ក្រសួងបរិស្ថានបដិសេធថា «ស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញពុំទទួលរងនូវការបំពុលលើសពីកម្រិតសុវត្ថិភាព សុខភាពឡើយ»

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានធ្វើការបដិសេធចំពោះព័ត៌មានដែលបានផ្សាយថា ស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញបាននឹងកំពុងទទួលរងនូវការបំពុលលើសពីកម្រិតសុវត្ថិភាព សុខភាព ដែល​បង្កឲ្យមានក្តីព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈគឺជារឿងពុំពិតនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានលេខៈ៤១៣ ស.ជ.ណ ប.ស្ថ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា ក្រ​សួង​បរិស្ថាន សូមធ្វើការបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា «ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ក្រសួងបានធ្វើការអង្កេតតាមដានគុណភាពខ្យល់នៅតាមបណ្តាទីក្រុងធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពខ្យល់សំដៅធានាដល់សុខភាពសាធារណៈ»

នៅឆ្នាំ២០១៧ កន្លងមកនេះ ក្រសួងបរិស្ថាន បានបំពាក់បន្ថែមនូវឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់លើភាគល្អិតនិចល PM10 និង PM2.5 ដែលជាប្រភេទភាគល្អិតបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងនៅក្នុងរាជធានីភ្នំពេញបានបង្ហាញ​ថា រាល់ប៉ារ៉ាម៉ែត្រទាំងអស់សុទ្ធតែស្ថិតនៅក្រោមកម្រិតកំណត់ស្តង់ដារនៅឡើយ ពោលគឺមិនទាន់មាន​ការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចព័ត៌មានដែលបានផ្សព្វផ្សាយនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើដំ​ណើរ និងប្រកបមុខរបរនៅតាមទីសាធារណៈ។

ក្រសួងបរិស្ថាននឹងបន្តតាមដានស្ថានភាពគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងនៅក្នុងរាជធានីភ្នំពេញឱ្យបានជាប់ជាប្រចាំ និងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង