.០០០ គ្រួសារ បែងចែកជា៣ភូមិ ក្នុងឃុំព្រែកខ្សាច់ មានភូមិ​ព្រែកខ្សាច់ ភូមិយាយសែនសរកេត និងភូមិសំរ៉ុងកែវ ប្រជាពលរដ្ឋទាំងនោះរស់បែបប្រមូលផ្តុំ តាមមាត់សមុទ្រ ជីវភាពពួកគាត់រស់នៅបានដោយប្រកបរបរនេសាទ​ស្ទើរតែទាំងស្រុង។ក្រៅពីរបរមួយនេះ នៅមានការដាំដុះដំណាំផ្សេងៗ បន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ចំពោះរាល់ការទំនាក់ទំនងរវាងតំបន់មួយនេះទៅតំបន់ផ្សេងទៀតត្រូវបានគេកត់សម្គាល់ឃើញ មានភាពខុសប្លែកគ្នាឆ្ងាយ ដោយសារតែតំបន់មួយនេះ ជួបផលលំបាកស្ទើរគ្រប់វិស័យមិនអាចគណនាបានពិសេសបំផុតនោះគឺប្រព័ន្ធគមនាគមន៍ អាស្រ័យការធ្វើដំណើរពឹងផ្អែកលើមធ្យោបាយ ទូកកាណូត តូចៗ ក្នុងរយៈពេល ៤ទៅ៥ម៉ោង ទម្រាំដល់គោលដៅ ប្រឈមនឹងគ្រោះធម្មជាតិ ខ្យល់ រលក រាប់រយជំពូកនៅចំពោះមុខ។

ក្រោយពីទទួលបានសមិទ្ធផលថ្មីៗ ជាច្រើន ក្នុងមួយរ​យៈពេល៥ ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋក្នុងឃុំព្រែក​ខ្សាច់ មួយចំនួននៅតែទទូចចង់ឃើញសមិទ្ធផលថ្មីៗបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងមានខ្វះខាត ដូចជាមណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាត ជាដើម។ល។

លោកស្រី ហេង ដៀប វ័យ៤៥ឆ្នាំ​ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកខ្សាច់ និង លោក​ ង៉ែត ញ៉ាញ់ វ័យ៥១ឆ្នាំ អ្នកទាំងពីរបានលើកឡើងនូវលក្ខខណ្ឌតម្រូវការផ្សេងៗគ្នាផងដែរថា​ ដើម្បីឈានឆ្ពោះទៅ រកទីផ្សារការងារល្អៗ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែជួបការលំបាកអស់រយៈពេលជាច្រើនឆ្នាំកន្លងមក អាជ្ញាធរក្នុងមូលដ្ឋាន ឃុំព្រែកខ្សាច់ សហការជាមួយក្រុមហ៊ុនវិ​និយោគ ឯកជន បានរួមគ្នាបង្កើនការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការរស់នៅដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ការបង្កើតឲ្យមានប្រព័ន្ធគមនាគមន៍​ គឺជាកិច្ចការអាទិភាពយ៉ាងសំខាន់ ក្នុងការបង្កើតនូវការងារ​ និងមុខរបរថ្មីៗបន្ថែមទៀត ដើម្បីបង្កើនជីវភាពរស់នៅដល់ប្រជា​ពលរដ្ឋប្រកបដោយគុណភាព ក៏ដូចជាជួយបង្កើតទីផ្សារការងារមានប្រាក់ចំណូលខ្ពស់ដល់យុវជនគ្របៗរូប។

ដោយមើលឃើញនូវ ការលំបាករបស់ប្រជាពលរដ្ឋ លោក ស៊ិន សត្ថា តំណាងក្រុមហ៊ុន SEZ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានសហការជាមួយអាជ្ញាធរ តាមរយៈការស្ថាបនា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយមិនខ្លាចខាតបង់ថវិកានិងពេលវេលាឡើយ ថែមទាំងសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

ក្រៅពីប្រព័ន្ធផ្លូវ ស្ពាន នៅមានសមិទ្ធផលថ្មីៗជាច្រើនទៀតដែលកំពុងបានកសាងនិងអភិវឌ្ឍន៍ ទាំងនោះមានដូចជា ប្រព័ន្ធទឹកស្អាត អគ្គិសនីនិង មណ្ឌលសុខភាព ។

បច្ចប្បន្ននេះឃុំព្រែកខ្សាច់ទាំងមូល កំពុងបានបង្ហាញមុខមាត់ថ្មីជាបណ្តើរៗ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនឯកជន ។

លោក ស៊ិន សត្ថា បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យឧស្សាហកម្ម កំពុងទទួល បានការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យយុវជនកម្ពុជាមាន​ចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរក ការទទួលស្គាល់ស្របតាមស្តង់ដារនិងផ្តល់នូវប្រាក់កម្រៃខ្ពស់ ។

លោក ស៊ិន សត្ថា បានចាត់ទុកថា ការផ្តល់នូវប្រព័ន្ធផ្លូវគមនាគមន៍ គឺជាការឆ្លើយតបមួយយ៉ាងសំខាន់តាមសំណូមពរចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុ​សិស្ស និងមាតាបិតាសិស្សដែលចង់បាន ដោយសារតែសិស្សានុសិស្សមានកំណើនកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះជាមានសាលារៀនហើយក៏ដោយនោះ ប៉ុន្តែបើគ្មានប្រព័ន្ធផ្លូវការសិក្សារបស់សិស្សក៏មិនឈានទៅបានវែងឆ្ងាយឡើយ។

លោក រាម រ៉ុម មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ បានប្តេជ្ញាថានឹងរកទីតាំងណាមួយអំណោយផលដើម្បីបង្កើតមណ្ឌលសុខភាព សម្រាប់បម្រើរាល់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាឈឺស្កាត់ផ្សេងៗ ខណៈបច្ចុប្បន្ននៅមិនទាន់មានគ្រប់លក្ខណៈនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង