ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស ផ្សព្វផ្សាយគោលនយោបាយដល់បុគ្គលិក និងកម្មករ-កម្មការិនី៤៩នាក់ នៅរោងចក្រ Sigil (Cambodia) Garment Manufacturing Co., Ltd.

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃ ការអនុវត្តរបបសន្តិសុខសង្គមដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី សុបចំនួន៤៩នាក់ នៅក្នុងរោងចក្រ Sigil (Cambodia) Garment Manufacturing Co., Ltd. ដែលមានទីតាំងស្ថិតនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនីទាំងអស់ឱ្យបានយល់ដឹងកាន់តែច្បាស់ស្តីពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងសន្តិសុខសង្គម របស់បេឡាជាតិរបបសន្តិសុខសង្គម មានដូចជា៖

១. ការធានារ៉ាប់រងផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ)

២. ការធានារ៉ាប់រងផ្នែកថែទាំសុខសភាព

៣. ប្រាក់សោធននិវត្ត នៅពេលកម្មករនយោជិតបម្រើការងារ គ្រប់អតីតភាពការងារ ដែលរបបនេះនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០១៩។

ឯកឧត្តម ម៉េង ហុង បានណែនាំអំពីនីតិវិធីក្នុងការទទួលប្រើប្រាស់សេវារបស់បេឡាជាតិរបបសន្តិសុខសង្គម នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូនៅទូទាំងប្រទេស សរុបប្រមាណជាង១៣១៧មូលដ្ឋាន។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានពន្យល់បន្ថែមដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

១. ទៅទទួលសេវាពិនិត្យសុខភាពមុន និងក្រោយពេលសម្រាល នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ

២. ទៅសម្រាលកូននៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស ដោយឥតគិតថ្លៃ

៣. បន្ទាប់ពីសម្រាល និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល៖

– សម្រាលបានកូនមួយ ទទួលបានប្រាក់៤សែនរៀល

– សម្រាលបានកូនពីរ ទទួលបានប្រាក់៨សែនរៀល

– សម្រាលបានកូនបី ទទួលបានប្រាក់១លាន២សែនរៀល ព្រមទាំងទទួលបានប្រាក់៥លានរៀលបន្ថែមទៀត ពីសម្តេចសម្តេចតេជោទៀតផង។

៤. ទទួលបានប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ ៧០ភាគរយ ពីប.ស.ស រយៈពេល៩០ថ្ងៃ បន្ទាប់ពីសម្រាល៕ (ប.ស.ស)

អត្ថបទដែលជាប់ទាក់ទង