​កូរ៉េខាងជើងត្រៀមខ្លួនរួចស្រេច​ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ​

(អាមេរិក)៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសកូរ៉េខាងជើងបានសន្យាចំពោះសហរដ្ឋអាមេរិកថា ខ្លួនត្រៀមខ្លួនរួចស្រេចហើយដើម្បីពិភាក្សាអំពីអនាគតនៃអាវុធនុយក្លេអ៊ែររបស់ខ្លួននៅពេលមេដឹកនាំនៃប្រទេសទាំង២ជួបគ្នា។

ប្រទេសកូរ៉េខាងជើងធ្លាប់បានប្រាប់ប្រទេសកូរ៉េខាងត្បូងរួចហើយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីលើកឡើងពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែនេះគឺជាពេលវេលាលើកដំបូងហើយដែលកូរ៉េខាងជើងបានផ្ដល់ការធានាអះអាងបែបនេះទៅដល់សហរដ្ឋអាមេរិកផ្ទាល់។

ប្រភពរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បាននិយាយថា ការត្រៀមរៀបចំនានាសម្រាប់ជំនួបកំពូលនៃមេដឹកនាំទាំង២រួមមានទាំងការពិភាក្សាគ្នាផ្ទាល់ដោយសម្ងាត់ថែមទៀតផង។

គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលមិនធ្លាប់មាននេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែឧសភាខាងមុខ ហើយប្រសិនបើកើតឡើងដូចការគ្រោងទុកមែនវានឹងក្លាយជាកិច្ចប្រជុំលើកដំបូងដែលប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង